ជាតិ
អស់ពី​ដង្កូវហ្វូង, ​ផ្ទុះការរាតត្បាត​«រុយស»​ ​បំ​ផ្លាញ​ដំណាំស្រូវ នៅខេត្តព្រៃវែង ស្វាយរៀង និងតាកែវ
02, Jul 2024 , 9:59 am        
រូបភាព
ខេត្តព្រៃវែង ស្វាយរៀង និងខេត្តតាកែវ កំពុងរងការរាតត្បាតពីសត្វ«រុយស» ស៊ីបំផ្លាញ​ដំណាំ​ស្រូវ​ ខណៈដែល​កម្ពុជា ទើបតែទប់ស្កាត់បាន ការរាលដាលនៃសត្វដង្កូវហ្វូង មិនបានប៉ុន្មានផង។

 
កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម  បានជូនដំណឹងនេះប្រាប់ដល់ក្រុម​អ្នក​សារព័ត៌មាននៅក្នុងប្រព័ន្ធតេឡេ ក្រាមថា ដ្បិតតែការរាតត្បាតនេះ ទើបតែកើតឡើង ប៉ុន្តែសត្វរុយស ពិបាកកម្ចាត់ជាង សត្វដង្កូវហ្វូង កន្លងមក ដែល​វាធន់នឹងថ្នាំជាង និងអាចហើរចេញពីទីតាំងដើម ទៅ​បង្ក​ការរាតត្បាតនៅកន្លែងផ្សេងទៀត។
 
«ដោយសារសត្វរុយសនេះ វាធន់នឹងថ្នាំ ជាងសត្វ​ដង្កូវ​ហ្វូង ដែលយើងជួបប្រទះកន្លងមក។ ហើយម្យ៉ាងវិញទៀត នៅពេលយើងប្រើថ្នាំបង្ក្រាប សត្វរុយ​នេះ វាខុសពីដង្កូវហ្វូង ដែលដង្កូវហ្វូងអត់អាចហោះទៅណាបានទេ តែយើងបាញ់​ថ្នាំ​ងាប់នៅនឹងកន្លែង ឬក៏ទឹកមកពន្លិចវាងាប់ហើយ។ ប្លែកពីដង្កូវហ្វូង រុយសនេះ នៅពេល​យើងបាញ់ថ្នាំ វាហោះចេញ។ ហោះទៅកន្លែងផ្សេង អ៊ីចឹងយើងបាញ់ថ្នាំ វាអត់មកវិញទេ វាអាចនឹងងាប់។ ប៉ុន្តែរុយស ដែលហោះទៅកន្លែងផ្សេង វាអាចរាតត្បាតទៅកន្លែង​ផ្សេង​ទៀត​»។ អ្នកនាំពាក្យក្រសួងកសិកម្ម គូសបញ្ជាក់ដូច្នេះ។
 
រុយស ស្ថិតក្នុងលំដាប់ Hemiptera គ្រួសារ Aleyrodidae គឺជាពពួកចុចបឺតជញ្ជក់យក​រុក្ខរស​ពីរុក្ខជាតិមកចិញ្ចឹមជីវិត។ វាមានដងខ្លួនស្រទន់ដែលគ្របដណ្តប់ដោយស្លាប ពណ៌​ស។ រុយស ដែលបំផ្លាញដំណាំស្រូវមានឈ្មោះវិទ្យាសាស្ត្រ Aleurocybotus indicus David & Subramaniam។ វដ្តជីវិតរបស់រុយស មានរយៈពេល ១៧-២៤ថ្ងៃ ដែលរុយស១ក្បាល អាចពងបានពីចន្លោះ ១០០-២០០ពង ហើយវាពងផ្នែកខាងក្រោម នៃស្លឹកស្រូវ។
 
រុយស វាបំផ្លាញដំណាំស្រូវដោយផ្ទាល់ ដោយជញ្ជក់រុក្ខរសពីស្លឹកស្រូវ ធ្វើឱ្យស្លឹកប្រែពណ៌ លឿង និងរួញ។ វាបំផ្លាញខ្លាំងលើស្រូវ ក្នុងវគ្គលូតលាស់ ពិសេសក្នុងដំណាក់សំណាប​និង​បែកគុម្ព។ ប្រសិនបើប្រជាករ រុយសច្រើន បំផ្លាញស្រូវស្ថិតក្នុងវគ្គបង្កើតផល ពិសេសដំណាក់កាលចេញកូរ ចេញផ្កា នោះនឹងធ្វើឱ្យគ្រាប់ស្រូវស្កកច្រើន។
 
