សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេងយៀត នាមឆាយា សីលសំវរោ ត្រូវបានតែងតាំងជាព្រះចៅអធិការវត្តឧណ្ណាលោម បន្តព្រះសម្តេចព្រះអគ្គមហាសង្ឃរាជ ទេព វង្ស។ នេះបើតាមប្រកាសនីយប័ត្រតែងតាំងពីសំណាក់សម្តេចព្រះពោធិវ័ង្ស អំ លីមហេង សម្តេចព្រះសង្ឃនាយកស្តីទី និងមានការឯកភាពពីលោក ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា កាលពីថ្ងៃទី២៤ ខែមិថុនា។
ប្រសូតនៅឆ្នាំ១៩៧៩ នៅស្រុកថ្មគោល ខេត្តបាត់ដំបង សម្តេចសង្ឃ យ៉ន សេងយៀត បួសបាន៣៣វស្សា។ សម្តេចត្រូវបានគេស្គាល់ថា ជាបញ្ញវន្តសង្ឃដំបូងបំផុតដែលបានបញ្ចប់ការសិក្សាថ្នាក់ក្រោយបណ្ឌិតពីសាកលវិទ្យាល័យ Harvard ដ៏ល្បីល្បាញនៅសហរដ្ឋអាម៉េរិក និងទូទាំងពិភពលោក។ ក្រៅពីតួនាទីជាអនុប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក ព្រះអង្គជាព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ព្រះប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋ ព្រះបាឡាត់គណរាជធានីភ្នំពេញ និងជាព្រះប្រធានគណៈគ្រប់គ្រងវត្តឧណ្ណោលោម។
វត្តឧណ្ណាលោមស្ថិតក្នុងចំណោមវត្តចំណាស់ទាំង៦ ដែលត្រូវបានសម្តេចព្រះបរមរាជា (ពញាយ៉ាត) ត្រាស់បង្កាប់ឱ្យកសាង កាលពីអំឡុងឆ្នាំ១៤៤២ ក្រោយពីព្រះអង្គប្តូររាជធានីអង្គរ មកចតុម្មុខ។ តាមកម្រងឯកសារ «ប្រវត្តិនៃវត្តឧណ្ណាលោម» ដែលរៀបរៀងដោយសម្តេចព្រះមហាសុមេធាតិបតី ជួន ណាត ជោតញ្ញាណោ បោះពុម្ពនៅឆ្នាំ១៩៦៣ ការកសាងវត្តទាំង៦នោះ គឺអនុវត្តបន្ទាប់ពីស្តេចពញាយ៉ាត បញ្ជាឱ្យកសាងវិហារលើទីដីខ្ពស់ត្រង់កន្លែងវិហារចាស់របស់ដូនពេញ ហើយទ្រង់បញ្ញត្តឱ្យហៅវត្តភ្នំដូនពេញថា «វត្តព្រះចេតិយបព៌ត» ដែលក្រោយមកប្រែក្លាយជាវត្តភ្នំដូនពេញ វត្តភ្នំពេញ ឬវត្តភ្នំ វិញ។
វត្តទាំង៦នោះរួមមាន វត្តកោះ នៅត្រង់ទិសខាងកើតឆៀងអាគ្នេយ៍ភ្នំដូនពេញ វត្តលង្កា នៅត្រង់ទិសខាងកើតឆៀងឦសានភ្នំដូនពេញ, វត្តព្រះពុទ្ធឃោសា នៅត្រង់ខាងត្បូងព្រែកចិនដំដែក នាទិសខាងជើងភ្នំពេញដូនពេញ, វត្តពាមផ្លុង នៅខាងទិសអាគ្នេយ៍ ភ្នំដូនពេញ, វត្តឧណ្ណាលោម ដែលយកតាមនាមមានស្រាប់ និងវត្តខ្ពបតាយ៉ង ដោយយកតាមតាម្នាក់ឈ្មោះ យ៉ង ដែលជាអ្នកជីកខ្ពប ហើយបច្ចុប្បន្ន ជាវត្តបទុមវតី។
![](https://image.thmeythmey.com/pictures/2024/06/28/1.jpg)
តាមកំណត់ត្រារបស់សម្តេចព្រះមហាសង្ឃរាជ ជួន ណាត «ឧណ្ណាលោម» ចេញពីពាក្យបាលី ពាក្យសំស្ក្រឹត ឧណ៌ាលោម ដែលប្រែថា «រោមប្រជុំចិញ្ចើម» គឺរោមដែលដុះត្រង់ប្រជុំនៃចិញ្ចើមទាំងពីរផ្សេងគ្នាពីរោមចិញ្ចើមប្រក្រតី។ ក្នុងព្រះរាជពង្សាវតារ ប្រាប់ថា ព្រះបាទ សម្តេចព្រះបរមរាជា ទ្រង់ប្រទាននាមវត្តនេះ តាមនាមដើមស្រាប់ ជានាមនៃចេតិយធំដែលបញ្ចុះព្រះឧណ្ណាលោមនៃព្រះអស្សជិតត្ថេរ ដោយពុំមានប្រវត្តិពិស្តារបន្ថែមឡើយ។
