ជាតិ
រដ្ឋ បង្កើតមន្ទីរពិសោធន៍ជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
21, Jun 2024 , 5:15 pm        
រូបភាព
យុវជន ទស្សនាស្នាដៃពិព័រណ៍ពាក់ព័ន្ធនឹងបច្ចេកវិទ្យា ​នាទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤។
យុវជន ទស្សនាស្នាដៃពិព័រណ៍ពាក់ព័ន្ធនឹងបច្ចេកវិទ្យា ​នាទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤។
ភ្នំពេញ៖ រាជរដ្ឋាភិបាល បានសម្រេចបង្កើតមន្ទីរពិសោធន៍ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវា​នុវត្តន៍ ជា​​​គ្រឹះស្ថានសាធារណៈរដ្ឋបាល ដែលមានអក្សរ​កាត់​ថា ម.ជ.វ.ប.ន. ដែលមាន​ឈ្មោះជាភា​សាអង់គ្លេសគឺ​ SCIENCE, TECHNOLOGY AND INNOVATION NATIONAL LABORATORY ​មានអក្សរកាត់ ​STINL។ នេះ​បើយោងតាមអនុក្រឹត ចុះថ្ងៃទី២០ ខែមិថុនា ចុះ​ហត្ថលេខាដោយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

 
​បើតាមតាមអនុក្រឹតដដែល មន្ទីរពិសោធន៍ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ មាន​ភារកិច្ច​ជាអាទិ៍​ ធ្វើតេស្ត ឬវិភាគផ្នែករូប គីមីសាស្ត្រ មីក្រូជីវសាស្ត្រ មេកានិក អគ្គិសនី អេឡិចត្រូនិក ដើម្បីកំណត់គុណភាព និងលក្ខណៈវិនិច្ឆ័យរបស់ផលិតផល តាម​ការស្នើសុំ ​និង​ភាពចាំបាច់។
 
ម.ជ.វ.ប.ន. ក៏មានភារកិច្ច សិក្សាស្រាវជ្រាវ ធ្វើតេស្ត ឬវិភាគផ្សេងៗ ដែលបម្រើឱ្យការ​អភិវឌ្ឍ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងត្រូវ​សហប្រតិបត្តិការជាមួយមន្ទីរ​ពិសោធន៍នៃស្ថាប័នជាតិ អន្តរជាតិ វិស័យឯកជន និងដៃគូអភិវឌ្ឍនានា ដើម្បីឆ្លើយតប​នឹងតម្រូវការបន្ទាន់របស់ជាតិ លើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ 
 


ក្រៅពីនេះ ម.ជ.វ.ប.ន. ក៏ទទួលខុសត្រូវលើការ​រៀបចំហេដ្ឋារចនាសម្ព័ន្ធ​ផ្នែកបច្ចេកទេស​មន្ទីរពិសោធន៍ ដើម្បីអភិវឌ្ឍន៍ និងអាចឆ្លើយតប​តម្រូវការ ផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍​សម្រាប់មន្ទីរពិសោធន៍ដទៃទៀត​ដោយ​មានការវាយតម្លៃ ទទួលស្គាល់ ស្របតាមស្តង់ដាជាតិ និងអន្តរជាតិផងដែរ។ 
 
ទន្ទឹមនឹងនេះ ម.ជ.វ.ប.ន. ក៏ចូលរួមអភិវឌ្ឍមន្ទីរពិសោធន៍របស់ស្ថាប័នជាតិនានា ​ដែល​បម្រើឱ្យការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏ដូចជារៀបចំ និង​អភិវឌ្ឍ​មន្ទីរ​​ពិសោធន៍វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីលើកកម្ពស់ សុវត្ថិភាព និង​សុខភាពសាធារណៈ​ដែរ។ 
 


ម.ជ.វ.ប.ន. ក៏ត្រូវមានកិច្ចសហការសិក្សាស្រាវជ្រាវ ផ្សព្វផ្សាយ គាំទ្របច្ចេកទេស និងផ្តល់​អនុ​សាសន៍សម្រាប់​ការ​អភិវឌ្ឍ ផលិតផលក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ក៏ដូចជា​ផ្តល់ការគាំទ្រ​ដល់​គ្រឹះស្ថានអប់រំសាធារណៈឯកជន លើការធ្វើតេស្ត​ ឬវិភាគក្នុង​វិស័យ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ផងដែរ។
 
ស្ថាប័ននេះ ក៏ត្រូវកៀរគរធនធានជាតិ និងអន្តរជាតិ ដើម្បីគាំទ្រដល់បេសកកម្មរបស់ខ្លួន និង​បំពេញភារកិច្ចចាំបាច់ផ្សេងទៀត តាមការកំណត់របស់រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យា​សាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ នេះបើតាមអនុក្រឹតដដែល៕





Tag:
 មន្ទីរពិសោធន៍​ជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com