ជាតិ
សេដ្ឋកិច្ច
មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ ពង្រឹងសមត្ថភាពជំនាញឌីជីថលដល់អ្នកជនបទ
30, Jun 2024 , 11:59 am        
រូបភាព
តាកែវ៖ បន្ទប់កុំព្យូទ័រទំនើបដែលមានសេវាអ៊ីនធ័រណិតលឿន ប៉ុស្តិ៍ប្រៃសណីយ៍សម្រាប់សេវាបញ្ញើក្នុង-ក្រៅប្រទេស សាលសាធារណៈ អ៊ីនធ័រណិតកាហ្វេសម្រាប់សិស្ស និងពលរដ្ឋស្វែងរកព័ត៌មានឌីជីថល និងសៀវភៅសម្រាប់អានដ៏សម្បូរបែប។ ទាំងនេះ មាននៅក្នុងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (CTC) ដែលត្រូវបានដាក់ដំណើរការដំបូងគេនៅក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន ១មិថុនា នៅស្រុកបាទី ខេត្តតាកែវ។ មជ្ឈមណ្ឌលនេះ ក្លាយជាគំរូនៃការអនុវត្តគម្រោងអភិវឌ្ឍវិស័យបច្ចេកវិទ្យាឌីជីថលដល់សិស្ស និងប្រជាសហគមន៍នៅតាមវិទ្យាល័យសាធារណៈទាំង៥៥៨កន្លែងនៅទាំងប្រទេស។

 
បំប៉នសមត្ថភាពសិស្សត្រៀមប្រឡងបាក់ឌុប
 
រៀងរាល់ថ្ងៃ ក្នុងបន្ទប់កុំព្យូទ័រ (Computer Lap) នៃមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ តែងតែមានសិស្សប្រុស-សិស្សប្រមាណ៣០នាក់ រៀននូវមូលដ្ឋានគ្រឹះបច្ចេកវិទ្យាឌីជីថល និងការសិក្សាពីចម្ងាយនានា(រៀនតាមអនឡាញ)ទៅតាមម៉ោងសិក្សាឬកាលវិភាគថ្នាក់រៀននីមួយៗរបស់សិស្សចាប់ពីថ្នាក់ ទី៧ដល់ទី១២ ជាមួយគ្រូបង្គោលផ្នែកបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍ (ICT)។ ក្នុងឯកសណ្ឋានសិស្ស អង្គុយលើកៅអីដែលកុំព្យូទ័រមួយនៅលើតុ សូត្រ ចិនណេង បានយកចិត្តទុកស្តាប់ និងកក់ត្រាចំណុចសំខាន់នានានៃការបង្រៀនដែលចេញពីអេក្រង់កុំព្យូទ័រនោះ។

សូត្រ ចិនណេង ជាសិស្សថ្នាក់ទី១២នៃវិទ្យាល័យ ហ៊ុន សែន ១ មិថុនា។
 
យុវជន សូត្រ ចិនណេង ជាសិស្សថ្នាក់ទី១២នៃវិទ្យាល័យ ហ៊ុន សែន ១ មិថុនា។ ក្រៅតែពីការសិក្សានៅក្នុងថ្នាក់ហើយនោះ ចិនណេង បានឱកាសរៀនសូត្រពីចម្ងាយបន្ថែម ដើម្បីត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ឆ្នាំ២០២៣-២០២៤ នាចុងឆ្នាំនេះ។ ដៃកំពុងកាន់ប៊ិចកត់ត្រាបណ្តើរ យុវសិស្សវ័យ១៨ឆ្នាំដែលពាក់វ៉ែនតារូបនេះក៏បាននិយាយជាមួយសារព័ត៌មានឌីជីថលថ្មីៗបណ្តើរជាមួយក្តីរីករាយផងដែរ។ 
 
