ជាតិ
សុខភាព
ក្រសួងសុខាភិបាល ឱ្យ​ពេទ្យរដ្ឋ ​​​យកចិត្តទុកដាក់លើ​អតីត​​ទាហានថ្នាក់ឧត្តមសេនីយ៍ និង​ឧត្តមនាវី​ ពេលមានជំងឺ​​​
20, Jun 2024 , 4:19 pm        
រូបភាព
ក្រសួងសុខាភិបាល បានប្រាប់ទៅអង្គភាពផ្តល់សេវាសុខាភិបាលសាធារណៈទាំងអស់ ឱ្យ​យកចិត្តទុកដាក់ពិនិត្យ និង​ព្យាបាលជំងឺជូនដល់​អតីតនាយទាហានថ្នាក់ឧត្តមសេនីយ៍ ​និង​ឧត្តមនាវី ប្រកប​ដោយស្មារតីទទួលខុសត្រូវ និងវិជ្ជាជីវៈ។ ​ចំណាយ​ព្យាបាល និងថែទាំជំងឺ របស់​អតីត​នាយទាហានថ្នាក់ឧត្តមសេនីយ៍ និង​ឧត្តមនាវី ​​គឺជាបន្ទុករបស់រដ្ឋ។

យោងតាមលិខិតរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី១៩មិថុនា ចុះហត្ថលេខាដោយលោក ម៉ី សំបូរ រដ្ឋលេខាធិការប្រចាំការ ការរំឭកណែនាំនេះ គឺ​ដើម្បីលើកកម្ពស់ការ​យកទឹកចិត្ត​ទុកដាក់ និងធានា​សិទ្ធិ និង​ផលប្រយោជន៍របស់យោធិនអាជីព អតីតយោធិនអាជីព អតីត​នាយទាហានថ្នាក់ឧត្តមសេនីយ៍ និងឧត្តមនាវី នៅពេលមានជំងឺ ស្របតាម​លិខិតបទដ្ឋាន​គតិយុត្តជាធរមាន។
នៅក្នុងលិខិតដដែលនោះ ក្រសួងសុខាភិបាល ក៏បាន​បញ្ជាក់ជាថ្មីអំពីខ្លឹមសារ​មាត្រា៣០ថ្មី នៃអនុក្រឹត្យលេខ១៤១ អនក្រ.បក ដែលចែងថា«ពេលមានជំងឺ អតីតនាយទាហាន​ថ្នាក់​ឧត្តមសេនីយ៍ និងឧត្តមនាវី ត្រូវទទួលបានការ​ព្យា​បាល នៅតាមបណ្តាញសុខាភិបាល​សាធារណៈ ឬយោធា ដោយថ្លៃ សេវានៃការពិនិត្យ​ព្យា​បាលជាបន្ទុករបស់រដ្ឋ។ ពេលទទួល​មរណភាព ក្រសួងការពារជាតិទទួលបន្ទុក រៀបចំពិធីបុណ្យសពតាមពិធីការយោធា»។
 
ក្រៅពីរំឭកឱ្យ​អង្គភាពផ្តល់សេវាសុខាភិបាលសាធារណៈទាំងអស់ ពង្រឹងការយកចិត្ត​ទុក​ដាក់​ចំពោះ​នាយទាហានថ្នាក់ឧត្តមសេនីយ៍ និង​ឧត្តមនាវី ​​ពេលមានជំងឺហើយនោះ ក្រ​សួង​សុខាភិបាល ក៏បន្ថែមដែរថា យោធិន អតីត យោធិនអាជីព​និងគ្រួសារផ្ទាល់របស់ពួកគេ មាន​សិទ្ធិព្យាបាលជំងឺ​នៅ​ក្នុងមន្ទីរ​ពេទ្យនៃកងយោធពលខេមរភូមិន្ទ​ដែរ។
 
 

Tag:
 សុខាភិបាល
  នាហាន
  ឧត្តមសេនីយ៍
  ឧត្តមនាវី
© រក្សាសិទ្ធិដោយ thmeythmey.com