ជាតិ
ក្រមសីលធម៌ និងកាតព្វកិច្ច សម្រាប់អ្នកនៅក្នុងវិស័យសិល្បៈ ដែលក្រសួងវប្បធម៌បានកំណត់
24, Jun 2024 , 7:29 am        
រូបភាព
រូបតំណាង
រូបតំណាង
ភ្នំពេញ៖ ដើម្បីលើកម្ពស់កិត្យានុភាពជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាព និងទប់ស្កាត់ផលប៉ះពាល់ ដែលមានលក្ខណៈអវិជ្ជមាន ចំពោះសិល្បៈប្រពៃណីជាតិ ក្រសួងវប្បធម៌ បានចេញប្រកាសស្ដីពី ក្រមសីលធម៌នៃអ្នកសិល្បៈ  និងកាតព្វកិច្ចនានា ឱ្យអ្នកក្នុងវិស័យសិល្បៈគោរពតាម។

ក្រសួងវប្បធម៌ តម្រូវឱ្យអ្នកសិល្បៈទាំងអស់ ត្រូវមានភក្ដីភាពចំពោះ ជាតិ សាសនា និងព្រះមហាក្សត្រ។ ជាពិសេសត្រូវប្រកាន់ខ្ជាប់នូវស្មាតីសាមគ្គីភាព ឯកភាពជាតិខ្ពស់ ដោយចេះជួយគ្នាទៅវិញទៅមក ស្របតាមវប្បធម៌ ប្រពៃណីដ៏ថ្លៃថ្លានៃដូនតាខ្មែរ។
 
អ្នកសិល្បៈ ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍សីលធម៌ គុណធម៌ សច្ចធម៌ ទាំងសំណេរ ទាំងការប្រើប្រាស់ពាក្យពេចន៍ កាយវិការ សកម្មភាព ឥរិយាបថ ការស្លៀកពាក់ ដោយរក្សាឱ្យបាននូវភាពថ្លៃថ្នូរ ដើម្បីរួមចំណែក លើកកម្ពស់សីលធម៌សង្គម និងកិត្យានុភាពជាតិ។ មិនតែប៉ុណ្ណោះ ត្រូវគោរពស្រឡាញ់ការងារ ចំណេះ ជំនាញ ទាំងតម្លៃពិតខាងស្មារតី និងបច្ចេកទេស។ នេះបើតាមក្រសួង។
 
អ្នកសិល្បៈ ត្រូវផ្ទេរចំណេះជំនាញដែលខ្លួនមាន ឱ្យបានដល់អ្នកបន្តវេនជំនាន់ក្រោយ និងត្រូវមានមនសិការចូលរួមអនុវត្ត ឱ្យបានសម្រេចនូវ “គោលនយោបាយជាតិ ស្ដីពីវិស័យវប្បធម៌” និងការលើកស្ទួយកិច្ចការសង្គម។ ជាពិសេសត្រូវប្រកាន់ខ្ជាប់នូវមនសិការ ជាអ្នកបន្តវេនមរតកវប្បធម៌ ដ៏ល្អផូរផង់របស់បុព្វបុរសខ្មែរ និងជាគំរូដ៏ប្រពៃថ្លៃថ្លា ដល់អ្នកបន្តវេនជំនាន់ក្រោយៗទៀត។
 
បន្ថែមពីនេះ អ្នកសិល្បៈ ត្រូវចៀសវាងឱ្យបានដាច់ខាត នូវគ្រប់សកម្មភាព និងឥរិយាបថទាំងឡាញណា ដែលមានផលប៉ះពាល់ជាលក្ខណៈអវិជ្ជមាន ដល់វប្បធម៌ ប្រពៃណី និងកិត្យានុភាពជាតិ។ ពួកគេ ក៏ត្រូវចៀសវាងឱ្យបាននូវប្រឌិតញាណ ការសម្ដែងដែលមានលក្ខណៈអុជអាល បំបែបំបាក់ ប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និងជំនឿសាសនា។ ក្រសួងបន្ថែមដូច្នេះ៖
 
