ជាតិ
សេដ្ឋកិច្ច
សាលាជាតិគយ នឹងក្លាយជាមជ្ឈមណ្ឌលបណ្តុះបណ្តាលប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក
02, Jul 2024 , 7:59 am        
រូបភាព
សាលាជាតិគយ នឹងក្លាយជាមជ្ឈមណ្ឌលបណ្តុះបណ្តាល ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ នេះបើយោងតាមមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ស្តីពីកិច្ចប្រជុំក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការគយអន្តរជាតិលើក១៤៣/១៤៤ របស់អង្គការគយពិភពលោក ។

 
លោកគុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចូលរួមកិច្ចប្រជុំប្រចាំឆ្នាំក្រុមប្រឹក្សាសហប្រតិបត្តិការគយលើកទី១៤៣/១៤៤ នៅទីស្នាក់ការកណ្តាលរបស់អង្គការគយពិភពលោក​ (WCO) នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក កាលពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤។​
 
ក្នុងកិច្ចប្រជុំនេះ លោក គុណ ញឹម បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយ Edward Kieswetterប្រធានអង្គការគយពិភពលោកសម្រាប់ឆ្នាំ២០២៤ និង ២០២៥ ស្តីពីការដាក់សាលាជាតិគយទៅជាមជ្ឈមណ្ឌលបណ្តុះបណ្តាលប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិករបស់អង្គការគយពិភពលោកនៅកម្ពុជា (WCO Regional Training Center in the Asia Pacific)។ 
 


ក្រៅពីនេះលោក គុណ ញឹម បានពិភាក្សាទ្វេភាគីជាមួយគណៈប្រតិភូនៃរដ្ឋបាលគយឥណ្ឌា ដើម្បីពន្លឿនការរៀបចំឯកសារក្របខណ្ឌ ស្តីពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលគយទាំងពីរ និងការគាំទ្រគ្នានៅក្នុងតំបន់ និងជាមួយជាមួយរដ្ឋបាលគយ ហ្វីលីពីន ដើម្បីពិនិត្យលទ្ធភាពរៀបចំសេចក្តីព្រាងអនុស្សរណៈយោគយល់គ្នាលើការជួយគ្នាលើកិច្ចការគយ។ មួយគ្នានេះ  អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏បានជួបជាមួយរដ្ឋបាលគយបេឡារុស ដើម្បីបន្តជំរុញពន្លឿននីតិវិធីផ្ទៃក្នុង សំដៅចុះហត្ថលេខាលើ អនុស្សរណៈ យោគយល់គ្នាលើកិច្ចសហប្រតិបត្តការ និងការជួយគ្នាទៅវិញទៅមកលើការងារគយ ផងដែរ ។
 
បើតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នាថ្ងៃទី១កក្កដា​ កិច្ចប្រជុំប្រចាំឆ្នាំក្រុមប្រឹក្សាសហប្រតិបត្តិការគយលើកទី១៤៣/១៤៤ ដែលកម្ពុជាចូលរួមជាមួយតំណាងរដ្ឋបាលគយទាំង១៨៦ប្រទេសនេះ គឺដើម្បីជំរុញកំណើនសេដ្ឋកិច្ច, កិច្ចសម្រួលពាណិជ្ជកម្ម, ការការពារសន្តិសុខ និងខ្សែច្រវាក់ផ្គត់ផ្គង់,​ ការធ្វើបរិវត្តកម្មឌីជីថល, ការលើកកម្ពស់សមភាពយេនឌ័រក្នុងរដ្ឋបាលគយ និងការ​អភិវឌ្ឍភាពធន់ក្រោមភាពមិនច្បាស់ និងតឹងតែងនៃសេដ្ឋកិច្ចពិភពលោក​ ។​
 


កិច្ចពិភាក្សាខាងលើ​ ផ្តោតសំខាន់លើការកសាងសមត្ថភាព​, ការងារបច្ចេកទេសគយ ជាពិសេស​របាយការណ៍នៃការសិក្សាពិនិត្យឡើងវិញជាយុទ្ធសាស្រ្តលើប្រព័ន្ធសុខដុមនីកម្ម (HS)។ លើសពីនេះ កិច្ចប្រជុំក៏ផ្តោតលើអនុលោមភាព និងកិច្ចសម្រួលពាណិជ្ជកម្ម, គោលនយោបាយ និងអភិបាលកិច្ចរបស់ WCO និង , កិច្ចការហិរញ្ញវត្ថុ និងសវនកម្មរបស់ WCO ។ 
 
ទន្ទឹមនេះ អង្គប្រជុំក៏បានពិភាក្សាយ៉ាងផុសផុលលើការងារពាក់ព័ន្ធនឹងគោលដៅយុទ្ធសាស្រ្តចំបងរបស់ WCO រួមមាន៖ កិច្ចសម្រួលពាណិជ្ជកម្ម, ការប្រមូលចំណូល, សន្តិសុខ និងការពារសង្គម, ការអភិវឌ្ឍរដ្ឋបាលគយវៃឆ្លាតដោយប្រើប្រាស់AI, គម្រោងរដ្ឋបាលគយបៃតង, ពាណិជ្ជកម្មអេឡិចត្រូនិក, ការលើកកម្ពស់សមភាពយេនឌ័រ និងបរិយាប័ន និងការអភិវឌ្ឍ/កែទម្រង់របស់ WCO ។
 
អង្គប្រជុំក៏បានពិភាក្សា និងអនុម័តលើឯកសារសំខាន់ៗមួយចំនួនរួមមាន៖ ១.ផែនការអនុវត្ត ឆ្នាំ២០២៤-២០២៥ ២.ផែនការយុទ្ធសាស្រ្តឆ្នាំ២០២៥-២០២៨ ៣. គោលនយោបាយកែទម្រង់របស់ WCO ៤.សេចក្តីសម្រេចស្តីពីការពង្រឹងភាពធន់រវាងរដ្ឋបាលគយ និងវិស័យឧស្សាហកម្ម ។ បើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕ 

Tag:
 គយ
  សាលាជាតិគយ
© រក្សាសិទ្ធិដោយ thmeythmey.com