កីឡាជាតិ
ជាតិ
ការប្រកួតយុទ្ធគុនចម្រុះជើងឯកអាស៊ីលើកទី២ ជាឱកាសឲ្យកីឡាករកម្ពុជាបង្ហាញសមត្ថ ភាព
30, Jun 2024 , 8:59 am        
រូបភាព
លោក ហ៊ុន ច័ន្ទរាជ្យ កីឡាករយុទ្ធគុនចម្រុះកម្ពុជា រូបពីគណៈកម្មាធិការជាតិអូឡាំពិក
លោក ហ៊ុន ច័ន្ទរាជ្យ កីឡាករយុទ្ធគុនចម្រុះកម្ពុជា រូបពីគណៈកម្មាធិការជាតិអូឡាំពិក
 
(កីឡាជាតិ)  
ដោយ៖ គឹម មករា
លោក ហ៊ុន ច័ន្ទរាជ្យ កីឡាករប្រដាល់យុទ្ធគុនចម្រុះកម្ពុជា ចាត់ទុកការធ្វើជាម្ចាស់ផ្ទះ យុទ្ធគុនចម្រុះជើងឯកអាស៊ី លើកទី២ គឺជាឱកាសឲ្យកីឡាករ-កីឡាការិនីកម្ពុជា បច្ចេញសមត្ថភាព និងជាឱកាសសម្រាប់កម្ពុជា មានបទពិសោធន៍រៀបចំការប្រកួតអន្ដរជាតិនានា។ ព្រឹត្តិការណ៍នេះ នឹងត្រូវធ្វើចាប់ពីថ្ងៃទី១១-១៣ ខែកក្កដា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
 
លោក ហ៊ុន ច័ន្ទរាជ្យ ប្រធានក្លិប The Cambodian Top Team នឹងត្រូវប្រកួតក្នុងព្រឹត្តិការណ៍យុទ្ធគុនចម្រុះជើងឯកអាស៊ី លើកទី២ (2nd AMMA Championship)។ កីឡាកររូបនេះ យល់ថាការធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជា លើកីឡាយុទ្ធគុនចម្រុះនេះ នឹងក្លាយជាបទពិសោធន៍ ហើយជំរុញឲ្យកម្ពុជា ងាយស្រួលក្នុងការរៀបចំព្រឹត្តិការណ៍យុទ្ធគុនចម្រុះគ្រប់កម្រិតអន្ដរជាតិនានា។
 
យោងតាមការផ្សាយរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កីឡាករ-កីឡាការិនី ១៦រូប ជាតំណាងឲ្យកម្ពុជា ត្រៀមប្រកួតក្នុងព្រឹត្តិការណ៍នេះ ភាគច្រើនជាអត្ដពលិកគុនខ្មែរ។ ដូច្នេះ លោក ហ៊ុន ច័ន្ទរាជ្យ ជឿថា ព្រឹត្តិការណ៍នេះ គឺជាឱកាសសម្រាប់កីឡាករ-កីឡាការិនីកម្ពុជា បញ្ចេញសមត្ថភាព ក៏ដូចជាទទួលបានបទពិសោធន៍ពីការប្រកួតយុទ្ធគុនចម្រុះកម្រិតអន្ដរជាតិ ផងដែរ។
កីឡាករយុទ្ធគុនចម្រុះរូបនេះ បាននិយាយដូច្នេះ៖«ការប្រកួតជើងឯកអាស៊ី លើកទី២ គឺជាឱកាសសម្រាប់កីឡាករ-កីឡាការិនីយើង ដើម្បីបង្ហាញសមត្ថភាពរបស់ពួកគាត់។»។
 
សមាសភាពកីឡាករ-កីឡាការិនី ១៦រូប ដែលត្រូវបានជ្រើសរើសចូលប្រកួតព្រឹត្តិការណ៍ជើងឯកអាស៊ី លើកទី២ មានដូចជា៖ ផេង សុបញ្ញា, ឡុង ឡា, រិន សារដ្ឋ, ហ៊ុន គឹមហ៊ាង, មាស ម៉ើ, Thiago Teixeira , ហ៊ុន ច័ន្ទរាជ្យ, ធាន អាត, ចាន់ រតនា, អេវិរៈ ខាំឈិត ភូថង, ហាត ភី, ខៀវ ចិន្ដារ័ត្ន, មឿយ ស៊ឹង, គន្ធ វណ្ណនីតា, អ៊ុំ ថារ័ត្ន និង ទួន ស្រីភិន។ ព្រឹត្តិការណ៍នេះ នឹងត្រូវចាប់ផ្ដើមពីថ្ងៃទី១១-១៣ ខែកក្កដា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
 
គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍យុទ្ធគុនចម្រុះ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះនេះ មានប្រ ទេសចូលរួមដូចជា៖ កៀគីស្ថាន, កូរ៉េ, កាហ្សាក់ស្ថាន, ចិនតៃប៉ិ, ឥណ្ឌូណេស៊ី, សិង្ហបុរី, បារ៉ែន, ចិនម៉ាកាវ, ម៉ុងហ្គោលី, ចិន, ថៃ, ម៉ាឡេស៊ី, ហុងកុង, តាហ្ស៊ីគីស្ថាន, ឥណ្ឌា និង ប៉ាគីស្ថាន។ ព្រឹត្តិការណ៍នេះ នឹងមានការចូលរួមពីក្នុងពិធីបើការប្រកួត ដោយសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិ អូឡាំពិក៕
 

Tag:
 2nd AMMA
  ហ៊ុន ច័ន្ទរាជ្យ
© រក្សាសិទ្ធិដោយ thmeythmey.com