កាតព្វកិច្ចនៃអ្នកបង្កើតស្នាដៃ 

អ្នកបង្កើតស្នាដៃ ត្រូវបង្កើតស្នាដៃចេញពីសមត្ថភាព នៃប្រឌិតញាណរបស់ខ្លួនដោយផ្ទាល់។ ត្រូវរក្សាឱ្យបាននូវពណ៌សម្បុរ និងអត្តសញ្ញាណជាតិ។ ត្រូវប្រមូលផ្ដុំលើការអប់រំស្របតាម “គោលនយោបាយជាតិ ស្ដីពីវិស័យវប្បធម៌” និងត្រូវគោរពឱ្យបាននូវគោលការណ៍សច្ចធម៌ គុណធម៌ និងសោភណភាពស្របតាមអត្តសញ្ញាណជាតិ។
 
អ្នកសិល្បៈ ត្រូវបង្កប់នូវគំនិតនិងទស្សនៈល្អៗ ដែលមានគុណប្រយោជន៍ ដល់ការលើកកម្ពស់ការអប់រំសីលធម៌ គុណធម៌ មនសិការស្នេហាជាតិ ស្នេហាវប្បធម៌ និងការអភិវឌ្ឍសង្គម។ អ្នកសិល្បៈ ត្រូវប្រកាន់ខ្ជាប់នូវមនសិការចូលរួម គាំទ្រគ្រប់សកម្មភាពអប់រំ និងកិច្ចការសង្គម។ លើសពីនេះ ត្រូវផ្អែកទៅលើគោលការណ៍ ឯករាជ្យភាព សុចរិតភាព សច្ចភាព និងគុណភាព។ ត្រូវចៀសវាងឱ្យបាននូវ ការបង្កើតស្នាដៃដែលមានលក្ខណៈអុជអាល បំបែកបំបាក់ ប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និងជំនឿសាសនា។ ជាពិសេសត្រូវតម្កល់ស្នាដៃរបស់ខ្លួន ទុកជាកេរដំណែល សម្រាប់មនុស្សជំនាន់ក្រោយ ពិសេសចងក្រងឯកសារ ដែលបានសិក្សាស្រាវជ្រាវ រកឃើញទុកជាក្បួនតម្រា។
 
កាតព្វកិច្ចនៃអ្នកសម្ដែង 
អ្នកសម្ដែង ត្រូវរក្សាឱ្យបាននូវសុជីវធម៌ សីលធម៌ ភាពថ្លៃថ្នូ ទាំងកាយវិការ ការស្លៀកពាក់ និងវោហារសព្ទ។ ត្រូវគោរពវិន័យឱ្យបានត្រឹមត្រូវ ទាំងក្នុងពេលហាត់សម មុនសម្ដែង ពេលកំពុងសម្ដែង និងក្រោយពេលសម្ដែង។ ត្រូវចៀសវាងឱ្យបាន នូវអំពើទាំងឡាយណា ដែលធ្វើឱ្យអាប់ឱន វិជ្ជាជីវៈនៃអ្នកសិល្បៈ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។ ត្រូវចៀសវាងឱ្យបានដាច់ខាត នូវការប្រើប្រាស់កាយវិការ និងពាក្យពេចន៍ ដែលមានលក្ខណៈ អាសអាភាស អសុរោះ ញុះញង់ អុជអាល និងបំបែកបំបាក់។
 
អ្នកសិល្បៈ មិនត្រូវយកអារម្មណ៍មិនល្អ ពីខាងក្រៅទៅប្រើប្រាស់ក្នុងពេលសម្ដែង ដែលនាំឱ្យប៉ះពាល់ ឬ ខូចខាតដល់គុណភាពសម្ដែងដល់កិត្តិយស សហការីរួមការងារជាមួយគ្នា និង ត្រូវផ្ចង់អារម្មណ៍ ដើម្បីលើកតម្លៃទាំងបច្ចេកទេស និងស្មារតីក្នុងការសម្ដែង។ ជាពិសេសមិនត្រូវធ្វើឱ្យបាត់បង់គុណតម្លៃ ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួន ក្រោមលក្ខខណ្ឌនៃកិច្ចសន្យាណាមួយឡើយ។ អ្នកសិល្បៈ មិនត្រូវយកភាពល្បីល្បាញរបស់ខ្លួន ទៅគាប់សង្កត់ធ្វើឱ្យខូចប្រយោជន៍ ដល់អ្នកដទៃ ទោះក្នុងរូបភាពណាក៏ដោយ៕
 
 
 

Tag:
 សិល្បៈ
  វប្បធម៌
  ក្រសួងវប្បធម៌
  ក្រមសីលធម៌
© រក្សាសិទ្ធិដោយ thmeythmey.com