ជាតិ
កម្មវិធីពិសេសៗ ក្នុងមហោស្រពភាពយន្តអន្តរជាតិកម្ពុជា លើកទី១៣ ដែលសាធារណជនមិនគួររំលង
23, Jun 2024 , 1:59 pm        
រូបភាព
ភ្នំពេញ៖ កម្មវិធីពិសេសៗ នៃមហោស្រពភាពយន្តអន្តរជាតិកម្ពុជា CIFF លើកទី១៣ ដូចជាកម្មវិធី “ការសិក្សាពេញមួយជីវិត” (Lifelong Learning) និង “វិថីឆ្ពោះទៅអូឡាំពិក” (Road to Olympia) ជាដើម នឹងផ្ដល់ឱ្យសាធារណជន ទទួលបានចំណីចក្ខុថ្មីប្លែក រួមទាំងការទទួលបានបទពិសោធនថ្មី ការជំរុញទឹកចិត្ត និងការលើកទឹកចិត្តផ្សេងៗ។ កម្មវិធីពិសេសទាំងពីរនេះ នឹងផ្ដោតលើការបំផុសគំនិតយុវជន ឱ្យបន្តក្ដីសុបិន និងអាជីពរបស់ពួកគេ ដើម្បីឈានទៅរកជីវិត កាន់តែប្រសើរឡើង។

សូមបញ្ជាក់ថា សំបុត្រចូលរួមទស្សនា គឺមិនគិតថ្លៃឡើយ។ សំបុត្រនឹងចាប់ផ្ដើមចែក ១ម៉ោងមុនការចាក់បញ្ចាំងភាពយន្តនីមួយៗ នៅតាមបញ្ជរនានា របស់មហោស្រព។ សម្រាប់ព័ត៌មាន ពាក់ព័ន្ធនឹងកាលវិភាគនៃការចាក់បញ្ចាំងកុន និងកម្មវិធីផ្សេងៗទៀត ជុំវិញមហោស្រពភាពយន្តអន្តរជាតិកម្ពុជា CIFF សាធារណជន អាចតាមដានហ្វេសប៊ុក របស់ CIFF https://www.facebook.com/cambodiaiff/។
 
កម្មវិធី “ការសិក្សាពេញមួយជីវិត” ក្រោមភាពជាដៃគូ ជាមួយស្ថានទូតអូស្ត្រាលី ប្រចាំនៅកម្ពុជា នឹងផ្ដោតលើការបំផុសគំនិតផ្សេងៗ ដែលកម្មវិធីនេះ មានមាតិកាស្ដីពី ភាពជាយុវវ័យលើកដំបូង មាតិកាកំប្លែងបែបកម្សាន្ត រហូតដល់ការបំពេញក្ដីស្រមៃ នៃអាជីពការងារ។ 
  

 
កម្មវិធីនេះក៏មានរួមបញ្ចូល ការស្ដារឡើងវិញ នៃភាពយន្តរឿង “Radiance” ដោយ Rachel Perkins ដែលជាអ្នកដឹកនាំរឿងស្រ្តី ជនជាតិដើមដំបូងគេ ដែលទទួលបានរង្វាន់ជាច្រើន ក៏ដូចជាការស្ដារឡើងវិញ នៃភាពយន្តក្លាស៊ីក “The Year My Voice Broke”។
 
ចំពោះកម្មវិធី “វិថីឆ្ពោះទៅអូឡាំពិក” (Road to Olympia) នឹងបង្ហាញខ្សែភាពយន្តបំផុសគំនិតជាច្រើន ទាក់ទងនឹងសមិទ្ធផល កីឡាក្នុងការប្រកួតកីឡាអូឡាំពិកឆ្នាំនេះ។ កម្មវិធីនេះ មានរួមបញ្ចូលខ្សែភាពយន្តអូស្រ្តាលីដ៏អស្ចារ្យ “Freeman” អមដោយកិច្ចពិភាក្សាជាមួយអ្នកដឹកនាំរឿង Robert Kolodny មកពីសហរដ្ឋអាមេរិក។
 
ចំណែកឯការញ្ចាំងខ្សែភាពយន្តវិញ មានរហូតដល់ទៅ១៥៣រឿង ដែលរួមមានភាពយន្តកម្ពុជា ភាពយន្តអន្តរជាតិ ភាពយន្តឯកសារ និងភាពយន្តគំនូរចីវចល។ 
 
រឿងប្រតិដ្ឋកម្ពុជា (Cambodian Fiction) 

