ជាតិ
សង្គមអន្តរជាតិ​
ជប៉ុន​បាន​វាយ​កម្ទេច​អគារផ្ទះល្វែង​មួយ ដែល​បិទ​ទេសភាព​ភ្នំ​ហ្វូជី
13, Jun 2024 , 9:58 am        
រូបភាព
ទេសភាពភ្នំហ្វ៊ូជី ។ រូបភាព ៖ AFP
ទេសភាពភ្នំហ្វ៊ូជី ។ រូបភាព ៖ AFP
ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យមួយនឹងរុះរើអគារផ្ទះល្វែងកម្ពស់ ១០ជាន់ ដែលជិតរួចរាល់ក្នុងទីក្រុងតូក្យូ ដោយសារតែមានការត្អូញត្អែរថា វាបានបិទទិដ្ឋភាពភ្នំហ្វូជី។

 
ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Sekisui House បានសម្រេចចិត្តដោយស្ម័គ្រចិត្ត ដើម្បីបញ្ឈប់គម្រោងអគារផ្ទះល្វែងកម្ពស់ ១០ជាន់ នៅភាគខាងលិចខេត្តទីក្រុងតូក្យូ។ អគារនេះ ត្រូវបានសាងសង់នៅលើផ្លូវដ៏ល្បីល្បាញមួយ ដែលមានទេសភាពមើលឃើញភ្នំហ្វ៊ូជី ដែលមានកម្ពស់ ៣ ៧៧៦ម៉ែត្រ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Japan Today។ 
 
« វាមិនអាចបដិសេធបានទេថា ស្ថានភាពបច្ចុប្បន្នមានផលប៉ះពាល់យ៉ាងខ្លាំងដល់ទេសភាព។ យើងបានសម្រេចចិត្តផ្តល់អាទិភាព ដល់ការមើលឃើញទេសភាពភ្នំនៅតាមផ្លូវ»។ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Sekisui House បានបញ្ជាក់បែបនេះ។ 
 

 អាគារផ្ទះល្វែងរបស់ក្រុមហ៊ុន Sekisui House នៅស្រុក Kunitachi ។ រូបភាព ៖ Jiji 
 
មើលពីចុងផ្លូវ Fujimi នៃតំបន់ Kunitachi អាចមើលឃើញភ្នំហ្វ៊ូជី ឈរទល់នឹងមេឃបង្កើតភាពទាក់ទាញយ៉ាងពិសេសសម្រាប់ទីក្រុង។ គម្រោងផ្ទះល្វែងរបស់ Sekisui House ដែលបានចាប់ផ្តើមសាងសង់ក្នុងខែមករា ឆ្នាំ២០២៣ ត្រូវបានជំទាស់តាំងពីដើមមក ដោយសារតែអគារនេះ នឹងបាំងបិទពាក់កណ្តាលនៃទិដ្ឋភាពនៃភ្នំហ្វ៊ូជី។
 
«យើងយល់ថា វប្បធម៌ក្នុងស្រុកឱ្យតម្លៃលើទេសភាព ប៉ុន្តែមិនបានពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ។ យើងក៏សូមអភ័យទោស ដល់ភាគីជាប់កិច្ចសន្យាផងដែរ»។ ក្រុមហ៊ុនបានបន្ថែម។  
 
សម្រាប់​ប្រជាជនដែលរស់នៅទីនោះ ការ​សម្រេច​ចិត្ត​រុះរើរបស់ក្រុមហ៊ុនជាដំណឹងល្អ។ អ្នក​ស្រុក​ម្នាក់​បាន​និយាយ​ថា​៖ «យើង​មិន​ចង់​បាត់​បង់​ភាព​ទាក់ទាញ​របស់​ទីក្រុង​ ដែល​នៅ​ថ្ងៃ​មាន​ពន្លឺ​ថ្ងៃ​ច្បាស់​លាស់​ អ្នក​អាច​មើល​ឃើញ​ភ្នំហ៊្វូជីបាន​យ៉ាង​ច្បាស់»។
 
មន្ត្រីស្រុក Fujikawaguchiko កាលពីខែមុនបានសាងសង់របងកាត់ផ្លូវមួយផ្នែក ដើម្បីថតទិដ្ឋភាពភ្នំហ្វ៊ូជី ពីចិញ្ចើមផ្លូវទល់មុខផ្សារទំនើបនៅក្នុងតំបន់ ដើម្បីការពារភ្ញៀវទេសចរ ពីការសម្រុកទៅតំបន់នោះ ដើម្បីថតរូបភ្នំហ្វ៊ូជី។
 
នេះជាចំណុច Check in ដ៏ល្បីល្បាញនៅលើបណ្តាញសង្គម ប៉ុន្តែប្រជាពលរដ្ឋក្នុងស្រុក បានត្អូញត្អែរម្តងហើយម្តងទៀត អំពីស្ថានភាពភ្ញៀវទេសចរបរទេស ចតរថយន្តខុសច្បាប់នៅលើចិញ្ចើមផ្លូវ ហើយថែមទាំងឡើងលើដំបូលរថយន្ត ដើម្បីថតរូបទៀតផង៕ 
 
 

Tag:
 ជប៉ុន
  ហ៊្វូជី
© រក្សាសិទ្ធិដោយ thmeythmey.com