RFI
អន្តរជាតិ
ការសិក្សាបង្ហាញថា ២០២៣​ជាឆ្នាំដែលកើតមានជម្លោះប្រដាប់អាវុធច្រើនបំផុត គិតចាប់ពីសង្រ្គាមលោកលើកទី២
13, Jun 2024 , 8:29 am        
រូបភាព
ទាហានអ៊ុយក្រែន​នៅតំបន់ដូនែតស្ក កាលពីខែ​មីនាឆ្នាំ ២០២៣។ AP
ទាហានអ៊ុយក្រែន​នៅតំបន់ដូនែតស្ក កាលពីខែ​មីនាឆ្នាំ ២០២៣។ AP
ដោយ៖ឈាង បុប្ផា/RFI ខេមរភាសា
 
នៅ​ឆ្នាំ ២០២៣ ភពផែនដីស្គាល់កំណើនសង្រ្គាម ជម្លោះប្រដាប់អាវុធ​ដ៏ច្រើនបំផុតមិនធ្លាប់មាន គិតចាប់តាំងពី​ចប់សង្រ្គាមលោកលើកទី២។ នេះបើតាម​ការសិក្សា​ ចេញផ្សាយដោយ ​វិទ្យាស្ថានស្រាវជ្រាវស្តីពីសន្តិភាពនៅទីក្រុង​អូស្លូ កាលពីថ្ងៃចន្ទទី ១០​មិថុនា។ សង្រ្គាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន និង​សង្រ្គាម​ហ្កាហ្សា​ចូលរួមមួយចំណែកធំ ធ្វើឲ្យចំនួនមនុស្ស​ស្លាប់ដោយសារ​ជម្លោះប្រដាប់អាវុធ មាន​ប្រមាណ ​១សែន២ម៉ឺននាក់ នៅ​ឆ្នាំ ២០២៣។

  
សង្រ្គាមលោកលើកទី២បានបិទបញ្ចប់អស់រយៈពេល​៨០ឆ្នាំទៅមែន ប៉ុន្តែ ពិភពលោកមិនដែលបាន​ស្ងប់សុខ។ ផ្ទុយទៅវិញ សង្រ្គាម ជម្លោះប្រដាប់អាវុធ​បាន​កើតមានជាហូរហែ និងមានចំនួនកើនឡើងកាន់តែច្រើន ជាពិសេស​កាលពីឆ្នាំទៅម៉ិញ ឆ្នាំ ២០២៣។ បើតាមការសិក្សារបស់​វិទ្យាស្ថានស្រាវជ្រាវសន្តិភាព​អូស្លូ នៅ​ប្រទេស​ន័រវែស​ ​គិតចាប់តាំង​ពី​ចប់​សង្រ្គាមលោកលើកទី២ ឆ្នាំ​២០២៣ ជា​ឆ្នាំ​ដែលកើតមាន​ជម្លោះប្រដាប់អាវុធ​ច្រើនជាងគេ​បំផុត នៅក្នុងចំនួន​៥៩នៅទូទាំងពិភពលោក។
 
សង្រ្គាមរវាងប្រទេសនិង​ប្រទេស សង្រ្គាមស៊ីវិល ជម្លោះប្រដាប់អាវុធកើតឡើង​នៅគ្រប់ទ្វីប ប៉ុន្តែ ទ្វីបអាហ្វ្រិកនៅតែនាំមុខ​គេ​ខាងមាន​ជម្លោះប្រដាប់អាវុធ​ ចំនួន ២៨ ពោលគឺកើនឡើង​ទ្វេដង បើប្រៀបធៀបនឹងកាលពី​១០ឆ្នាំមុន។ បន្ទាប់មកគឺអាស៊ី ចំនួន​១៧ ដើមបូព៌ា (១០) អឺរ៉ុប (៣) និងអាមេរិកខាងត្បូង (១)។ ជាការកត់សំគាល់ ចំនួន​ជម្លោះប្រដាប់អាវុធ​កើនឡើងមែន ប៉ុន្តែ ចំនួន​ប្រទេស​ដែលកើតមាន​ជម្លោះប្រដាប់អាវុធ​បានធ្លាក់ចុះពី ៣៩ មកនៅ​តែ​៣៤ប្រទេសប៉ុណ្ណោះ នៅ​ឆ្នាំ ២០២៣។ បើតាម​​ការពន្យល់​របស់​លោកស្រី Siri As Rustad សាស្ត្រាចារ្យស្រាវជ្រាវ​នៃវិទ្យាស្ថាន​ស្រាវជ្រាវសន្តិភាពក្រុង​អូស្លូ និងជាអ្នកដឹកនាំការសរសេរ​របាយការណ៍ខាងលើ នៅក្នុងប្រទេស​តែមួយ អាចមាន​ជម្លោះប្រដាប់អាវុធ​ជាច្រើនកន្លែង។

គេជឿថា ការពង្រីកខ្លួន​របស់​ក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម​នៅអាស៊ី អាហ្វ្រិក និង​ដើម​បូព៌ា ជា​ហេតុផល​មួយដែល​​ធ្វើ​ឲ្យចំនួន​​ជម្លោះប្រដាប់អាវុធកាន់តែឡើង​​។ នេះគេនៅមិនទាន់និយាយ​ពីក្រុមប្រដាប់អាវុធ​អ៊ីស្លាម​ជ្រុលនិយមផ្សេងទៀតដែលចូលខ្លួន​ពាក់ព័ន្ធក្នុងជម្លោះប្រដាប់អាវុធ។ បើតាមការវាយតម្លៃរបស់​លោកស្រី Rustad ការវិវត្តចុងក្រោយនេះ​កំពុង​បង្កការលំបាក ឧបសគ្គ​ដល់​ក្រុមផ្តល់ជំនួយ និងអង្គការ​សង្គមស៊ីវិល​ដែល​ចង់​ចូលខ្លួន​ដោះស្រាយ​ជម្លោះ ឬនាំយកជំនួយដើម្បី​កែលំអជីវភាពរស់នៅរបស់ប្រជាជន​នៅតាម​ប្រទេស​ដែលកំពុងមានជម្លោះប្រដាប់អាវុធ។
 
មួយវិញទៀត អំពើហិង្សា​នៅក្នុង​ពិភពលោក​បានកើនឡើង​ខ្ពស់​មិនធ្លាប់ គិតចាប់តាំង​ពី​ចប់សម័យ​សង្រ្គាមត្រជាក់​។ តួលេខ​ដែលបាន​មកពី​កម្មវិធី​ទិន្នន័យស្តីពីជម្លោះ របស់​សកលវិទ្យាល័យUppsala ​នៅបាន​បង្ហាញថា ជម្លោះប្រដាប់អាវុធ កាន់តែស្មុគស្មាញ និង​ធ្វើឲ្យចំនួនមនុស្សស្លាប់​ហក់កើនឡើងខ្ពស់វិញ ជាពិសេស​ដោយសារ​សង្រ្គាម​នៅអេត្យូពី សង្រ្គាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន ហើយនិង​សង្រ្គាមហ្កាហ្សា។
 
ជារួម ការសិក្សា​របស់​វិទ្យាស្ថានស្រាវជ្រាវសន្តិភាពក្រុង​អូស្លូ​ផ្តល់​ការវិភាគលើ​ស្ថានភាពជម្លោះប្រដាប់អាវុធជាទូទៅ​នៅក្នុង​ពិភពលោក​ពី​ឆ្នាំ ១៩៤៦​ដល់​ឆ្នាំ​២០២៣។ គោលបំណង​គឺ​ ​ជួយ​អ្នកសម្រេចចិត្ត​នយោបាយឲ្យយល់​ច្បាស់ជាងមុន​ពី​បរិបទ ស្ថានការណ៍​ដែល​ពួកគេត្រូវជួបប្រទះនៅក្នុង​បេសកកម្ម​ការងាររបស់ពួកគេ៕

© រក្សាសិទ្ធិដោយ thmeythmey.com