រឿងរ៉ាវនៅកម្ពុជា (Stories in Cambodia) បង្ហាញពីខ្សែភាពយន្ត ដែលផលិតនៅក្នុងប្រទេសកម្ពុជា និងអំពីកម្ពុជរដ្ឋមួយនេះ រួមមានភាពយន្តបើកមហោស្រព គឺរឿង “Elvis of Cambodia” ដែលជាភាពយន្តដំបូង អំពីកំពូលតារាចម្រៀងកម្ពុជា ស៊ីន ស៊ីសាមុត ដែលនឹងចាក់បញ្ចាំងក្នុងកម្មវិធីនេះ រួមជាមួយវត្តមានផលិតករភាពយន្ត និងក្រុមគ្រួសាររបស់លោក ស៊ីន ស៊ីសាមុត។ 
 
ជាមួយគ្នានេះ ក៏មានភាពយន្តខ្មែរថ្មីៗ ដែលនឹងចាក់បញ្ចាំងជាលើកដំបូង រួមមានរឿង “Sugarcane Baby” របស់ផលិតកម្ម LD Picture និង “Silent Murders” របស់អ្នកដឹកនាំរឿង Amit Dubey ដែលរួមសម្ដែងដោយលោក រស់ មុន្នី។ មហោស្រព CIFF ក៏នឹងធ្វើជាម្ចាស់ផ្ទះ នៃការចាក់បញ្ចាំង លើកដំបូងបង្អស់ នៅលើពិភពលោក នៃភាពយន្តរឿង “Out Of Darkness” របស់ Steven Stuart និង MK Kilburn ដែលថតទាំងស្រុង នៅក្នុងប្រទេសកម្ពុជា ក្រោមវត្តមានរបស់ផលិតករ តួសម្ដែង និងក្រុមការងារ​។
  

 
មហោស្រព CIFF ក៏នឹងបង្ហាញភាពយន្តខ្នាតខ្លីរបស់កម្ពុជា ដែលបានទទួលការបណ្ដុះបណ្ដាល នៅមជ្ឈមណ្ឌលបុប្ផាណា និង “ព្រលឹម-ព្រលប់” (Dawn-Dusk) ដែលជាស៊េរីភាពយន្តខ្នាតខ្លីចំនួន១១រឿង ផលិតឡើងក្រោមកិច្ចសហការរវាង សាលាសិល្បៈសម្ដែងនៅកម្ពុជា និង New Asian Filmmaker Collective។
 
ជាមួយគ្នានេះ ក៏មានការចាក់បញ្ចាំងភាពយន្ត “ចន្ទគ្រឹះហ្វា” និង “រតនាវង្ស” ជាស្នាដៃរបស់លោក ប៊ីវ ឆៃលាង ដែលបានផលិតឡើងក្នុង “យុគមាស” នៅកម្មវិធីនេះដែរ។ ការចាក់បញ្ចាំងភាពយន្តទាំងពីររឿងនេះ ដើម្បីរំឮកដល់ លោក ប៊ីវ ឆៃលាង​។
 
រឿងប្រតិដ្ឋអន្តរជាតិ (International Fiction) 

រឿងរ៉ាវនៃពិភពលោក (Stories of the World) គឺជាការប្រមូលផ្ដុំនៃភាពយន្តអន្តរជាតិ ដែលទទួលបានការសាទរ ចំពោះការនិទានរឿងប្លែកៗ និងភាពល្អឥតខ្ចោះនៃភាពយន្ត។ ភាពយន្តល្បីៗមួយចំនួន រួមមាន “The Harvest” របស់អ្នកដឹកនាំរឿងស្ត្រីខ្មែរអាមេរិក Caylee So និងភាពយន្តថៃ ដែលកំពុងទាក់ទាញចំណាប់អារម្មណ៍ ពីទស្សនិកជនគឺរឿង “How to Make Million before Grandma Dies” និង “Satu-Year of the Rabbit” ដែលជាភាពយន្តបិទមហោស្រព ក្រោមវត្តមានរបស់អ្នកដឹកនាំរឿង និងផលិតករ​។
 
ភាពយន្តជាច្រើនទៀត ក៏នឹងបង្ហាញពីភាពរឹងមាំ ក្ដីស្រឡាញ់ និងការតាំងចិត្តរបស់ស្ត្រី រួមមានរឿង “The Mountain Wagtail” មកពីប្រទេស Kyrgyzstan និងរឿង “Dhai Aakhar” ដ៏អស្ចារ្យ ដែលដឹកនាំដោយ អ្នកដឹកនាំរឿងឥណ្ឌាល្បីឈ្មោះ Praveen Arora។
 
ពិភពពណ៌ចម្រុះ (Colorful World)

