RFI
អន្តរជាតិ
Thales ក្រុមហ៊ុនបារាំងផលិតអាវុធ ជាប់សង្ស័យរឿងពុករលួយច្រើនករណី នៅប្រទេសជាច្រើន ![Theles ក្រុមហ៊ុនបារាំងផលិតអាវុធ ជាប់សង្ស័យរឿងពុករលួយច្រើនករណី នៅប្រទេសជាច្រើន។ REUTERS](https://image.thmeythmey.com/pictures/2024/07/01/1720241620a.jpg)
Theles ក្រុមហ៊ុនបារាំងផលិតអាវុធ ជាប់សង្ស័យរឿងពុករលួយច្រើនករណី នៅប្រទេសជាច្រើន។ REUTERS
×![]()
ដោយ៖ហេង ឧត្តម/RFI ខេមរភាសា
តាឡែស (Thales) ក្រុមហ៊ុនបារាំងផលិតសព្វាវុធ ដ៏ល្បីលំដាប់ពិភពលោក នៅគ្រានេះ កំពុងតែរងក្តីសង្ស័យក្នុងសំណុំរឿងពុករលួយសូកប៉ាន់។ អាជ្ញាធរបារាំង ហូឡង់ និងអេស្ប៉ាញ បានបើកនីតិវិធីឆែកឆេរ នៅសាខាក្រុមហ៊ុនតាឡែស ជាបន្តបន្ទាប់។ អ្នកតំណាងក្រុមហ៊ុនបច្ចេកវិទ្យាសព្វាវុធនេះ បញ្ជាក់ថា ពិតជាមានការឆែកឆររបស់សមត្ថកិច្ចពិតប្រាកដមែន ហើយខ្លួនរីករាយសហការក្នុងដំណើរការស៊ើបអង្កេត។
តាឡែស ជាក្រុមហ៊ុនបច្ចេកវិទ្យាបារាំងដ៏ល្បីល្បាញលំដាប់អន្តរជាតិ មានជំនាញច្រើនយ៉ាង ខាងវិស័យការពារសន្តិសុខ ហើយមានសមត្ថភាពខ្ពស់ខាងផលិតគ្រឿងសព្វាវុធឧបករណ៍ក្នុងផ្នែកយោធា ទាំងជើងទឹក ជើងគោក និងជើងអាកាស។ មានបុគ្គលិក ៨១ ០០០ នាក់ ធ្វើការនៅបណ្តាសាខា ៦៨ ប្រទេស, ក្រុមហ៊ុនលំដាប់ពិភពលោកនេះ មានភាគហ៊ុនច្រើនចូលរួមគ្នា។ ១ចំណែកជារបស់រដ្ឋបារាំង ១ចំណែករបស់ក្រុមហ៊ុនអាកាសចរណ៍ Dassault Aviation ហើយនិងមានម្ចាស់ភាគហ៊ុនច្រើនផ្សេងទៀត។
ក្នុងបរិបទសង្គ្រាមផ្ទុះឡើងខ្លាំង ប៉ុន្មានឆ្នាំចុងក្រោយនេះ ទន្ទឹមនឹងប្រទេសជាច្រើនលើពិភពលោក បានបង្កើតថវិកាការពារជាតិ ក្រុមហ៊ុនតាឡែស ក៏បានចំណេញសកម្មភាពលក់បច្ចេកវិទ្យាសព្វាវុធច្រើនដែរ។ ឆ្នាំ២០២៣ តាឡែសបានសម្រេចចុះកិច្ចសន្យាធំៗ ចំនួន ២៣។ ក្នុងនោះ ១៨កុងត្រា ក្នុងវិស័យការពារជាតិ, កិច្ចសន្យា ៧ ពាក់ព័ន្ធនឹងផ្នែកយោធាជើងអាកាស ហើយនិងកុងត្រាផ្សេងទៀត ពាក់ព័ន្ធនឹងអាកាសចរណ៍ស៊ីវិល និងផ្នែកវិស័យអាវកាស។ តាឡែស ក៏បំបែកកំណត់ត្រា រកបានចំណូលប្រាក់ចំណេញ ១៨,៣ ពាន់លានអឺរ៉ូ ក្នុងឆ្នាំទៅមិញ។
តែក្នុងសប្តាហ៍នេះ ក្រុមហ៊ុនផលិតសព្វាវុធ តាឡែស ត្រូវរដ្ឋអាជ្ញាបារាំង រួមទាំងសមត្ថកិច្ចអេស្ប៉ាញ និង ហូឡង់ បើកនីតិវិធីស៊ើបអង្កេតបឋម និងចុះឆែកឆេរ នៅបណ្តាសាខាជាច្រើន ចាប់ពីថ្ងៃពុធដល់ថ្ងៃសុក្រ ពាក់ព័ន្ធនឹងករណីលក់នាវាមុជទឹកនិងគម្រោងសាងសង់មូលដ្ឋាននាវាយោធា នៅប្រេស៊ីល។ អ្នកតំណាងក្រុមហ៊ុនខ្លួនឯង ក៏បានទទួលស្គាល់ ដោយបានប្រាប់ទីភ្នាក់ងារបារាំងអាអែហ្វប៉េ ថា ពិតជាមានសមត្ថកិច្ចចុះឆែកឆេរ។ ដោយសំអាងថាក្រុមហ៊ុនខ្លួនរកស៊ីគោរពអនុលោមទៅតាមក្របខណ្ឌច្បាប់ជាតិនិងបទដ្ឋានអន្តរជាតិបានត្រឹមត្រូវ តាឡែសមិនភ័យខ្លាចនឹងបើកដៃសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចនោះឡើយ។
ច្រើនឆ្នាំមកនេះហើយ ក្រុមហ៊ុនតាឡែស ជាប់ឈ្មោះអាស្រូវ។ បើតាមប្រភពស្និទ្ធនឹងវិស័យយុត្តិធម៌បារាំង, ក្រុមហ៊ុនតាឡែស ត្រូវជាប់សង្ស័យរឿងពុករលួយសូកប៉ាន់ ទុច្ចរិត និងកេងចំណេញពីជំនួញឥទ្ធិពលថ្នាក់ដឹកនាំបរទេស។ ជាក់ស្តែង នៅខែមិថុនាឆ្នាំទៅមិញ រដ្ឋអាជ្ញាហិរញ្ញវត្ថុបារាំង បានបើកសំណុំរឿងស៊ើបអង្កេតប្រឆាំងនឹងអតីតថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុននេះចំនួន៣ នាក់ និងអ្នកអន្តរការីម្នាក់ផង ជុំវិញករណីពុករលួយ ក្នុងកិច្ចសន្យាលក់នាវាមុជទឹក ឲ្យប្រទេសម៉ាឡេស៊ី កាលពីឆ្នាំ២០០២។ រដ្ឋអាជ្ញាបារាំងក៏ស៊ើបអង្កេតចំពោះការលក់យន្តហោះចម្បាំង Mirage-2000 ឲ្យប្រទេសឥណ្ឌា។ ក្រុមហ៊ុនផលិតអាវុធនេះ ក៏ត្រូវជាប់សង្ស័យថាបានសូកលុយ ថ្លៃទឹកតែ ទៅលោក Jacob Zuma អតីតប្រធានាធិបតីអាហ្វ្រិកខាងត្បូង៕
© រក្សាសិទ្ធិដោយ thmeythmey.com