សង្គមអន្តរជាតិ​
អន្តរជាតិ
បេក្ខជនចិនជាង១៣លាននាក់ ប្រឡងចូលសាកលវិទ្យាល័យឆ្នាំ២០២៤
08, Jun 2024 , 2:29 pm        
រូបភាព
បេក្ខជនចេញពីបន្ទប់ប្រឡង Gaokao នៅទីក្រុងណាននីង ខេត្តជាំងស៊ូ។ រូបភាព ៖ Xinhua
បេក្ខជនចេញពីបន្ទប់ប្រឡង Gaokao នៅទីក្រុងណាននីង ខេត្តជាំងស៊ូ។ រូបភាព ៖ Xinhua
ការប្រឡងចូលសកលវិទ្យាល័យថ្នាក់ជាតិចិនដែលគេស្គាល់ថា Gaokao មានរយៈពេលចាប់ពីថ្ងៃទី៧-៨ ខែមិថុនា ដោយមានអ្នកចុះឈ្មោះប្រឡងចំនួន ១៣,៤២លាននាក់។ ចំនួននេះបានកើនឡើង ៥១០ពាន់នាក់ធៀបនឹងឆ្នាំមុន ដែលក្លាយជាការប្រឡង Gaokao ធំបំផុតមិនធ្លាប់មាន។ នេះបើយោងតាមតួលេខដែលចេញផ្សាយដោយក្រសួងអប់រំចិន។

 
អាជ្ញាធរមូលដ្ឋានចិន បានពង្រឹងសេវាកម្មគាំទ្រ ដោយផ្តល់ជំនួយដល់បេក្ខជននូវមធ្យោបាយធ្វើដំណើរ កន្លែងស្នាក់នៅ ការថែទាំសុខភាព និងការគ្រប់គ្រងសំលេងរំខានអំឡុងពេលប្រឡងថ្នាក់ជាតិដ៏ធំនេះ ។
 
សិស្សដែលមានពិការភាពជាង ១១ពាន់នាក់នៅទូទាំងប្រទេសត្រូវបានផ្តល់ជំនួយពិសេស ដើម្បីធានាបាននូវលទ្ធភាព និងការចូលរួមក្នុងការប្រឡង។  នេះគឺជាឆ្នាំទី១១ ជាប់ៗគ្នាចាប់តាំងពីឆ្នាំ ២០១៤ ដែលក្រសួងអប់រំបានផ្តល់ឯកសារអក្សរប្រៃយ៍ សម្រាប់បេក្ខជនពិការភ្នែកនៅក្នុងការប្រឡង Gaokao ដែលអាចឱ្យបេក្ខជនពិការភ្នែកប្រហែល ៨០នាក់អាចចូលរៀននៅសាកលវិទ្យាល័យនានា រួមទាំងសាកលវិទ្យាល័យ Shanghai Normal និងសាកលវិទ្យាល័យ Beijing Jiaotong ។
 
Gaokao ជាការប្រឡងរួមបញ្ចូលមុខវិជ្ជាប្រឡងចំនួន៤ ដែលមានរយៈពេល ៣ម៉ោងនីមួយៗក្នុងមុខវិជ្ជា។ ភាសាចិន ភាសាអង់គ្លេស គណិតវិទ្យា និងមុខវិជ្ជាវិទ្យាសាស្ត្រជ្រើសរើស (ជីវវិទ្យា គីមីវិទ្យា រូបវិទ្យា) ឬមុខវិជ្ជាសង្គមជ្រើសរើស (ភូមិវិទ្យា ប្រវត្តិសាស្ត្រ នយោបាយ)។ ប្រធានបទភាគច្រើនជាសំណួរពហុជម្រើស និងបំពេញចន្លោះ។ គណិតវិទ្យាមានកម្រិតប្រហាក់ប្រហែលប្រឡងចូលសាកលវិទ្យាល័យនៅអង់គ្លេស។ 
 
នៅចិន ការចូលរៀននៅសកលវិទ្យាល័យ ជាចម្បងអាស្រ័យលើលទ្ធផលពីការប្រឡងចូល Gaokao ។ ក្នុងឆ្នាំ ២០២៣ ក្នុងចំណោមបេក្ខជនចំនួន ១២,៩១លាននាក់ មានជាង ១០,៤២លាននាក់បានជាប់ចូលរៀននៅសាកលវិទ្យាល័យ និងសាលាវិជ្ជាជីវៈ ដែលស្មើនឹង ៨០,៧ភាគរយ។ នេះបើតាមសារព័ត៌មានចិន CGTN៕ 
 

Tag:
 ចិន
  សកលវិទ្យាល័យ
  Gaokao
© រក្សាសិទ្ធិដោយ thmeythmey.com