RFI
អន្តរជាតិ
នាយករដ្ឋមន្រ្តីអុីស្រាអែលប្រកាសរំលាយចោល​ខុទ្ទកាល័យសង្រ្គាម
18, Jun 2024 , 7:39 pm        
រូបភាព
នាយករដ្ឋមន្រ្តីអុីស្រាអែលប្រកាសរំលាយចោល​ខុទ្ទកាល័យសង្រ្គាមដែលបង្កើតឡើងដើម្បី​ឆ្លើយតប​នឹង​ការវាយប្រហារភេរវកម្ម​របស់ក្រុមហាម៉ាស AFP - -
នាយករដ្ឋមន្រ្តីអុីស្រាអែលប្រកាសរំលាយចោល​ខុទ្ទកាល័យសង្រ្គាមដែលបង្កើតឡើងដើម្បី​ឆ្លើយតប​នឹង​ការវាយប្រហារភេរវកម្ម​របស់ក្រុមហាម៉ាស AFP - -
ដោយ៖ឈាង បុប្ផា/RFI ខេមរភាសា
 
បន្ទាប់ពីរង្គោះរង្គើ​ដោយសារ​ការដើរចេញរបស់​ប្រមុខបក្ស​ប្រឆាំង កាលពី​សប្តាហ៍មុន ខុទ្ទកាល័យសង្រ្គាម​ដែលត្រូវបាន​បង្កើតឡើង​ដើម្បី​ចាត់ចែង​ការធ្វើ​សង្រ្គាម​ប្រឆាំង​ក្រុមហាម៉ាស​នៅ​ហ្កាហ្សា ត្រូវប្រមុខរដ្ឋាភិបាលអ៊ីស្រាអែល លោក​បេនចាមីន នេតាន់យ៉ាហ៊ូប្រកាស​រំលាយចោល កាលពីថ្ងៃចន្ទទី ១៧​មិថុនា។ យោង​តាមអ្នកទទួលខុសត្រូវ​អ៊ីស្រាអែល ដែល​ដកស្រង់សំដី​ដោយ​ទីភ្នាក់ងារព័ត៌មានបរទេស លោកនាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​បាន​បង្រួម​ខុទ្ទកាល័យសង្រ្គាម មកនៅ​ត្រឹម​ខុទ្ទកាល័យសន្តិសុខ ដែលមានការចូលរួម​របស់​រដ្ឋមន្រ្តីជាន់ខ្ពស់​របស់​រដ្ឋាភិបាល​២រូបដែលស្និទ្ធនឹង​លោក​នាយករដ្ឋមន្រ្តីតែប៉ុណ្ណោះ។

 
រដ្ឋាភិបាល​អ៊ីស្រាអែល​មិនទាន់​បានធ្វើការ​ប្រកាស​ជាផ្លូវការ។ ប៉ុន្តែ យោងតាម​ការចុះផ្សាយ​របស់​កាសែត​ក្នុងស្រុក​អ៊ីស្រាអែល និង​មន្រ្តីជាន់ខ្ពស់​ដែល​ដកស្រង់សំដី​ដោយ​ទីភ្នាក់ងារព័ត៌មានបរទេស នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្រ្តីកាលពីថ្ងៃ​ចន្ទ លោកនាយករដ្ឋមន្រ្តី បេនចាមីន នេតាន់យ៉ាហ៊ូ​បាន​សម្រេច​​រំលាយ​ចោល​ខុទ្ទកាល័យសង្រ្គាម មុនកាលកំណត់។
 
បើតាម​អ្នកទទួលខុសត្រូវ​អ៊ីស្រាអែល​ដែលសុំមិនបញ្ចេញឈ្មោះ លោក​នេតាន់យ៉ាហ៊ូ​បានប្រកាស​នៅ​ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីថា ខុទ្ទកាល័យសង្រ្គាម​ត្រូវបាន​បង្កើតឡើង​ ទៅតាម​ការទាមទារ ចង់បាន​របស់​លោក​បេនី ហ្កង់ ប្រមុខ​បក្ស​ប្រឆាំង។ ដូច្នេះ បើលោក​បេនី ហ្កង់​សម្រេច​ចិត្ត​ដើរចេញទៅហើយ គ្មានហេតុផលអ្វីដែលគេត្រូវ​បន្តទុក​ខុទ្ទកាល័យសង្រ្គាមតទៅទៀតនោះទេ។
 
