កីឡាអន្តរជាតិ
អន្តរជាតិ
Euro 2024៖ ហូឡង់ចង់បន្តដំណើរវគ្គ១/៤ ត្រូវឆ្លងកាត់រូម៉ានី មុនពេលអូទ្រីសប្រជែងតួកគី
02, Jul 2024 , 9:29 pm        
រូបភាព
ជំនួប ២គូ ចុងក្រោយនៃព្រឹត្តិការណ៍ UEFA Euro 2024 វគ្គ១៦ក្រុមចុងក្រោយ នឹងធ្វើនៅយប់ថ្ងៃទី២ ខែកក្កដា ដើម្បីស្វែងរក២ក្រុមចុងក្រោយ ឡើងទៅកាន់វគ្គ ៨ក្រុម។ ហូឡង់ដែលចង់បន្តដំណើរទៅកាន់វគ្គបន្ត ត្រូវឆ្លងកាត់ក្រុមរូម៉ានីជាមុនសិន ដោយការប្រកួតនឹងត្រូវធ្វើឡើងនៅក្នុងកីឡដ្ឋាន Allianz Arena វេលាម៉ោង ១១យប់​ មុនពេលជំនួបចុងក្រោយអូទ្រីស ប្រជែងគ្នាជាមួយនឹងតួកគី វេលាម៉ោង ២អាធ្រាត្រ ក្នុងកីឡដ្ឋាន Red Bull Arena។



មុនពេលមកជួបគ្នានៅវគ្គ ១៦ក្រុមនេះ រូម៉ានី ជាក្រុមមួយដែលបង្ហាញទម្រង់លេងល្អប្រសើរមួយ ដោយពួកគេជាក្រុមឈរតំណែងកំពូលតារាងមាន ៤ពិន្ទុ មុនពេលឡើងមកប៉ះហូឡង់។ ចំណែកហូឡង់វិញកាលពីវគ្គចែកពូល ក៏រកបាន ៤ពិន្ទុ ដូចគ្នា ប៉ុន្តែហូឡង់ឡើងមកវគ្គ ១៦ក្រុម ក្នុងនាមជាក្រុមមានតំណែងលេខ ៣ល្អ តែប៉ុណ្ណោះ។ កីឡដ្ឋាន Allianz Arena នឹងជាទីកន្លែងកាត់សេចក្តីសម្រាប់រូម៉ានី និងហូឡង់។
 
ហូឡង់ដឹកនាំដោយលោក Ronald Koeman ត្រូវការពង្រឹងសមត្ថភាពត្រង់តំបន់ប្រយុទ្ធឱ្យកាន់តែកើនឡើងជាងមុន សម្រាប់វគ្គជម្រុះ ១៦ក្រុម ក្រោយពេលវគ្គចែកពូល E ហូឡង់បានត្រឹមឈ្នះប៉ូឡូញយ៉ាងតានតឹង និងស្មើបារាំង ហើយចាញ់អូទ្រីស។ ប៉ុន្តែទោះជាយ៉ាងណា កម្រិតលេងរបស់ហូឡង់ ហាក់បីមានប្រៀបខ្លាំងជាងទៅលើរូម៉ានី ប៉ុន្តែរូម៉ានី ក៏ជាក្រុមមួយមិនអាចមើលរំលងបាន។
  


ស្ថិតិការប្រកួតកន្លងមក ហូឡង់ឆ្លងកាត់ ៣ប្រកួត វគ្គចែកពូល ពួកគេមានឱកាសស៊ុតបាល់ ៣៩លើកសំដៅទី ដោយច្រើនជាងរូម៉ានី ស៊ុតសំដៅទីដល់ទៅ ៧គ្រាប់។ យ៉ាងណារូម៉ានី មានស្ថិតិល្អត្រង់ថាមានការស៊ុតបាល់ចំគោលដៅដល់ទី ១៤លើក ច្រើនជាងហូឡង់ ៤លើក។ រូម៉ានី ការឈ្នះចុងក្រោយបង្អស់របស់ពួកគេ លើក្រុមអ៊ុយក្រែនលទ្ធផល ៣-០ និងជាការឈ្នះតែមួយលើកប៉ុណ្ណោះ ចំណោមការប្រកួត ៧លើកចុងក្រោយ។ រីឯហូឡង់វិញ ការប្រកួត ៧លើក ចុងក្រោយបានយកឈ្នះត្រឹមតែ ៤លើក។
 
