RFI
អន្តរជាតិ
ចិនចេញវិធានការថ្មីចាប់ជនបរទេសរំលោភចូលដែនទឹក ឃុំឃាំងដោយគ្មានជំនុំជម្រះ
16, Jun 2024 , 7:40 pm        
រូបភាព
នាវាចិនបើកមកពាំងទូកហ្វីលីពីន។ រូបថតក្នុងខែមីនា ២០២៤។ REUTERS - Adrian Portugal
នាវាចិនបើកមកពាំងទូកហ្វីលីពីន។ រូបថតក្នុងខែមីនា ២០២៤។ REUTERS - Adrian Portugal
ដោយ៖ហេង ឧត្តម/RFI ខេមរភាសា
 
ចិន អនុញ្ញាតឲ្យឆ្មាំសមុទ្រ មានសិទ្ធិចាប់ខ្លួនជនបរទេសដែលរំលោភចូលដែនសមុទ្រចិន យកទៅឃុំឃាំង ដល់រយៈពេល៦០ថ្ងៃ ដោយគ្មានចាំបាច់ជំនុំជម្រះ។ នេះបើតាមវិធានការថ្មីរបស់រដ្ឋអំណាចក្រុងប៉េកាំង ប្រកាសចេញនៅថ្ងៃសៅរ៍ ទី១៥មិថុនា ដោយបញ្ជាក់ថា ចាប់ឃាត់ទុកទាំងមនុស្សនិងទូកនេសាទឬនាវាបរទេស។ ផ្ទុយទៅវិញ អាជ្ញាធរហ្វីលីពីន បានប្រកាសកុំឲ្យប្រជានេសាទរបស់ខ្លួនភ័យខ្លាចឲ្យសោះ។

ជម្លោះសមុទ្រចិនខាងត្បូង បានជួបភាពតានតឹងកាន់តែខ្លាំង។ ឆ្មាំសមុទ្រចិន តម្រូវឲ្យចាប់ឃាត់ទូកនិងនាវាបរទេសណាដែលធ្វើដំណើរចូលដែនសមុទ្ររបស់ចិន។ ថ្ងៃសៅរ៍ ទី១៥មិថុនា  រដ្ឋអំណាចក្រុងប៉េកាំង ដាក់វិធានការថ្មី ពង្រឹងកម្លាំងនិងសិទ្ធិអំណាចរបស់ក្រុមឆ្មាំសមុទ្រចិន ដោយបើកដៃភ្លើងខៀវអនុញ្ញាតឲ្យពួកគេ អាចចាប់ឃុំខ្លួនជនបរទេស ដែលសង្ស័យថារំលោភបំពានឈានចូលដែនសមុទ្រចិន យកទៅឃុំឃាំង ដោយគ្មានចាំបាច់ជំនុំជម្រះ។ ចំពោះករណីលំបាកៗមួយចំនួន ឬករណីដែលសញ្ជាតិរបស់ជនសង្ស័យនោះ នៅស្រពិចស្រពិល រយៈពេលឃុំខ្លួននេះ អាចយូររហូតដល់ ៦០ថ្ងៃ។ វិធានការថ្មីរបស់រដ្ឋអំណាចចិននេះ ប្រកាសចេញភ្លាម និងមានសុពលភាពអនុវត្តភ្លាមភ្លែត។ ប្រភពពីរដ្ឋអំណាចិនដដែល បានបញ្ជាក់ថា ដើម្បីពង្រឹងស្មារតីនៃវិធានការច្បាប់នេះ អាជ្ញាធរចិនត្រូវដាក់ពង្រាយកម្លាំងយាមល្បាតច្រើនជាងមុន ហើយនិងសាងសងកោះសិប្បនិមិត្តបន្ថែមទៀត នៅក្បែរៗនឹងដែនទឹករបស់ហ្វីលីពីន។
 
មេបញ្ជាការយោធាហ្វីលីពីន លោកឧត្តមសេនីយ៍ រ៉ូមេអូ ប្រាវន័រ ប្រកាសប្រាប់បណ្តាអ្នកកាសែតតាំងពីថ្ងៃសុក្រមកថា អាជ្ញាធររដ្ឋបាលក្រុងម៉ាលីន កំពុងជជែកពិភាក្សាគ្នាចំពោះវិធានាការមួយចំនួន ដើម្បីការពារសុវត្ថិភាពប្រជានេសាទហ្វីលីពីន។ នៅក្នុងដំណាក់កាលនេះ មេបញ្ជាការយោធាហ្វីលីពីន បានប្រាប់ឲ្យអ្នកនេសាទហ្វីលីពីន មិនត្រូវភ័យខ្លាចសោះឡើយ ហើយត្រូវបន្តសកម្មភាពរកស៊ីនេសាទរបស់ខ្លួនដូចប្រក្រតីធម្មតា នៅក្នុងតំបន់ដែនសេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន។ បើតាមការសង្កត់ធ្ងន់របស់លោកឧត្តមសេនីយ៍ រ៉ូមេអូ ប្រាវន័រ ដដែល, ហ្វីលីពីនមានសិទ្ធិពេញទីក្នុងការទាញយក អាស្រ័យផល ប្រមូលផលពីតំបន់ធនធានធម្មជាតិសមុទ្ររបស់ខ្លួន ហើយប្រជានេសាទហ្វីលីពីន ក៏គ្មានអ្វីត្រូវបាក់បបខ្លបខ្លាចអ្វីសោះឡើយ។
 
ជាច្រើនឆ្នាំមកហើយ រដ្ឋអំណាចចិនមានជម្លោះទាមទារដែនទឹកនៅសមុទ្រចិនខាងត្បូង បង្កឲ្យមានទំនាស់ជាមួយប្រទេសជាច្រើន តួយ៉ាង វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងប្រុយណេ។ ប៉ុន្មានខែ ចុងក្រោយនេះ ភាពតានតឹងខ្លាំងរឹងរឹតខ្លាំង ជាមួយហ្វីលីពីន  ចិនប្រើនាវាបាញ់ទឹកស្រោចពន្លិចទូកនេសាទរបស់ហ្វីលីពីន ហើយការប៉ះទង្គិចគ្នាមានជាហូរហែ។ ក្នុងសប្តាហ៍នេះដែរ នៅប្រទេសអ៊ីតាលី ថ្នាក់ដឹកនាំកំពូលប្រទេសមានសេដ្ឋកិច្ចជឿនលឿន ហ្សេ៧ ក៏បានចេញសេចក្តីថ្លែងការណ៍រួម១ សម្តែងក្តីព្រួយបារម្ភជាខ្លាំងចំពោះវិបត្តិសមុទ្រចិនខាងត្បូង។ ហ្សេ៧ ចាត់ទុកថា ទង្វើរបស់រដ្ឋអំណាចចិន ជាសកម្មភាពលុកលុយដ៏គ្រោះថ្នាក់៕

© រក្សាសិទ្ធិដោយ thmeythmey.com