​ចំពោះវិធានការគ្រប់គ្រង និងកម្ចាត់រុយស គឺកសិករ ត្រូវចុះពិនិត្យវត្តមានរុយស ក្នុងស្រែ យ៉ាងតិច ២-៣ដង ក្នុងមួយសប្តាហ៍។ នៅពេលមានវត្តមានរុយសចន្លោះ ១០-៤០ ក្បាល ក្នុងមួយគុម្ព ប្រើប្រាស់វិធានការគីមីដោយប្រើថ្នាំកសិកម្ម បាញ់ថ្នាំនៅពេលព្រឹកចន្លោះ​ម៉ោង ៦ដល់ម៉ោង៩​។
ត្រូវសម្អាតស្មៅ ដែលជាជម្រករុយសទាំងក្នុង និងបរិវេណស្រែ ហើយនឹង ប្រើអន្ទាក់ស្និត ពណ៌លឿង ឬពណ៌បៃតងដោតក្នុងស្រែ។ 
 
ក្នុងករណីមានប្រជាកររុយសតិច កសិករ អាចប្រើល្បាយទឹកសាប៊ូ ដែលមានសាប៊ូម្សៅ​ចំនួន ៤ស្លាបព្រា លាយប្រេងឆាចំនួន ៨ស្លាបព្រា និងទឹកចំនួន ១០លីត្រ បាញ់នៅពេល ព្រឹក ឬល្ងាច។ 
 
ម្យ៉ាងទៀត ក៏បានបាញ់ថ្នាំផ្សំពីរុក្ខជាតិ (ផ្សំស្លឹកទៀប ២គីឡូក្រាម និងស្លឹកប្រេងខ្យល់ ២គីឡូក្រាម បុកឱ្យម៉ដ្ឋច្របល់ជាមួយទឹក ១០លីត្រ រួចច្រោះឱ្យស្អាតហើយបាញ់កន្លែង​ដែល​កើត​រុយស។
 
ក្នុងករណីត្រូវប្រើប្រាស់ថ្នាំកសិកម្ម ត្រូវជ្រើសរើសថ្នាំកសិកម្មណាដែលមានបញ្ជីការ​ត្រឹមត្រូវ​ដែលមានសារធាតុ សកម្មដូចជា Imidacloprid, Acetamiprid, Pymetrozine (+ Nitenpyram), Dinotefuran (+ Imidaclorpid), និង Chlorpyrifos methyl។ 
 
សូមរំឭកថា ថ្មីៗនេះ ដំណាំស្រូវ និងដំឡូងមី ប្រហែល ២៣ ០០០ហិកតា ​របស់ប្រជាកសិករ នៅក្នុងខេត្តចំនួន១៥ បានរងផលប៉ះពាល់ ​ពីការផ្ទុះ​ឡើងនៃ​វត្តមាន«ដង្កូវហ្វូង»។ ដំណាំទាំងនោះ មានស្រូវជិត ១.៥ម៉ឺនហិកតា, សាកវប្បកម្ម និងដំណាំរួមផ្សំប្រមាណ៦០ហិកតា និងដំណាំឧស្សាហកម្ម ជាង៨.៣ពាន់ហិកតា។ ខេត្តដែលរងផលប៉ះពាល់ ​មានខេត្តកំពង់ចាម កំពង់ឆ្នាំង កំពង់ធំ ក្រចេះ ព្រះវិហារ សៀមរាប ស្ទឹងត្រែង តាកែវ កំពង់ស្ពឺ ប៉ៃលិន ត្បូងឃ្មុំ ស្ទឹងត្រែង បន្ទាយមានជ័យ ឧត្តរមានជ័យ និងកោះកុង៕  

Tag:
 កសិកម្ម
 រុយស
  ស្រូវ
 ដង្កូវហ្វូង
© រក្សាសិទ្ធិដោយ thmeythmey.com