« ការសូត្រពីចម្ងាយរបស់ខ្ញុំនៅ CTC ទទួលបានបទពិសោធន៍ច្រើន ដូចជា មេរៀនដែលខ្ញុំរៀនពីមុនភ្លេច! ដល់ពេលរៀននៅនេះជាមួយលោកគ្រូ-អ្នកគ្រូតាមអនឡាញ គឺខ្ញុំទទួលបានការចងចាំកាន់តែច្បាស់ជាងមុន និងគន្លឹះថ្មីៗសម្រាប់ដោះស្រាយលំហាត់ ឬកិច្ចការថ្មី»។   ចិនណេង រៀបរាប់បែបនេះ បន្ទាប់ពីសិក្សានៅមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍(CTC) បាន៤សប្តាហ៍ មុន ត្រូវបានដាក់ឱ្យដំណើរការផ្លូវការ នាថ្ងៃទី២៤មិថុនា។

 
ក្រៅតែពីកម្មវិធីសិក្សាប្រចាំថ្ងៃរបស់ខ្លួន ចិនណេង ដែលជាសិស្សត្រៀមប្រឡងបាក់ឌុប បានផ្តោតការរៀនសូត្របន្ថែមពីចម្ងាយលើមុខវិជ្ជា គណិត រូប គីមី ជីវៈ ប្រវត្តិវិទ្យា និងភាសាខ្មែរ រាល់ថ្ងៃអាទិត្យចាប់ពីម៉ោង៧កន្លះព្រឹករហូតដល់ម៉ោង៥ល្ងាច ជាមួយលោកគ្រូ-អ្នកគ្រូពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងសាលារៀនជំនាន់ថ្មីដោយឥតគិតថ្លៃតាមរយៈវិធីសិក្សា Duraseksa.com។  
 
« ការរៀនពីចម្ងាយនេះ គឺបានជួយបំពេញចន្លោះខ្វះខាតខ្ញុំឱ្យកាន់តែរីកចម្រើន។ គឺជួយខ្ញុំបានច្រើនមែនទែន»។ យុវសិស្សដែលមានសម្បុរសណ្តែកបាយ និងញញឹមស្រស់រូបនេះបានអះអាងបែបនេះ ដោយជឿជាក់ថា ការរៀនសូត្របន្ថែមនៅមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នេះ នឹងធ្វើឱ្យរូបគេប្រឡងជាប់បាក់ឌុបជាមួយនឹងលទ្ធផលល្អប្រសើរ។ 

កញ្ញា អេង ស៊ូអ៊ី  សិស្សថ្នាក់ទី១២ នៅវិទ្យាល័យ ហ៊ុន សែន ១​ មិថុនា
 
នៅក្នុងបន្ទប់កុំព្យូទ័រដដែល សិស្សម្នាក់ទៀតបានបង្ហាញក្តីរំភើបជាខ្លាំងនូវសមិទ្ធផលថ្មី ដែលសាលារៀនរបស់ខ្លួនទទួលបានពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ សិស្សម្នាក់នោះ គឺជាកញ្ញា អេង ស៊ូអ៊ី ដោយបានរៀបរាប់ទាំងក្តីរីករាយថា នៅក្នុងអគារមជ្ឈមណ្ឌលនេះ មានបន្ទប់រៀនដ៏ស្រស់ស្អាត ថែមទាំងបំពាក់នូវកុំព្យូទ័រទំនើប ដែលខ្លួនមិនធ្លាប់ឃើញពីមុនមក។ លើសពីនេះនៅក្នុងបន្ទប់រៀននេះគឺមានសេវាអ៊ីនធឺណិតដើរលឿនទៀត ដែលផ្តល់ភាពងាយស្រួលក្នុងការសិក្សា។
 
ស៊ូអ៊ី បានអះអាងយ៉ាងដូច្នេះ៖ «សេវាអ៊ីនធឺណិតលឿន និងដើរបានល្អដោយមិនរំខានដល់ការសិក្សារបស់សិស្ស ជាពិសេសការររៀនសូត្រពីចម្ងាយនេះ ពួកខ្ញុំអាចសួរ ឬឆ្លងឆ្លើយជាមួយគ្រូបង្រៀនបានភ្លាមៗនូវចម្ងល់នានាបានទៀត»។  
 