​បង្កើតឡើង​ កាលពីថ្ងៃទី ១១​តុលាឆ្នាំ ២០២៣ ប៉ុន្មាន​ថ្ងៃ​ក្រោយ​ការវាយប្រហារ​ភេរវកម្ម​របស់​ក្រុមហាម៉ាស​នៅ​ទឹកដីអ៊ីស្រាអែល ខុទ្ទកាល័យសង្រ្គាម​មានការចូលរួមពី​មនុស្ស​សំខាន់​៦រូប ដែលនៅក្នុង​នោះមាន៣រូបដែលអាចសម្រេចចិត្ត ដូចជា​លោកនាយករដ្ឋមន្រ្តី​នេតាន់យ៉ាហ៊ូ រដ្ឋមន្រ្តីការពារជាតិ និង​លោក​បេនី ហ្កង់ ចំណែក៣រូបទៀត មានសិទ្ធិត្រឹម​សង្កេតការណ៍ ដូចជា​រដ្ឋមន្រ្តីការបរទេស អតីត​ប្រធានសេនាធិការកងទ័ព និង​ប្រធាន​បក្ស​ស្តាំនិយមជ្រុលដែលជា​សម្ព័ន្ធមិត្ត​របស់​លោកនាយករដ្ឋមន្រ្តី។ ដោយ​មានការចូលរួម​ពី​លោក​បេនី ហ្កង់ ដែលជាប្រធានបក្ស​ប្រឆាំង​ដ៏ល្បីឈ្មោះ​នៅអ៊ីស្រាអែល ខុទ្ទកាល័យ​សង្រ្គាម​ត្រូវ​បាន​គេមើលឃើញថា ជា​ការរួបរួមកម្លាំងពីគ្រប់និន្នាការនយោបាយ​​នៅអ៊ីស្រាអែល ដើម្បី​ប្រឆាំង​ក្រុមហាម៉ាស។ ប៉ុន្តែ ខុទ្ទកាល័យសង្រ្គាម ដែលមានសិទ្ធិ​អំណាច​សម្រេចចិត្ត​ក្នុង​យុទ្ធសាស្រ្ត​កងទ័ពនៅហ្កាហ្សា​ ដោយ​មិនចាំបាច់​ត្រូវការសុំភ្លើងខៀវ​ពីសភា ត្រូវ​បាន​នាយករដ្ឋមន្រ្តី​ប្រកាស​រំលាយ​ចោល នៅ​មុនចប់​សង្រ្គាមហ្កាហ្សាទៅទៀត ដោយសារ​តែ ការដើរចេញ​របស់​មន្រ្តីជាន់ខ្ពស់​របស់​បក្ស​ប្រឆាំង គឺលោក​បេនី ហ្កង់ និងលោក​ហ្កាឌី អាញសិនកុត ដែល​បានរិះគន់​នាយករដ្ឋមន្រ្តីនេតាន់យ៉ាហ៊ូ​ថា គ្មាន​ផែនការច្បាស់លាស់​នៅក្រោយ​ចប់​សង្រ្គាមហ្កាហ្សា។
 
បើតាម​អ្នកវិភាគ ដោយ​រំលាយ​ចោល​ខុទ្ទកាល័យសង្រ្គាម​ លោកនាយករដ្ឋមន្រ្តី​នេតាន់យ៉ាហ៊ូ​ ទំនង​បិទផ្លូវ​មិនចង់​​ឲ្យ​ថ្នាក់ដឹកនាំ​របស់​បក្ស​ស្តាំនិយមជ្រុល​ចូលរួម​នៅក្នុងការសម្រេចចិត្ត​របស់​ខុទ្ទកាល័យសង្រ្គាម ព្រោះថា រដ្ឋមន្រ្តីក្រសួងសន្តិសុខ​ជាតិ មកពី​បក្ស​ស្តាំនិយមជ្រុល​ដែលជា​សម្ព័ន្ធមិត្ត​របស់​លោក​ធ្លាប់បាន​ទាមទារ​ចង់ចូលអង្គុយ​នៅលើ​កៅអីទំនេរ ​ក្នុង​ខុទ្ទកាល័យសង្រ្គាម​ ក្រោយការចាកចេញ​របស់​បេនី ហ្កង់។ ទោះត្រូវ​ការគណបក្ស​ស្តាំនិយមជ្រុល​ក្នុងការបង្កើតរដ្ឋាភិបាលចម្រុះ លោកនេតាន់យ៉ាហ៊ូ​ប្រាកដជា​មិន​ចង់​ឲ្យ​ក្រុមមួយនេះចូលរួម​ផ្តល់យោបល់​ច្រើនដែរ ព្រោះថា មហិច្ឆតា​ចង់​​ពង្រីកអាណានិគមកិច្ច​អ៊ីស្រាអែល​នៅ​ទឹកដីប៉ាឡេស្ទីន​របស់ក្រុមស្តាំនិយមជ្រុល​អ៊ីស្រាអែល​ នឹង​អាច​ធ្វើ​ឲ្យរដ្ឋាភិបាល​របស់​លោក​កាន់តែ​រងការដាក់សម្ពាធ រិះគន់​ពី​សហគមន៍អន្តរជាតិ ជាពិសេសសម្ព័ន្ធមិត្ត​​អាមេរិក។
 
