អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប្រជាជនអាមេនីតវ៉ាដកតំណែងនាយករដ្ឋមន្ត្រី ក្រោយកាត់ដីឱ្យអាស៊ែបៃហ្សង់
10, Jun 2024 , 5:59 pm        
រូបភាព
លោក Bagrat Galstanyan (កណ្តាល) និង​ក្រុម​បាតុករ​មួយ​ក្រុម​នៅ​ក្នុង​រដ្ឋធានីយ៉េរ៉េវ៉ាន់ ប្រទេស​អាមេនី កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ឧសភា។ រូបភាព ៖ AFP
លោក Bagrat Galstanyan (កណ្តាល) និង​ក្រុម​បាតុករ​មួយ​ក្រុម​នៅ​ក្នុង​រដ្ឋធានីយ៉េរ៉េវ៉ាន់ ប្រទេស​អាមេនី កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ឧសភា។ រូបភាព ៖ AFP
មនុស្សរាប់ពាន់នាក់បានតវ៉ានៅក្នុងរដ្ឋធានីយ៉េរ៉េវ៉ាន់ ដោយទាមទារឱ្យមានការដាក់ទោស និងដកតំណែងនាយករដ្ឋមន្ត្រី ដើម្បីប្រឆាំងនឹងការប្រគល់ភូមិនៅជាប់ព្រំដែនចំនួន៤ ដែលអាមេនីគ្រប់គ្រងចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០ ទៅឱ្យអាស៊ែបៃហ្សង់។

 
មនុស្សរាប់ពាន់នាក់ដែលដឹកនាំដោយមេសាសនាកាតូលិក Bagrat Galstanyan បានប្រមូលផ្តុំគ្នានៅទីលានកណ្តាលនៃរដ្ឋធានីយ៉េរ៉េវ៉ាន់របស់អាមេនីកាលពីថ្ងៃទី៩ ខែមិថុនា។ លោក Galstanyan ជាអ្នកដឹកនាំព្រះវិហារក្នុងតំបន់ Tavush ដែលជាកន្លែងដែលភូមិជាប់ព្រំដែនចំនួន៤ ត្រូវបានប្រគល់មកវិញដោយអាមេនីទៅកាន់អាស៊ែបៃហ្សង់។
 
លោក Galstanyan បានរិះគន់នាយករដ្ឋមន្រ្តី Nikol Pashinyan ថាជាអ្នកសុំទានដែលបានស្វែងរកសន្តិភាពជាមួយប្រជាជនអាស៊ែបៃហ្សង់ ក្នុងភាពអាម៉ាស់ចំពោះប្រជាជនរបស់ប្រទេសខ្លួន។ លោក​បាន​អំពាវនាវ​ឲ្យ​សភា​បើក​សម័យ​ប្រជុំ​ពេញអង្គ​វិសាមញ្ញ​ក្នុង​សប្តាហ៍​នេះ ដើម្បី​ចោទ​ប្រកាន់នាយករដ្ឋមន្ត្រី។
 
លោក Galstanyan និយាយថា ៖« តាមការស្នើសុំរបស់ប្រជាជន សមាជិកសភាត្រូវតែបោះឆ្នោតដើម្បីបង្ខំឲ្យរដ្ឋាភិបាលចាស់លាលែង និងបង្កើតរដ្ឋាភិបាលថ្មី។ រដ្ឋាភិបាលបណ្តោះអាសន្ននឹងធ្វើការបោះឆ្នោតសភាមុនកាលកំណត់»។ នេះបើតាមសារព័ត៌មាន AFP។ 
 
ទីតាំងភូមិ Baghanis Ayrim, Ashagi Askipara, Kheyrimli និង Gizilhajili នៅតំបន់ព្រំដែននៃប្រទេសអាស៊ែបៃហ្សង់ និងអាមេនី។ ក្រាហ្វិក ៖ Top-center

កំហឹងតវ៉ារបស់ប្រជាជនអាមេនីបានផ្ទុះឡើងនៅក្នុងខែមេសា នៅពេលដែលរដ្ឋាភិបាលអាមេនី និងអាស៊ែបៃហ្សង់បានយល់ព្រមកំណត់ព្រំដែនប្រវែង ១២,៧គីឡូម៉ែត្រ។ អាមេនីបានយល់ព្រមប្រគល់ត្រឡប់ទៅអាស៊ែបៃហ្សង់វិញនូវភូមិចំនួន៤គឺ Baghanis Ayrum, Ashaghi Askipara, Kheyrimli និង Ghizilhajili ដែលពួកគេបានកាន់កាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០ ។
 
តំបន់​ដែល​បាន​ប្រគល់​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​យុទ្ធសាស្ត្រ​សំខាន់​សម្រាប់​​អាមេនី ព្រោះ​វា​បិទ​ផ្លូវ​ហាយវ៉េ​សំខាន់ៗ​ដែល​តភ្ជាប់​ទៅ​ហ្សកហ្ស៊ី។ អ្នកស្រុកអាមេនីដែលតាំងទីលំនៅក្បែរនោះ និយាយថា ចំណាត់ការរបស់រដ្ឋាភិបាលបានបំបែកពួកគេចេញពីប្រទេសផ្សេងទៀត ដោយចោទប្រកាន់នាយករដ្ឋមន្ត្រី Pashinyan ពីបទប្រគល់ទឹកដីនេះទៅឱ្យអ្នកជិតខាងរបស់ពួកគេ។
 
លោក Pashinyan បានការពារការសម្រេចចិត្តរបស់រដ្ឋាភិបាលដោយបញ្ជាក់ថា ការដោះស្រាយជម្លោះព្រំដែនជាមួយអាស៊ៃបៃហ្សង់ ជាមធ្យោបាយតែមួយគត់ដើម្បីធានាបាននូវអត្ថិភាពរបស់អាមេនីនៅក្នុងព្រំដែនស្របច្បាប់ និងទទួលស្គាល់ជាអន្តរជាតិ។ ទោះជាយ៉ាងណាក៏ដោយ ការពន្យល់នេះមិនត្រូវបានទទួលយកដោយជនជាតិអាមេនីជាច្រើននាក់នោះទេ។
 
លោក Galstanyan បានបោះបង់ភាពជាបុព្វជិតរបស់លោកបណ្តោះអាសន្ន ដើម្បីឈរឈ្មោះជានាយករដ្ឋមន្ត្រី។ ទោះជាយ៉ាងណាក៏ដោយ លោកមិនមានសិទ្ធិកាន់តំណែងនេះតាមច្បាប់អាមេនី ដោយសារតែលោកមានសញ្ជាតិពីរ៕ 

Tag:
 អាមេនី
  អាស៊ែបៃហ្សង់
© រក្សាសិទ្ធិដោយ thmeythmey.com