នៅចំពោះមុខ បន្ទប់កុំព្យូទ័រនៅមជ្ឈមណ្ឌលនេះ ត្រូវបានប្រើប្រាស់សម្រាប់បំប៉នបន្ថែមលើមុខវិជ្ជាគោលដៅសម្រាប់ត្រៀមប្រឡងបាក់ឌុប។ ជាពិសេសផ្តោតលើសិក្សាពីចម្ងាយដែលមានការរៀនផ្ទាល់តាមអនឡាញ(Live) រៀងរាល់ថ្ងៃអាទិត្យតាមរយៈគេហទំព័រ Duraseksa.com របស់ក្រសួងអប់រំ យុវជន និងកីឡា។ ការសិក្សារបស់កូនសិស្ស ក៏ត្រូវបានបែកចែកជា២ក្រុម ឬ២បន្ទប់ផ្សេងគ្នាផងដែរ។ 
 
បន្ទប់ដែលសិស្សទាំង២នាក់ខាងលើកំពុងរៀនសូត្រ គឺជាបន្ទប់ធំដែលបំពាក់នូវឧបករណ៍កុំព្យូទ័រចំនួន៣០គ្រឿងសម្រាប់ការរៀនសូត្ររបស់សិស្សថ្នាក់សង្គមវិទ្យា រីឯបន្ទប់គ្នាមួយនោះមានទំហំតូចជាងដែលអាចសិស្សថ្នាក់វិទ្យាសាស្ត្រចូលរៀនម្តងបានចំនួន១៥នាក់ប៉ុណ្ណោះ។ បន្ទប់ទាំង២នេះ ក្រៅតែសម្រាប់ការសិក្សាពីចម្ងាយរបស់សិស្សថ្នាក់ទី១២ហើយនោះ ក៏សម្រាប់ការបង្រៀនកុំព្យូទ័រដល់សិស្សចាប់ពីថ្នាក់១០ ដល់១២ តាមម៉ោងសិក្សារៀងរាល់ខ្លួនដែលសាលាបានកំណត់ចាប់ពីថ្ងៃចន្ទដល់ថ្ងៃសៅរ៍។

លោក អ៊ុង អង្គាររ៉ា ដែលជាគ្រូបង្រៀនផ្នែកកុំព្យូទ័រ និងជាអ្នកសម្រួលបច្ចេកទេសដល់សិស្សពេលសិក្សាពីចម្ងាយ
 
ការសិក្សាពីចម្ងាយរបស់សិស្សបាន៤សប្តាហ៍មកនេះ លោក អ៊ុង អង្គាររ៉ា ដែលជាគ្រូបង្រៀនផ្នែកកុំព្យូទ័រ និងជាអ្នកសម្រួលបច្ចេកទេសដល់សិស្សពេលសិក្សាពីចម្ងាយ សង្កេតឃើញសិស្សរបស់ខ្លួនម្នាក់បានយកចិត្តទុកដាក់នឹងការសិក្សាបានច្រើនជាមួយលទ្ធផលល្អប្រសើរជាងមុន។ លោកបានញ្ជាក់ថា៖  « ការណ៍នេះក៏ព្រោះតែសិស្សមានឱកាសស័្វយសិក្សាបន្ថែមរៀងរាល់ថ្ងៃអាទិត្យ ជាមួយគ្រូបង្រៀនដែលបានឡាយផ្ទាល់ចេញពីសាលារៀននៅភ្នំពេញទៅតាមជំនាញនីមួយៗ ធ្វើឱ្យសិស្សយើងបានចំណេះដឹងបន្ថែមកាន់តែទូលំទូលាយជាងមុន...»។ 
 
កន្លែងបណ្តុះធនធានមនុស្សឌីជីថល
 
កញ្ញា វ៉ាន់ លីម៉ី សិស្សថ្នាក់ទី១១ ក៏ជាសិស្សនៅវិទ្យាល័យ ហ៊ុន សែន ១ មិថុនា ដែរ។ វ័យស្រីវ័យ១៧ឆ្នាំរូប បានចាប់អារម្មណ៍ខ្លាំងនូវវត្តមានមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ ដើម្បីរៀនសូត្រជំនាញកុំព្យូទ័រ  ពិសេសផ្នែកបច្ចេកវិទ្យាឌីជីថលតែម្តង។ សិស្សស្រីដែលចូលចិត្តផ្នែកបច្ចេកវិទ្យាឌីជីថល បានត្រៀមខ្លួនរួចរាល់ហើយការសិក្សានៅមជ្ឈមណ្ឌលនេះទៅតាមកាលវិភាគរបស់សាលាបានរៀបចំឡើង។ 

