អន្តរជាតិ
កូរ៉េខាងជើង បង្ហោះប៉េតប៉ោងផ្ទុកសំរាមទៅកូរ៉េខាងត្បូងជាថ្មី
09, Jun 2024 , 11:39 am        
រូបភាព
ប៉េតប៉ោងរាប់សិបដែលបង្ហោះដោយកូរ៉េខាងជើង ត្រូវបានប្រទះឃើញជាថ្មីនៅក្នុងទីក្រុងសេអ៊ូល និងខេត្ត Gyeonggi នៅថ្ងៃទី៩ ខែមិថុនា។ អាជ្ញាធរកូរ៉េខាងត្បូង ក៏ប្រញាប់ស្វែងរកប៉េតប៉ោងទាំងនេះ ជាមួយការព្រមានទីក្រុងព្យុងយ៉ាងចំពោះទង្វើបង្ករឿងបែបនេះ។

 
បើតាមយោធាកូរ៉េខាងត្បូង កូរ៉េខាងជើងបានបញ្ជូនប៉េតប៉ោងដែលត្រូវសន្មត់ថាមានផ្ទុកដោយសំរាមទៅកាន់កូរ៉េខាងត្បូងនៅថ្ងៃទី៨​ ខែមិថុនា បន្ទាប់ពីបានបាញ់បង្ហោះប៉េតប៉ោងប្រមាណ១ពាន់រួចហើយឆ្លងកាត់ព្រំដែនចាប់តាំងពីសប្តាហ៍មុន។
 
តាមពិតទៅ ទីក្រុងព្យុងយ៉ាង បានប្រកាសផ្អាកបញ្ជូនប៉េតប៉ោងនេះម្ដងហើយ ក្រោយទីក្រុងសេអ៊ូលគំរាម។ ការបញ្ជូនប៉េតប៉ោងលើកនេះ ទំនងជាឆ្លើយតបនឹងសកម្មជនកូរ៉េខាងត្បូងដែលបាន​​បង្ហោះ​ប៉េតប៉ោង​ធំៗ​ដែលផ្ទុក​ក្រដាសការ​ឃោសនា​ប្រឆាំង​ក្រុង​ព្យុងយ៉ាង​ទៅ​ខាង​ជើង​នៅ​ចន្លោះ​ថ្ងៃ​ទី៦ និងទី៧ កន្លងទៅ។
 
នៅរដ្ឋធានីសេអ៊ូល អាជ្ញាធររកឃើញប៉េតប៉ោងចំនួន៣០ គិតត្រឹមម៉ោង៨ព្រឹក។ ចំណែកខេត្ត Gyeonggi និងទីក្រុង Incheon ដែលជាទីក្រុងកំពង់ផែភាគខាងលិចនៃទីក្រុងសេអ៊ូលក៏បានរាយការណ៍ពីវត្តមានប៉េតប៉ោងនៅកន្លែងផ្សេងៗ រួមទាំងនៅសមុទ្រលឿង និងតំបន់លំនៅដ្ឋានផ្សេងទៀតនៅភាគខាងត្បូងនៃព្រំដែនជាមួយកូរ៉េខាងជើង។
 
រហូត​មក​ដល់​ពេល​នេះ មិន​ទាន់​មាន​របាយការណ៍​ពី​មនុស្ស​រង​របួស ឬ​ខូច​ខាត​ទ្រព្យ​សម្បត្តិ​នៅ​ឡើយ​ទេ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Yonhap ។ អាជ្ញាធរកូរ៉េខាងត្បូង ​បាន​ណែនាំ​ពលរដ្ឋ​កុំ​ឱ្យ​ប៉ះ​វត្ថុ​ទាំងនោះ ហើយ​រាយការណ៍​ទៅ​អាជ្ញាធរ​យោធា ឬ​ប៉ូលិស​ដែល​នៅ​ក្បែរ​នោះ។
 
រដ្ឋាភិបាលកូរ៉េខាងត្បូង ក៏ធ្វើប្រតិបត្តិការក្រុមឆ្លើយតបបន្ទាន់ ដើម្បីធានាសុវត្ថិភាពសាធារណៈ និងពិគ្រោះយោបល់ជាមួយយោធាដើម្បីឈានដល់វិធានការជាមូលដ្ឋានប្រឆាំងនឹងយុទ្ធនាការប៉េតប៉ោងម្តងហើយម្តងទៀតរបស់ទីក្រុងព្យុងយ៉ាង។
 
ជាមួយគ្នានេះ ក្រសួងការពារជាតិកូរ៉េខាងត្បូង​បានចេញ​បញ្ជា​បន្ទាន់​មួយ​ឱ្យ​កងទ័ព​ទាំងអស់​នៅ​ក្នុង​ប្រុងជើងការដែរ៕

Tag:
 កូរ៉េខាងត្បូង
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com