រូម៉ានី និងហូឡង់ ធ្លាប់បានជួបគ្នា ១៣លើកកន្លងមក ដោយហូឡង់មានកំណត់ត្រាឈ្នះច្រើនជាង ដល់ទៅ ៩លើក ហើយស្មើ ៣លើក ហើយរូម៉ានីយកឈ្នះបានត្រឹមតែ ១លើក ប៉ុណ្ណោះ កាលពីការប្រកួតជម្រុះ Euro ឆ្នាំ ២០១៧ កាលនោះពួកគេយកឈ្នះដោយលទ្ធផល ១-០។ 
  


មុនការប្រកួតមកដល់ហូឡង់ ក៏ប្រៀបជាងត្រង់ថាក្រុមកីឡាករទាំងអស់ នឹងមានវត្តមានលេងក្នុងការប្រកួតវគ្គ ១៦ក្រុម ដោយគ្មានបញ្ហាកីឡាករណាម្នាក់របួសឡើយ។ ចំណែករូម៉ានីវិញជាក្រុមត្រូវការស្វែងរកទម្រង់លេងឱ្យបានល្អជាងមុន ដើម្បីទប់ទល់នឹងក្រុមហូឡង់។
 
ដោយឡែកទៅកាន់ជំនួបចុងក្រោយរវាងអូទ្រីស ទល់តួកគី នឹងត្រូវធ្វើឡើងនៅក្នុងកីឡដ្ឋាន Red Bull Arena វេលាម៉ោង ២យប់រំលងអាធា្រត្រ (ម៉ោងនៅកម្ពុជា)។ អូទ្រីសជាក្រុមបង្កភាពភ្ញាក់ផ្អើលខ្លាំងនៅការប្រកួតវគ្គចែកពូល D ដោយពួកគេស្ថិតក្នុងពូលជាមួយបារាំង ហូឡង់ និងប៉ូឡូញ ប៉ុន្តែអាចប្រជែងដើម្បីឈរតំណែងកំពូលតារាង។
  


អូទ្រីសដឹកនាំដោយលោក Ralf Rangnick ជាក្រុមដែលមានទម្រង់លេងដ៏យល់ចិត្តគ្នាបំផុតមួយនៃក្រុមទាំងកីឡាករទាំងអស់ ទាំងការពារ បម្រើ ប្រយុទ្ធ សុទ្ធសឹងតែស៊ីសង្វាក់គ្នាគ្រប់ទីកន្លែង។ កាលវគ្គចែកពូលទោះចាញ់បារាំង ១-០ ពីការភ្លាត់ស្នៀតធ្វើចូលទីខ្លួនឯង តែអូទ្រីស វាយបកឈ្នះប៉ូឡូញ ៣-១ និងឈ្នះហូឡង់ ៣​-២ ហើយការឡើងវគ្គ ១៦ក្រុម អូទ្រីសក៏រំពឹងថានឹងអាចចូលវគ្គជ្រៅជាងនេះទៅទៀត។
 
តួកគីជាក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ ២ ក្នុងពូល F ដោយមាន ៦ពិន្ទុ ក្នុងដៃ ពីទម្រង់លេងល្អបំផុតរបស់ពួកគេ។ តួកគីឡើងវគ្គ ១៦ក្រុម ក្រោយការប្រកួតវគ្គចែកពូលឈ្នះលើហ្ស៊កហ្ស៊ី ៣​-១ យកឈ្នះឆែក ២-១ ទោះជាចាញ់ព័រទុយហ្កាល់ ៣-០ ក៏ដោយក្តី។
 
សម្រាប់ការប្រកួតរាត្រីនេះវិញ អូទ្រីសក៏ជាក្រុមមួយជួបបញ្ហាបន្តិចបន្តួចដូចគ្នា ដោយពួគគេមានកីឡាករសំខាន់មួយចំនួនជាប់បម្រាម ខណៈតួកគីក៏ជាក្រុមជួបបញ្ហាកីឡាករជាប់បម្រាមដូចគ្នា។ ស្ថិតិការប្រកួត ១០លើកចុងក្រោយ អូទ្រីសឈ្នះ ៨ប្រកួត ខណៈចំណោម ៩ប្រកួត ចុងក្រោយ ពួកគេជាក្រុមការពារសំណាញ់ទីមិនឱ្យគូប្រកួតស៊ុតចូលត្រឹមតែ ១លើកប៉ុណ្ណោះ៕

Tag:
 Euro 2024
  ហូឡង់
© រក្សាសិទ្ធិដោយ thmeythmey.com