កញ្ញា វ៉ាន់ លីម៉ី សិស្សថ្នាក់ទី១១ ក៏ជាសិស្សនៅវិទ្យាល័យ ហ៊ុន សែន ១ មិថុនា
 
បន្ទាប់ពីសម្ពោធមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ជាផ្លូវការមក លីម៉ី អាចចូលរៀននូវជំនាញខ្លួនចិត្តចូលបាន២ម៉ោងក្នុងមួយសប្តាហ៍។ «វត្តមានមជ្ឈមណ្ឌលនេះ នឹងជួយបង្កើនសមត្ថភាពផ្នែកបច្ចេកវិទ្យាឌីជីថលខ្ញុំបានកាន់តែច្រើន ពីព្រោះខ្ញុំក៏ដូចសិស្សនៅខេត្តឯទៀតភាគច្រើនមិនសូវមានចំណេះដឹងផ្នែកបច្ចេកវិទ្យាទេ»។ នេះជាក្តីរំពឹងរបស់ លីម៉ី ដែលស្រឡាញ់ខាងការសរសេរកូដសម្រាប់បង្កើតកម្មវិធីឌីជីថលនានា។
 
សម្រាប់សិស្សស្រីពូកែវោហាររូបនេះ ការរៀនសូត្រនៅមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ គឺជាទុនយ៉ាងល្អប្រសើរ សម្រាប់ការចាប់យកជំនាញបច្ចេកវិទ្យាឌីជីថលដែលខ្លួនស្រឡាញ់នាពេលអនាគតក្រោយបញ្ចប់មធ្យមសិក្សា។ លីម៉ី បន្តនិយាយមកកាន់សារព័ត៌មានឌីជីថលថ្មីៗថា៖ «រយៈពេល១ឆ្នាំកន្លះដែលខ្ញុំបានឱកាសរៀននៅមជ្ឈមណ្ឌលនេះ ខ្ញុំនឹងប្រឹងប្រែងលើការសរសេកូដ  ព្រោះកន្លងមក ខ្ញុំធ្លាប់ចូលប្រឡងការសរសេរកូដដែរ ប៉ុន្តែដោយសារខ្ញុំអត់សូវមានសមត្ថភាពហើយអត់ដែលរៀនពីមុនមកទៀត! ពេលនោះគឺខ្ញុំធ្វើមិនបានល្អទេ»។ 
 
បើតាមមានសមត្ថភាពបន្តការសិក្សាថ្នាក់មហាវិទ្យាល័យនៅឯរាជធានីភ្នំពេញ  វ៉ាន់ លីម៉ី  នឹងជ្រើសរើសជំនាញបច្ចេកវិទ្យាឌីជីថល ដើម្បីក្លាយជាធនធានមនុស្សឌីជីថល សម្រាប់កម្ពុជាក្នុងការអភិឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែច្រើនដូចប្រទេសនានាជុំវិញពិភពលោក។ 
 
មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ នឹងរៀបចំការបង្រៀនសរសេរកូដដល់សិស្សដែលស្រឡាញ់ជំនាញនេះ នាពេលឆាប់ៗ។ នេះបើតាមការលើកឡើងរបស់លោក អ៊ុង អង្គាររ៉ា  ដែលសិស្សថ្នាក់ទី៧ដល់១២នៅវិទ្យាល័យ ហ៊ុន សែន ១មិថុនា កំពុងរៀនអំពីគ្រឿងបង្គុំនៃកុំព្យូទ័រ និងមូលដ្ឋានគ្រឹះ (វគ្គ Typing )។

