RFI
អន្តរជាតិ
ប៉េកាំងប្រាប់ពលរដ្ឋតៃវ៉ាន់កុំឱ្យភ័យខ្លាចរឿងមកលេងស្រុកចិន
30, Jun 2024 , 10:47 am        
រូបភាព
ចិនហៅពលរដ្ឋតៃវ៉ាន់ឱ្យទស្សនាដែនទ្វីបចិន REUTERS - DADO RUVIC
ចិនហៅពលរដ្ឋតៃវ៉ាន់ឱ្យទស្សនាដែនទ្វីបចិន REUTERS - DADO RUVIC
ដោយ៖ អៀង សុខម៉ិញ (RFI ខេមរភាសា) 
 
គ្មានអ្វីត្រូវខ្លាចនិងភ័យព្រួយសោះ ! នេះជាសេចក្តីអំពាវនាវរបស់ចិនហៅពលរដ្ឋតៃវ៉ាន់ឱ្យទស្សនាដែនទ្វីបចិន។ សម្រាប់ប៉េកាំង ការដំឡើងអាសន្នដល់កំរិតស្ទើរខ្ពស់បំផុតចំពោះអ្នកដំណើរ ពីសំណាក់រដ្ឋាភិបាលតៃវ៉ាន់ ជាលេសញុះញង់នាំឱ្យភាពប្រឈម និងរារាំងមិនឱ្យមានការផ្តោះប្តូរគ្នាតែប៉ុណ្ណោះ។

 
“ជនរួមជាតិតៃវ៉ាន់ភាគច្រើន ដែលចូលរួមក្នុងសកម្មភាពផ្តោះប្តូរនានា និងមានកិច្ចសហប្រតិបត្តិការឆ្លងសមុទ្ទ ពោលរវាងចិនដីគោក និងចិនដែនកោះ គ្មានហេតុផលអ្វីត្រូវភ័យខ្លាចសូម្បីតែបន្តិច នៅពេលធ្វើដំណើរទៅ-មក ស្រុកចិន”។ នេះជាប្រសាសន៍ធានាអះអាងរបស់អ្នកនាំពាក្យការិយាល័យទទួលបន្ទុកកិច្ចការតៃវ៉ាន់ នៃរដ្ឋាភិបាលចិន។ ពលរដ្ឋតៃវ៉ាន់ អាចមកលេងដោយរីករាយ ហើយត្រលប់ទៅវិញជាមួយនឹងអនុស្សាវរីយ៍ល្អ ដោយពេញចិត្តនឹងដំណើរទស្សនាចរណ៍របស់ខ្លួន។ អ្នកនាំពាក្យដដែលបានរិះគន់ ដោយចំៗថា វិធានការរបស់អាជ្ញាធរតៃវ៉ាន់ទាំងអម្បាលម៉ាន ជាការប្រឌិតលេស ដើម្បីរារាំងសកម្មភាពផ្តោះប្តូរ និងដើម្បីញុះញង់ឱ្យមានភាពប្រឈម ឱ្យមានភាពតតាំងគ្នាជាមួយចិនតែប៉ុណ្ណោះ។ វិធានការថ្មីរបស់ចិន ដែលគ្រោងចាប់និងកាត់ទោសដល់ជីវិត តែចំពោះក្រុមជនឯករាជ្យនិយមមួយក្តាប់តូចតែទេ។ នេះបើតាមការពន្យល់របស់អ្នកនាំពាក្យស្ថាប័នចិនដដែល។
 
សូមបញ្ជាក់ថា ប្រតិកម្មរបស់ប៉េកាំងថ្ងៃនេះ ធ្វើឡើងក្រោយពីអាជ្ញាធរតៃវ៉ាន់បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ដំឡើងអាសន្នលឿងទុំ ដែលជាកំរិតអាសន្នខ្ពស់បំផុតលំដាប់ទីពីរ សម្រាប់គ្រប់ការធ្វើដំណើរទៅចិន និងបានចេញបម្រាមណែនាំឱ្យពលរដ្ឋធ្វើដំណើរទៅចិនដែនដីគោក និងចិនហុងកុង តែក្នុងករណីចាំបាច់បំផុតតែប៉ុណ្ណោះ។ រដ្ឋាភិបាលតៃវ៉ាន់ប្រកាសអាសន្នបែបនេះ ក៏ព្រោះតែកាលពីសប្តាហ៍មុន ចិនបានសម្រេចវិធានការថ្មី ដែលមានបញ្ចូលគម្រោងដាក់ទោសប្រហារជីវិតលើសកម្មជនឯករាជ្យនិយមតៃវ៉ាន់ សម្រាប់ករណីធ្ងន់ធ្ងរខ្លាំង។
ចិនចាត់ទុកតៃវ៉ាន់ជាខេត្តមួយរបស់ខ្លួនដែលមិនទាន់អោបក្រសោបវិញបាន និងតែងផ្តល់អាទិភាពដល់ការបង្រួបបង្រួមតាមសន្តិវិធី តែក៏មិនបោះបង់គំនិតប្រើកម្លាំងយោធាវាយយកដែរ។ ទំនាក់ទំនងទ្វេភាគី ចាប់តានតឹងខ្លាំងឡើងៗតាំងពីឆ្នាំ២០១៦មក តាំងពីតៃវ៉ាន់ស្ថិតក្រោមការដឹកនាំរបស់លោកស្រីប្រធានាធិបតីសៃអ៊ីនវេន បន្ទាប់មកលោក ឡៃជីងទឿ ដែលជាមាននិន្នាការប្រជាធិបតេយ្យនិងឯករាជ្យនិយមបំផុត។ ប៉ុន្តែ ទោះជាយ៉ាងដូច្នេះក្តី ក៏បច្ចុប្បន្ននេះ មានពលរដ្ឋតៃវ៉ាន់ច្រើនណាស់ ទៅធ្វើការ ទៅរៀន ឬទៅរកស៊ីនៅក្នុងទឹកដីចិន ព្រោះតែពួកគេភាគច្រើនមានភាសានិងវប្បធម៌តែមួយ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com