អន្តរជាតិ
នាយករដ្ឋមន្រ្តីសិង្ហបុរី៖ ខ្ញុំចង់បានសិង្ហបុរីមួយ ដែលប្រជាជនគ្រប់គ្នា ត្រូវបានឱ្យតម្លៃលើអ្វីដែលជាខ្លួនឯង
22, Jun 2024 , 11:19 am        
រូបភាព
នាយករដ្ឋមន្រ្តីថ្មីថ្មោងរបស់សិង្ហបុរី ឡរ៉េន វង់ បានបង្ហាញទស្សនៈមួយចំនួនទាក់ទងនិយមន័យជោគជ័យ ផ្លូវទៅកាន់ជោគជ័យ និងសិង្ហបុរីដែលលោកចង់ឃើញ។

 
ក្នុងវីដេអូមួយដែលបង្ហោះលើបណ្ដាញសង្គមនៅថ្ងៃទី២២ ខែមិថុនា លោក ឡរ៉េន វង់ ដែលដឹកនាំសិង្ហបុរីជាងមួយខែ និយាយថា លោកតែងទទួលបានសំណួរជាច្រើនទាក់ទងក្ដីសុបិ​នរបស់សិង្ហបុរី និងជោគជ័យរបស់ប្រជាជន។ ជាការមើលឃើញកន្លងមក ជោគជ័យរបស់សិង្ហបុរីត្រូវបានកំណត់ដោយសម្ភារៈមានលុយ ឡាន កាតឥណទាន (credit card), ខុនដូ និងការវាយកូនហ្គោល។
 
លោក វង់ អះអាងថា ការកំណត់និយមបែបនេះ មិនមែនជារឿងអាក្រកឡើយ តែការឱ្យន័យចង្អៀតបែបនេះ ក៏អាចជះផលអវិជ្ជមានដែរ។ លោកបន្តថា សង្គមបច្ចុប្បន្ន កាន់តែលឿន ការប្រកួតប្រជែងកាន់តែខ្លាំងនៅពេលប្រជាជនប្រឹងប្រជែងគ្នា ហើយមនុស្សកាន់តែអន្ទះសា។
 
«កាន់តែអាក្រក់នោះ យើងផ្ទេរវាឱ្យកូនៗរបស់យើង។ នេះមិនមែនជាសង្គមដែលខ្ញុំចង់ឱ្យសិង្ហបុរីទៅជាបែបនោះឡើយ ហើយក៏មិនមែនជាសង្គមដែលខ្ញុំឱ្យក្មេងរស់នៅដែរ» លោក វង់ បញ្ជាក់បែបនេះ រួចបន្តថា៖ «ខ្ញុំចង់បានសិង្ហបុរីដែលប្រជាជនគ្រប់គ្នាសំខាន់ ដែលគ្រប់គ្នាត្រូវបានឱ្យតម្លៃចំពោះអ្វីដែលជាខ្លួនឯង។ សិង្ហបុរីមួយដែលយើងគ្រប់គ្នាព្យាយាមក្លាយជាអ្វីដែលជាខ្លួនឯងបំផុត។ សិង្ហបុរីមួយដែលជោគជ័យរបស់យើងត្រូវបានកំណត់ដោយរបៀបដែលយើងជួយគ្នាទៅវិញទៅមកដើម្បីធ្វើបានល្អរួមគ្នា។»
 
ប្រមុខរដ្ឋាភិបាលសិង្ហបុរីរូបនេះ ទទួលស្គាល់ថា ការធ្វើបែបនេះមិនមែនជារឿងងាយឡើយ។ លោកបានលើកឡើងពីបទពិសោធផ្ទាល់ខ្លួនដែលលោកបានជួយប្រទះដូចជាការប្រកួតប្រជែង និងការប្រៀបធៀបជាមួយអ្នកដទៃ។ លោកអះអាងថា ធ្លាប់ចង់ចាកចេញពីការងាររដ្ឋ តែលោកមានអ្នកណែនាំ ហើយជួយបង្ហាញផ្លូវលោក។
 
អ្វីទៅជាជោគជ័យ? លោក វង់ និយាយថា ជោគជ័យជាការដុសខាត់អ្វីដែលធ្វើនៅពេលបច្ចុប្បន្ន និងធ្វើឱ្យកាន់តែប្រសើរឡើង ហើយធ្វើដោយមោទកភាព ជាជាងបារម្ភពីមុខមាត់ និងរង្វាន់។
 
«យើងគ្រប់គ្នាមានសេចក្ដីប្រថា្ន និងក្ដីសង្ឃឹមរៀងខ្លួន។ ពេលខ្លះ ទោះបានព្យាយាមក្ដី យើងប្រហែលមិនអាចបានអ្វីដែលយើងចង់បានឡើយ។» មេដឹកនាំសិង្ហបុរីជំនាន់ទី៤ បន្ថែមបែបនេះ។ ផ្លូវទៅកាន់ជោគជ័យសម្រាប់លោក វង់ មិនដូចគ្នាឡើយ។ 
 
អ្នកខ្លះដើរយឺតៗដើម្បីអាចមើលថែគ្រួសារ ឯអ្នកខ្លះទៀតឡើងដូចកាំជណ្ដើរក្នុងអាជីពការងារ ឬបើកអាជីវកម្ម។ ផ្លូវនីមួយៗមិនដូចគ្នាឡើយ ដូច្នេះមិនបាច់ប្រៀបធៀប ឬអារកាត់អ្វីឡើយ។ នេះជាការយល់ឃើញរបស់ប្រមុខរដ្ឋាភិបាលសិង្ហបុរី៕
 
 

Tag:
 សិង្ហបុរី
© រក្សាសិទ្ធិដោយ thmeythmey.com