កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករវាយសីចិនម្នាក់ស្លាប់ បន្ទាប់ពីដួលក្នុងទីលានប្រកួតនៅឥណ្ឌូណេស៊ី ![](https://image.thmeythmey.com/pictures/2024/07/01/capture.jpg)
×![]()
កីឡាករវាយសីចិន Zhang Zhijie អាយុ ១៧ឆ្នាំ បានស្លាប់បន្ទាប់ពីដួលនៅលើទីលានក្នុងអំឡុងការប្រកួតអន្តរជាតិ ព្រឹត្តិការណ៍ Badminton Asia Junior Championships អាយុក្រោយ១៩ឆ្នាំ នៅទីក្រុង Yogyakarta ប្រទេសឥណ្ឌូណេស៊ី។ នេះបើតាមការបញ្ជាក់របស់មន្ត្រីកីឡាវាយសី នៅថ្ងៃទី១ ខែកក្កដានេះ។
ក្នុងជំនួបដំបូងទល់នឹងកីឡាករជប៉ុន Kazuma Kawano នៅថ្ងៃទី៣០ ស្របពេលពិន្ទុប្រដេញគ្នា ១១-១១ Zhang បានលើឥដ្ឋក្នុងទីលាន។ ភ្លាមៗ ក្រុមគ្រូពេទ្យបានចូលទៅពិនិត្យអាការ មុនសម្រេចដាក់រថយន្តសង្គ្រោះទៅមន្ទីរពេទ្យ ប៉ុន្តែជាអកុសល យុវជនរូបនេះបានបាត់បង់ជីវិត។
កីឡាវាយសីអាស៊ី និងសហព័ន្ធកីឡាវាយសីឥណ្ឌូណេស៊ី (PBSI) បានចេញសេចក្តីប្រកាសពីការស្លាប់របស់កីឡាករវាយស៊ី Zhang ផ្នែកបុរសលើវិញ្ញាសាឯកត្តជន ដែលខ្លួនបានរៀបចំ នៅឆ្នាំ២០២៤។
PBSI អះអាងថាមន្ត្រីអ្នករៀបចំ និងក្រុមគ្រូពេទ្យបានយកចិត្តទុកដាក់ចំពោះកីឡាករចូលរួមពីគ្រប់បណ្តាប្រទេស ដោយមិនមានការយឺតយ៉ាវក្នុងការសង្គ្រោះណាមួយឡើយ។
ទាំងសហព័ន្ធកីឡាវាយសីអាស៊ី រួមជាមួយ PBSI និងគណៈកម្មាធិការរៀបចំមានការសោកស្ដាយ និងចូលរួមរំលែកទុក្ខចំពោះឪពុកម្តាយ គ្រួសារកីឡាករវាយសីយុវជនអាយុ១៧ឆ្នាំ Zhang និងសហព័ន្ធកីឡាវាយសីចិនផងដែរ ចំពោះការបាត់បង់ធនធានកីឡាករដែលមានទេពកោសល្យម្នាក់។
ព្រឹត្តិការណ៍កីឡាវាយសីអន្តរជាតិ Badminton Asia Junior Championships U19 ឆ្នាំ ២០២៤ ដែលឥណ្ឌូណេស៊ីទទួលសិទ្ធធ្វើម្ចាស់ផ្ទះ ធ្វើឡើងពីថ្ងៃទី២៨ ខែមិថុនា ដល់ថ្ងៃទី២ ខែកក្កដា។ ការប្រកួតនេះមាន១៥ប្រទេសពីតំបន់អាស៊ីចូលរួមដណ្តើមមេដាយ៕
© រក្សាសិទ្ធិដោយ thmeythmey.com