ជាតិ
ក្រុមមាតាធម្មជាតិ១០រូប ត្រូវជាប់ពន្ធនាគារពី៦ទៅ៨ឆ្នាំ
02, Jul 2024 , 5:29 pm        
រូបភាព
ក្រុមយុវជនមាតាធម្មជាតិ នៅខាងមុខតុលាការភ្នំពេញថ្ងៃទី២កក្កដា ឆ្នាំ២០២៤។ រូបពី វីដេអូ មាតាធម្មជាតិ
ក្រុមយុវជនមាតាធម្មជាតិ នៅខាងមុខតុលាការភ្នំពេញថ្ងៃទី២កក្កដា ឆ្នាំ២០២៤។ រូបពី វីដេអូ មាតាធម្មជាតិ
ភ្នំពេញ៖ នៅថ្ងៃទី២កក្កដានេះ តុលាការភ្នំពេញបានប្រកាសសាលក្រម ដោយសម្រេច ឱ្យពួកគេជាប់ពន្ធនាគារពី៦ទៅ៨ឆ្នាំ ពី​បទ​ប្រមាថ អង្គ​ព្រះមហាក្សត្រ​និង​រួមគំនិត​ក្បត់។ នេះបើតាម សមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ - KSILA សរសេរលើទំព័ហ្វេសប៊ុក។

 
សមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ - KSILA អះអាងថា បានចូលស្ដាប់សាលក្រម ហើយក្នុងនោះ តំណាងស្ថានទូត​សហរដ្ឋអាមេរិក​ ស្ថានទូត​បារាំង​ ស្ថានទូត​អូស្ត្រាលី​ ស្ថានទូត​អាល្លឺម៉ង់​ ,EU, UNOHCR, LICADHO, ADHOC-Cambodia , និង​អ្នក​សារព័ត៌មានមួយចំនួនក៏បានចូលស្ដាប់ដែរ។ 
 
ក្នុងក្រុមប្រឹក្សា​ជំនុំជម្រះ​ មានលោកស្រី អ៊ុក រ៉េតគន្ធា ជា​ប្រធាន​ក្រុមប្រឹក្សា​ និង​ជា​អនុប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ លោក អ៊ី សុវណ្ណ ជា​ចៅក្រម​ប្រឹក្សា​ លោក ថៃ គឹមមុនី ជា​ចៅក្រម​ប្រឹក្សា​ លោក សេង ហៀង ជា​ព្រះរាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ និង​លោក ឈុន សុវណ្ណ ជា​ក្រឡាបញ្ជី។
 
ដោយឡែក សកម្មជន​ចលនា​មាតា​ធម្មជាតិ​ មិន​បាន​ចូល​ស្ដាប់​ការប្រកាស​សាលក្រម​ទេ គឺពួកគេអង្គុយនៅខាងមុខតុលាការ។ ក្នុងសាលក្រមសម្រេចឱ្យ លោក អាឡិចសាន់ដ្រូ ហ្គ៊តស្សាលេស​ ដេវីដសុន ជា​សហ​ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ​ លោក យីម លាងហ៊ី កញ្ញា ស៊ុន រដ្ឋា ជាប់ពន្ធានាគារ៨ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​១០លានរៀល ពី​បទ​ប្រមាថ​អង្គព្រះមហាក្សត្រ​ និង​រួមគំនិត​ក្បត់។
 
ចំណែក លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា លោក លី ចាន់ដារ៉ាវុទ្ធ កញ្ញា ភួង កែវរស្មី កញ្ញា រ៉ី រក្សា លោក ពក ខើយ លោក បិញ ពិសិដ្ឋ ជាប់ទោស​៦ឆ្នាំ​ក្នុង​ពន្ធនាគារ​ ពី​បទ​រួមគំនិត​ក្បត់។ ជាមួយគ្នាដែរ ចៅក្រម​បាន​ប្រកាស​ឱ្យ​ចាប់​ខ្លួន​ពួកគេផងដែរ។
 
ជុំវិញខ្លឹមសារសាលក្រមលម្អិត សារព័ត៌មានថ្មីៗ នៅតែមិនអាចសុំការបកស្រាយបន្ថែមពី លោក ប្លង់ សុផល ដោយសារទាក់ទងលោកតាមទូរស័ព្ទពុំបាន រហូតដល់រសៀលថ្ងៃនេះ។ 
 
កាលពីព្រឹកថ្ងៃទី២កក្កដា នៅខាងមុខតុលាការភ្នំពេញ មានក្រុមយុវជនមាតាធម្មជាតិមានតែ៤រូបប៉ុណ្ណោះ ដែលត្រូវសមត្ថកិច្ចចាប់ខ្លួន។ ពួកគេទាំង៤ មាន កញ្ញា ភួន កែវរស្មី កញ្ញា ឡុង គន្ធា លោក ថុន រដ្ឋ និងលោក លី ចាន់​ដារ៉ាវុត។ មុននឹងត្រូវសមត្ថកិច្ចចាប់ខ្លួន ពួកគេបានស្រែកផ្លែផ្ដាំជាច្រើន​ នៅចំពោះមុខអ្នកគាំទ្រពួកគេ។ 
 
«ជាសារទៅអ្នកនយោបាយ អ្នកកាត់ទោសពួកខ្ញុំថ្ងៃហ្នឹង អ្នកកាត់ទោសសហគមន៍ថ្ងៃហ្នឹង អ្នកគិតថាអ្នករួចខ្លួនហើយ អ្នកគិតថាអ្នកត្រឹមត្រូវហើយ! ព្រោះអ្នកឈរនៅលើច្បាប់ ព្រោះអ្នកបញ្ជាតុលាការបាន ប៉ុន្តែកុំភ្លេចថា អ្នកមិនរួចខ្លួនចំពោះប្រវត្តិសាស្រ្តទេ! ប្រវត្តិសាស្រ្តនឹងចារឈ្មោះអ្នកក្បត់ជាតិពិតប្រាកដ!»។ នេះជាពាក្យសម្ដី របស់ លោក លី ចាន់ដារ៉ាវុត និយាយនៅខាងមុខតុលាការតាមរយៈការផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុករបស់មាតាធម្មជាតិនៅព្រឹកថ្ងៃទី២ កក្កដានេះ មុនត្រូវបានត្ថកិច្ចចាប់ខ្លួន។  
 
កញ្ញា ភួន កែវរស្មី ក៏បានបង្ហាញជំហរផ្ទាល់ខ្លួនដែរថា នឹងតស៊ូដើម្បីយុត្តិធម៌ ហើយលោក  កញ្ញា ឡុង គន្ធា លោក ថុន រដ្ឋ អះអាងថា គ្មានអ្វីអាចឃុំឆន្ទៈរបស់ពួកគេបានឡើយ៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com