ម្យ៉ាង ដោយ​រំលាយ​ចោល​ខុទ្ទកាល័យ​សង្រ្គាម និង​បង្កើត​ខុទ្ទកាល័យ​សន្តិសុខ​ជំនួសវិញ លោក​នេតាន់យ៉ាហ៊ូ ទំនង​ចង់​បង្រួម​ចំនួន​អ្នកចូលរួម​នៅក្នុងការសម្រេចចិត្ត​កងទ័ព​ ឲ្យបានតិចបំផុតនៅក្នុង​ខុទ្ទកាល័យ​សន្តិសុខ ដែលលោកជាអ្នកដឹកនាំ សម្រេចចិត្ត​ដោយមានការផ្តល់ប្រឹក្សា​យោបល់ពី​រដ្ឋមន្រ្តីការពារជាតិ និង​រដ្ឋមន្រ្តីការបរទេស​តែប៉ុណ្ណោះ។ វា​អាច​ជាការចង់បាន​របស់​លោក​នេតាន់យ៉ាហ៊ូ ដែលចង់​ក្រសោបគ្រប់គ្រងកងទ័ព​អ៊ីស្រាអែល ដែល​ហាក់លែងស្តាប់បង្គាប់​​របស់​រដ្ឋាភិបាល​។ យោងតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​អង់គ្លេស Reuters លោកនាយករដ្ឋមន្រ្តី​មានការភ្ញាក់ផ្អើល​ជាខ្លាំង បន្ទាប់ពី​បានដំណឹងថា កងទ័ព​អ៊ីស្រាអែលបាន​សម្រេច​កាលពីថ្ងៃអាទិត្យ ផ្អាកប្រតិបត្តិការសឹកពេលថ្ងៃ ដើម្បី​បើកផ្លូវ​ឲ្យជំនួយមនុស្សធម៌​ចូលទៅក្នុងទីក្រុង​រ៉ាហ្វាភាគខាងត្បូងហ្កាហ្សា។
 
គេវាយតម្លៃថា ការសម្រេចចិត្ត​របស់កងទ័ពអ៊ីស្រាអែល​ក្នុងការផ្អាកប្រតិបត្តិការនៅពេលថ្ងៃ​នៅ​ហ្កាហ្សា អាច​ជា​ការឆ្លើយតប​របស់ថ្នាក់ដឹកនាំយោធាអ៊ីស្រាអែលទៅនឹង​​ការចង់បាន​របស់អាមេរិក ដែលជា​អ្នកផ្គត់ផ្គង់សព្វាវុធដ៏ធំរបស់អ៊ីស្រាអែល ហើយក៏ជាអ្នកជំរុញ​ឲ្យមានបទឈប់បាញ់បន្ទាន់​នៅ​ហ្កាហ្សា។ នៅក្រោយ​ការរំលាយ​ចោល​ខុទ្ទកាល័យសង្រ្គាម តើ​សង្រ្គាមហ្កាហ្សា​នឹង​ប្រែប្រួល​យ៉ាងណា? គេអាច​ដឹងច្បាស់ នៅពេល​រដ្ឋមន្រ្តី​ការពារ​ជាតិអ៊ីស្រាអែល ធ្វើដំណើរទៅជួប​សមភាគីអាមេរិក​ នៅទីក្រុង​វ៉ាស៊ីនតោន នៅ​សប្តាហ៍នេះ៕

© រក្សាសិទ្ធិដោយ thmeythmey.com