ផ្នែកដ៏ពិសេសគឺ ពិភពពណ៌ចម្រុះ នឹងបង្ហាញខ្សែភាពយន្តចំនួន៧ រួមមាន “Peafowl” ក្រោមវត្តមានរបស់អ្នកដឹកនាំរឿងកូរ៉េ ,ភាពយន្តឥណ្ឌា “Blue Sunshine” ដែលទទួលបានពានរង្វាន់តួឯកឆ្នើម ក្នុងមហោស្រពភាពយន្ត Kashish Pride និងភាពយន្តឯកសារអូស្ត្រាលីដ៏កម្រ ដែលត្រូវបានស្ដារឡើងវិញ គឺរឿង “Witches & Poofters”។
  

 
ពិភពគួរឱ្យខ្លាច (Scary World) រំលេចខ្សែភាពយន្តរន្ធត់ ដែលផលិតជាអន្តរជាតិ និងនៅក្នុងប្រទេសកម្ពុជា។ ភាពយន្តក្នុងស្រុកដូចជារឿង​ “បណ្ដាសានាងរាត្រី” របស់លោក លៀក លីដា នឹងចាក់បញ្ចាំងជាមួយរឿងរបស់ផលិតករភាពយន្តវៀតណាម Lê Binh Giang គឺរឿង “Rock-a-Bye Baby”។​ ដោយឡែករឿង “Immaculate” របស់ Michael Mohan, រឿង “Exhuma” របស់ Jang Jae-hyun និងរឿង “The Undertaker” របស់ Michael Wright ក៏នឹងចាក់បញ្ចាំងដែរ។
 
ភាពយន្តឯកសារ (Documentaries)

ចក្ខុវិស័យនៃកម្ពុជា (Glimpse of Cambodia) បង្ហាញខ្សែភាពយន្តចំនួន២៣ រួមមាន “Bax Axe” របស់ជនជាតិខ្មែរអាមេរិក David Siev “M-13: The Birth Place of the Khmer Rouge’s Birtality” របស់ Narith Roeun និងការចាក់បញ្ចាំង លើកដំបូងនៅកម្ពុជា នៃភាពយន្ត “Pol Pot Dancing” ក្រោមវត្តមានរបស់អ្នកដឹកនាំរឿងអាល្លឺម៉ង់ Enrique Sánchez Lansch។ សិក្ខាកាមចំនួន១១នាក់ មកពីមជ្ឈមណ្ឌលបុប្ផាណា ក៏នឹងបង្ហាញភាពយន្តខ្នាតខ្លី របស់ពួកគេ អំពីជីវិតប្រចាំថ្ងៃ និងវប្បធម៌កម្ពុជា។
 
ពិភពលោកមានចលនា (World in Motion) មានភាពយន្តអន្តរជាតិចំនួន១២ ដែលសិក្សាស្វែងយល់ពីបទពិសោធរបស់មនុស្សលើចលនា ការធ្វើចំណាកស្រុក និងការផ្លាស់ប្ដូរទីលំនៅ។ ភាពយន្តទាំងនេះ នឹងប្រាប់ពីរឿងរ៉ាវបុគ្គល និងសហគមន៍ ដែលបង្ហាញទិសដៅ នៃទិដ្ឋភាពសង្គម សេដ្ឋកិច្ច និងនយោបាយដ៏ស្មុគស្មាញ ដើម្បីស្វែងរកសុវត្ថិភាព សន្តិសុខ និងអនាគតដ៏ល្អប្រសើរ។
 
ចំណុចលេចធ្លោនៃកម្មវិធីនេះ រួមមានរឿង “Not So Green Pasture” របស់ Udan Fernando រឿង “Chin Liu Tao” ជាមួយវត្តមានរបស់អ្នកដឹកនាំរឿង និងការចូលរួមពីអ្នកដឹកនាំរឿងជនជាតិបារាំង Elise Darblay និង Antoine Depeyre ដើម្បីបង្ហាញខ្សែភាពយន្ត ដែលទទួលបានពានរង្វាន់ជាច្រើន គឺរឿង “The Light Of Women”។ 
  

 
ភពផែនដីដ៏ស្រស់ស្អាត (Beautiful Planet)

ភពផែនដីដ៏ស្រស់ស្អាត (Beautiful Planet) គឺជាគម្រោងមួយរបស់ CIFF ដែលសំដៅដល់ការអប់រំ ស្ដីពីបរិស្ថាន និងការបន្សាំទៅនឹងបម្រែបម្រួលអាកាសធាតុ។ ដោយសារការយល់ដឹង  អំពីបញ្ហាទាំងនេះ មានសារសំខាន់ សម្រាប់ពួកយើង ក្នុងការផ្លាស់ប្ដូរវិធីសាស្រ្ត និងការសង្គ្រោះជីវៈចម្រុះ ដែលមនុស្សជាតិ ត្រូវការដើម្បីរស់រាន មានជីវិតនៅលើភពផែនដី ដ៏ស្រស់ស្អាត។ 
 