តាមការពន្យល់ក្នុងវចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត វត្តដ៏ធំមួយក្នុងក្រុងភ្នំពេញនោះ មានចេតិយបុរាណធំមួយនៅខាងក្រោយឧបោសថាគារ មានចេតិយធំបន្ទាប់ ៥ព័ទ្ធជុំវិញ តភ្ជាប់នឹងចេតិយធំ; ក្នុងចេតិយធំនោះ តាមសេចក្ដីតំណាលថា គេបញ្ចុះរោមប្រជុំចិញ្ចើមនៃព្រះមហាថេរមួយអង្គមាននាមពុំប្រាកដ ...។ លុះដល់មកពុទ្ធសករាជ ២៤២៣ សម្ដេចព្រះមហាសង្ឃរាជព្រះនាម ទៀង (សុវណ្ណកេសរៈ) បានបញ្ចុះព្រះបរមសារីរិកធាតុនៃព្រះសក្យមុនីសម្មាសម្ពុទ្ធមួយព្រះអង្គតូចក្នុងចេតិយធំកណ្ដាល, ព្រះបរមធាតុនោះ ព្រះសិរីសុមង្គលាចារ្យ ជាសង្ឃនាយកនៅលង្កាទ្វីបបានចាត់មហាថេរមួយរូបឈ្មោះ នាថវីរិយ ឱ្យនាំមកថ្វាយ (តាមអក្សរចារឹក នៅលើមាត់ទ្វារចេតិយទាំងគូខាងមុខចេតិយធំ)។ ពាក្យនេះខ្មែរប្រើជា រាជស័ព្ទ ថា ព្រះឧណ្ណាលោម «រោមប្រជុំចិញ្ចើមព្រះសម្ពុទ្ធឬក្សត្រិយ៍» ដែលកម្រមនុស្សណាមាន)។
តាំងពីរជ្ជកាលព្រះបាទព្រះបរមរាជា (ពញាយ៉ាត) វត្តឧណ្ណាលោម រមែងមានភិក្ខុសង្ឃនៅជាប់មិនដែលដាច់ដរាបមក គ្រាន់តែពុំច្បាស់ថា តំណចៅអធិការពីមួយមកមួយទៀតតៗរៀងមកប៉ុណ្ណោះ។ ក្នុងព្រះរាជពង្សាវតារមានសេចក្តីបញ្ជាក់ត្រឹមតែ ព្រះពោធិវង្ស (ឯក) មួយអង្គប៉ុណ្ណោះ ក្នុងរជ្ជកាលព្រះបាទ សម្តេចព្រះជ័យចេស្តា ។ លុះដល់រជ្ជកាលព្រះបាទសម្តេចព្រះនរោត្តម ស្តេចយាងចេញចាកពីក្រុងឧដុង្គមានជ័យ មកគង់នៅភ្នំពេញ សម្តេចព្រះមហាសង្ឃរាជ ព្រះនាមទៀង និងព្រះរាជាគណៈឋាននុក្រមច្រើនរូប មានព្រះមហាវិមលធម្មនាម កុយ ព្រះពុទ្ធឃោសាចារ្យនាម ប្រាក់ ក៏បានចាកចេញពីវត្តប្រាង្គក្រុងឧដុង្គមានជ័យ មកគង់នៅវត្តឧណ្ណាលោម ផងដែរ។
![](https://image.thmeythmey.com/pictures/2024/06/28/2.jpg)
នាសម័យកាលនោះ តាមឯកសារ វត្តឧណ្ណាលោមមានព្រះចៅអធិការស្រាប់ នាមលោកគ្រូគង់ ដែលមានសមណស័ក្តិទីរាជាគណៈជាព្រះធម្មវង្សា (លោកតាគង់ ព្រះធម្មវង្សា)។ លោកតាគង់ បានថ្វាយឋានៈព្រះចៅអធិការដល់សម្តេចទៀង ប៉ុន្តែព្រះអង្គមិនព្រម រហូតដល់ព្រះធម្មវង្សា គង់ អនិច្ចធម្មទើប សម្តេចឡើងជាចៅអធិការវត្ត។
ចាប់តាំងពីវជ្ជកាលសម្តេចព្រះនរោត្តម មក ព្រះចៅអធិការវត្តឧណ្ណាលោម រួមមានព្រះធម្មវង្សា គង់, សម្តេចព្រះមហាសង្ឃរាជ ព្រះនាម ទៀង (សុវណ្ណកេសរ), សម្តេចព្រះធម្មលិខិត ព្រះនាម អ៊ុក, ព្រះមហាវិមលធម្ម កែវ គង់, ព្រះពុទ្ធឃោសាចារ្យ ជួន ណាត (ជោតញ្ញាណោ), សម្តេចសង្ឃរាជ ហួត តាត មុនពេលកម្ពុជាធ្លាក់ចូលក្នុងសម័យកាលគ្មានសាសនាក្នុងរបបខ្មែរក្រហម។
ក្រោយឆ្នាំ១៩៧៩ ព្រះវិន័យធរ ទេព វង្ស កាន់តំណែងជាប្រធានសង្ឃវត្តឧណ្ណាលោម ហើយក្រោយសម្តេចព្រះអគ្គមហាសង្សរាជ កាន់តំណែងជាព្រះចៅអធិការវត្តលង្ការចាប់ពីឆ្នាំ១៩៩១ រហូតដល់ព្រះអង្គយាងសោយព្រះទិវង្គតក្នុងព្រះជន្ម៩២ព្រះវស្សា កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤៕