ជាតិ
លោក គួច ចំរើន ព្រមានដាក់ទណ្ឌកម្មលើមន្ត្រីខ្លួន បើបំពានក្រមសីលធម៌ ឬរំលោភអំណាចពេលធ្វើការ ![លោក គួច ចំរើន អភិបាលខេត្តកណ្ដាល។ រូបភាពពីរដ្ឋបាលខេត្តកណ្ដាល](https://image.thmeythmey.com/pictures/2024/07/02/img__1_.jpg)
លោក គួច ចំរើន អភិបាលខេត្តកណ្ដាល។ រូបភាពពីរដ្ឋបាលខេត្តកណ្ដាល
×![]()
លោក គួច ចំរើន អភិបាលខេត្តកណ្ដាលថ្មី នឹងដាក់ទណ្ឌកម្មចំពោះមន្ត្រីក្រោម ឱវាទ ដែលបំពានក្រមសីលធម៌វិជ្ជាជីវៈ ឬរំលោភអំណាច ក្នុងការអនុវត្តតួនាទី និងភារកិច្ច របស់ខ្លួន។ ក្បាលម៉ាស៊ីនដឹកនាំថ្មីរបស់ខេត្តកណ្ដាលរូបនេះ លើកឡើងដូច្នេះ នៅក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ នៃរដ្ឋបាលខេត្តកណ្ដាល នាព្រឹកថ្ងៃទី២ កក្កដានេះ។
បន្ទាប់ពីចូលកាន់មុខតំណែងជាអភិបាលខេត្តកណ្ដាលជាផ្លូវការកាលពីថ្ងៃទី១ កក្កដា លោក គួច ចំរើន បានរៀបចំពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ នៃរដ្ឋបាលខេត្តកណ្ដាល នៅព្រឹកថ្ងៃទី២ កក្កដា ក្រោមអធិបតីភាព លោក នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល។
ថ្លែងក្នុងពិធីសំណេះសំណាល លោក គួច ចំរើន បានជំរុញ និងលើកទឹកចិត្តដល់មន្ត្រីរាជការនៃរដ្ឋបាលខេត្តកណ្ដាល ត្រូវអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់ ជាពិសេសការផ្តល់សេវាសាធារណៈ។ អភិបាលខេត្តថ្មីរូបនេះ ក្រើនរំឭកមន្រ្តីថា៖ «ត្រូវបន្តលើកកម្ពស់ទាំងគុណភាព និងប្រសិទ្ធភាព គឺធ្វើឱ្យបានកាន់តែរហ័ស និងងាយស្រួល សម្រាប់ប្រជាពលរដ្ឋគ្រប់រូប ស្របតាមគោលការណ៍ ស្តង់ដារ បែបបទ និងនីតិវិធីជាធរមាន»។
រូបភាពពីរដ្ឋបាលខេត្តកណ្ដាល
អភិបាលខេត្តវ័យ៥២ឆ្នាំ និងមានបទពិសោធច្រើនក្នុងការដឹកនាំនៅរដ្ឋបាលខេត្តរូបនេះ បន្តរំឭកដល់មន្រ្តីទាំងអស់ ត្រូវពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ ការទទួលខុសត្រូវ និងភាពស្អាតស្អំរបស់មន្ត្រី ក្នុងការផ្តល់សេវាសាធារណៈគ្រប់ប្រភេទ។ ជាមួយគ្នានេះ លោក គួច ចំរើន នឹងចាត់វិធានការម៉ឺងម៉ាត់ ក្នុងការដាក់ទណ្ឌកម្មចំពោះមន្ត្រី ដែលបំពានក្រមសីលធម៌វិជ្ជាជីវៈ រំលោភអំណាច ក្នុងការអនុវត្តតួនាទី និងភារកិច្ច។
នាពិធីសំណេះសំណាលដដែល អភិបាលខេត្តកណ្ដាលថ្មីនេះ ក៏បានណែនាំដល់កងកម្លាំង អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់អនុវត្តគោលនយោបាយ«ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដើម្បីលើកកម្ពស់ការចូលរួមបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ជាពិសេសក្មេងទំនើង។ នេះបើតាមរដ្ឋបាលខេត្តកណ្ដាល។
សូមបញ្ជាក់ថា លោក គួច ចំរើន ត្រូវបានព្រះករុណា ព្រះមហាក្សត្រ ផ្ទេរ និងតែងតាំងជាអភិបាលខេត្តកណ្ដាល តាមរយៈព្រះរាជក្រឹត្យមួយចុះថ្ងៃទី២៤ ខែមិថុនា។ មុនចូលកាន់តំណែងជាអភិបាលខេត្តកណ្ដាលនេះ លោក គួច ចំរើន បានកាន់តួនាទីជាអភិបាលព្រះសីហនុ បានរយៈពេល ៥ឆ្នាំ ពោលចាប់តាំងពីឆ្នាំ២០១៩មក៕
រូបភាពពីរដ្ឋបាលខេត្តកណ្ដាល
Tag:
គួច ចំរើន
កណ្ដាល
ក្រមសីលធម៌
ទណ្ឌកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com