ភពផែនដីដ៏ស្រស់ស្អាត នឹងផ្ដោតសំខាន់លើ “អ្នករុករក” (Explorer) “របកគំហើញ ទន្លេមេគង្គ” (Mekong Discovery) និង “សំឡេងជនជាតិដើមភាគតិច” (Indigenous Voices) រួមមានភាពយន្តជាង៣០ អំពីសហគមន៍ និងការអប់រំ ដោយអ្នកដឹកនាំរឿងកម្ពុជា និងអន្តរជាតិ បានចងក្រងឯកសារ អំពីបញ្ហាក្នុងសម័យច​ម្រុះ និងបញ្ហាប្រឈមនានា ជុំវិញពិភពលោក។ 
 
ប្រធានបទរួមមាន សត្វព្រៃ និងជីវចម្រុះ បញ្ហាជនជាតិដើមភាគតិច សហគមន៍កម្ពុជា និងទស្សនៈនានា ពីបណ្ដាប្រទេសអាស៊ីអាគ្នេយ៍។ ផលិតករភាពយន្តអន្តរជាតិ នឹងចូលរួមមហោស្រព CIFF រួមទាំងអ្នកដឹកនាំរឿងជនជាតិប៊ែលហ្ស៊ិក នៃរឿង “A World of 3 Zeros” ដែលជាភាពយន្ត ស្ដីពីការអភិវឌ្ឍប្រកបដោយចីរភាព ខណៈដែលអ្នកដឹកនាំរឿងឥណ្ឌា Adarsh Raju ក៏នឹងបង្ហាញភាពយន្តរឿង “Kodagu” ដែលផ្ដោតសំខាន់ លើជីវិតតាមដងទន្លេ។
 
កម្មវិធីជុំវិញទន្លេមេគង្គ (The Mekong Discovery Days) នឹងប្រព្រឹត្តទៅនៅ CJCC (បន្ទប់អង្គរ-គីហ្សូណា) នៅថ្ងៃទី២៧ និង២៨ ខែមិថុនា និងមានការចាក់បញ្ចាំងភាពយន្តខ្នាតវែង កិច្ចពិភាក្សា ពិព័រណ៍រូបថត បទបង្ហាញ និងវេទិកាជាមួយដៃគូនានា ដូចជា UNDP កម្មវិធីស្បៀងអាហារពិភពលោក ក្រសួងកសិកម្ម Wonders of the Mekong មូលនិធិ Heinrich Boll, Flora and Fauna International, Conservation international, Birds of Cambodia Education & Conservation, Ruy Reach, Junlen, Marine Conservation Cambodia។
  

 
CIFF សម្រាប់គ្រួសារ (CIFF for Family) 

កុមារនិងក្រុមគ្រួសារ ក៏អាចរីករាយជាមួយនឹងភាពយន្ត គំនូរជីវចលខ្នាតខ្លី ប្រកបដោយគុណភាព និងភាពចម្រុះ នៅក្នុងកម្មវិធី គំនូវជីវចលនៃពិភពលោក (Cartoons of the World) ក៏ដូចជាភាពយន្តសម្រាប់គ្រួសារល្អៗមួយចំនួន រួមមានរឿងនិទានគំនូរជីវចលខ្មែរដោយ Colin Tie និងភាពយន្តគំនូរជីវចលឥណ្ឌា ដែលផ្ដោតលើបរិស្ថាន គឺរឿង “Return to the Jungle”។
 
សូមរំលឹកថា មហោស្រពភាពយន្តអន្តរជាតិ គឺជាព្រឹត្តិការណ៍ភាពយន្ត និងវប្បធម៌អន្តរជាតិ ដ៏ធំបំផុតរបស់កម្ពុជា។ មហោស្រពបានចាប់ផ្ដើមនៅក្នុងឆ្នាំ ២០១០ ដោយបានដើរតួជាកាតាលីករ សម្រាប់គំនិតផ្ដួចផ្ដើម ក្នុងវិស័យភាពយន្ត ដែលប្រមូលផ្ដុំអ្នកចូលរួមច្រើនជាង ២ម៉ឺននាក់ ជារៀងរាល់ឆ្នាំ។ មហោស្រព CIFF ក៏ដើរតួជាស្ពានតភ្ជាប់រវាងប្រទេសកម្ពុជា និងពិភពលោក តាមរយៈភាសាសកលនៃភាពយន្ត និងវប្បធម៌។  CIFF ក៏ជំរុញដល់ការចរាចរនៃភាពយន្តក្នុងតំបន់ និងលើកកម្ពស់ផលិតកម្មកម្ពុជា ទៅកាន់ឆាកអន្តរជាតិ៕
  

 
 
 

Tag:
 សិល្បៈ​​
  ភាពយន្ត
  មហោស្រព
© រក្សាសិទ្ធិដោយ thmeythmey.com