កីឡាអន្តរជាតិ
អន្តរជាតិ
មេបាល់ទាត់ម៉ាឡេស៊ី ផ្តល់យោបល់ឱ្យកីឡាករជួលអង្គរក្ស ក្រោយរងការវាយប្រហារបន្តបន្ទាប់
× ប្រធានសហព័ន្ធកីឡាបាល់ទាត់ម៉ាឡេស៊ី (FAM) ផ្តល់យោបល់ឱ្យកីឡាករពិចារណាជួលអង្គរក្ស ខណៈក្លិប Johor Darul Ta'zim (JDT) បានបង្កើនសុវត្ថិភាពសម្រាប់ក្រុម ក្រោយកីឡាករខ្លួន Safiq Rahim បានក្លាយជាកីឡាករទី៣ បន្ទាប់ពី Faisal Halim សមាជិកក្រុម Selangor FC រងការវាយប្រហារជាបន្តបន្ទាប់ នៅសប្តាហ៍មុន។
Faisal Halim សមាជិកក្រុមកីឡាបាល់ទាត់ជម្រើសជាតិម៉ាឡេស៊ី និងក្លិប Selangor ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅឡើយ ក្រោយរងការជះទឹកអាស៊ីត នៅក្នុងផ្សារទំនើបមួយកន្លែង ក្នុងក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី៥ ខែឧសភា។
មួយថ្ងៃបន្ទាប់ អតីតប្រធានក្រុមជម្រើសជាតិម៉ាឡេស៊ី Safiq ក៏ត្រូវបានរងការវាយកញ្ចក់រថយន្តពីជនមិនស្គាល់អត្តសញ្ញានមួយករណីទៀត។ Safiq សមាជិកក្រុម Johor ដែលមិនមានរបួសនៅក្នុងឧបទ្ទវហេតុនោះ រៀបរាប់ថាមានបុរសពីរនាក់ជិះម៉ូតូដោយមានញញួរនឹងដៃផងបានចូលមកជិតរថយន្តខ្លួនដែលឈប់ក្បែរទីលានហ្វឹកហាត់ ហើយវាយកញ្ចក់ខាងក្រោយ។
ក្លិប Johor ដែលគ្រប់គ្រងដោយព្រះអង្គម្ចាស់ Johor បានអំពាវនាវឱ្យប៉ូលីសស៊ើបអង្កេតការវាយប្រហារលើ Safiq និងណែនាំឱ្យសមាជិកក្រុមខ្លួន ឱ្យប្រុងប្រយ័ត្នចំពោះអ្នកជុំវិញខ្លួន ក្រោយហេតុការណ៍អាក្រក់កើតឡើងជាបន្តបន្ទាប់។
មុនករណីទាំងពីរខាងលើ ខ្សែបម្រើស្លាប Akhyar Rashid របស់ក្លិប Terengganu FC និងជម្រើសជាតិម៉ាឡេស៊ី បានរងរបួសក្បាល និងជើង បន្ទាប់ពីត្រូវចោរប្លន់ពីរនាក់ វាយធ្វើបាប នៅក្បែរផ្ទះ ក្នុងទីក្រុង Kuala Terengganu ខណៈ ជនសង្ស័យបានរត់គេចខ្លួនបន្ទាប់ពីបានយកប្រាក់បាន ហើយសមត្ថកិច្ចរកមិនឃើញជនដៃដល់ឡើយ។
លោក Hamidin Mohd Amin ប្រធាន FAM បានផ្តល់យោបល់ឱ្យកីឡាករដែលមានប្រជាប្រិយ និងលេចធ្លោតាមក្លិបនីមួយៗ គួរតែចាត់វិធានការសុវត្ថិភាពបន្ថែម ដូចជាការជួលអង្គរក្សផ្ទាល់ខ្លួនជាដើម។
តាមការចុះផ្សាយរបស់កាសែត New Straits Times លោក Amin និយាយថា៖«កីឡាករមួយចំនួន ដែលមានភាពលេចធ្លោនិងទទួលបានការចាប់អារម្មណ៍ ហើយអាចមានលទ្ធភាពហិរញ្ញវត្ថុ គួរតែជួលអង្គរក្សការពារសុវត្ថិភាពបន្ថែមទៀត ចៀសវាងជួបហេតុការណ៍អាក្រក់»។
ប្រធាន FAM បន្ថែមថា កីឡាករបាល់ទាត់ល្បីៗជុំវិញពិភពលោកសុទ្ធតែមានអង្គរក្សផ្ទាល់ខ្លួន ខណៈកីឡាករល្បីៗនៅម៉ាឡេស៊ី ក៏គួរគិតគូពីសុវត្ថិភាពរបស់ពួកគេដូចគ្នាដែរ៕
Tag:
Faisal Halim
Safiq Rahim
FAM
© រក្សាសិទ្ធិដោយ thmeythmey.com