 
ជាការពិតសិស្សភាគច្រើននៅតាមជនបទគឺមានដំណេះដឹងផ្នែកICTទាបជាងសិស្សនៅភ្នំពេញ និងទីប្រជុំជន។ ប៉ុន្តែក្រោយមានវត្តមានមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ គ្រូបង្រៀនផ្នែកបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍ (ICT)រូបនេះ ជឿជាក់ថា  កូនសិស្សនៅវិទ្យាល័យ ហ៊ុន សែន ១ មិថុនា បន្ទាប់ពីចប់បាក់ឌុប នឹងមានចំណេះដឹងបន្ថែមថ្មីទៀតពាក់ព័ន្ធនឹងកុំព្យូទ័រ។ 
 
«ខ្ញុំសង្ឃឹមថា កូនសិស្សយើងដែលចេញពីសាលារៀនទៅ ពួកគាត់នឹងជំនាញថ្មីមួយទៀតជាប់នឹងខ្លួនពួកគាត់តែម្តង គឺជំនាញ ICT ដែលផ្សារទៅមុខវិជ្ជា ឬជំនាញនានាដែលពួកគាត់ចង់រៀននៅឯសាកលវិទ្យាល័យ អត់សូវមានឧបសគ្គដូចសិស្សជំនាញមុនៗទេ»។ លោក អ៊ុង អង្គាររ៉ា និយាយមកកាន់សារព័ត៌មានឌីជីថលថ្មីៗ(ThmeyThmey)។
 
ក្រៅពីសិស្ស, ប្រជាកសិករ ក៏ដូចប្រជាពលរដ្ឋក្នុងមូលដ្ឋាន អាចប្រើប្រាស់នូវមុខងាររបស់មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នេះបានផងដែរ។ លើសពីនេះ ប្រជាពលរដ្ឋដែលចង់ស្វែងយល់ពីវិស័យបច្ចេកវិទ្យាឌីជីថលនានា ដូចជា៖ ពួកគាត់ចង់ចេះបង់លុយតាមប្រព័ន្ធអនឡាញ ចង់ចេះទិញទំនិញតាមអនឡាញ ចង់ចេះសុំសេវាសាធារណៈតាមអនឡាញ ឬក៏ពួកគាត់ចង់ចេះបង្កើតគណនីហ្វេសប៊ុក គណនីតេលេក្រាម និងគណនីតិកតុក...ជាដើម គឺពួកការអាចចុះឈ្មោះចូលរៀនបាន ដោយឥតគិតថ្លៃឡើយ។  មជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថល ដែលមានទទឹង១២ម៉ែត្រ ជាមួយបណ្តោយ៣០ម៉ែត្រនេះ គឺមានបន្ទប់សម្រាប់បណ្តុះបណ្តាលពួកគាត់សម្រាប់បម្រើក្នុងជីវភាពរបស់រស់នៅប្រចាំ។ 

លោក ស៊ឹម រ៉ុង នាយកវិទ្យាល័យ ហ៊ុន សែន ១ មិថុនា
 
បើតាមលោក ស៊ឹម រ៉ុង នាយកវិទ្យាល័យ ហ៊ុន សែន ១ មិថុនា បច្ចុប្បន្នមានប្រជាពលរដ្ឋ និងអាណាព្យាបាលសិស្សមួយចំនួនហើយបានសួរព័ត៌មានជាហូរហែពីសាលា ដើម្បីសុំចុះឈ្មោះចូលរៀនបច្ចេកវិទ្យាឌីជីថល។ លោកបានបញ្ជាក់ថា ៖ « ក្រោយពីការសម្ពោធមជ្ឈមណ្ឌលច្ចេកវិទ្យាសហគមន៍ជាផ្លូវការ យើងនឹងផ្តល់ការបណ្តុះបណ្តាលដល់ប្រជាពលរដ្ឋនូវបច្ចេកវិទ្យាមួយចំនួន លើអ្វីដែលគាត់អត់ធ្លាប់ប្រើឬស្គាល់ពីមុនមក។ ជាពិសេសលើកម្មវិធីប្រើប្រាស់ជាមួយទូរសព្ទដៃ កម្មវិធីប្រើប្រាស់លើកុំព្យូទ័រ និងកម្មវិធីអេប(App) ដែលពួកគាត់មិនដែលប្រើ យើងនឹងបង្រៀនពួកគាត់ពីអេបទាំងនោះសម្រាប់ជាប្រយោជន៍របស់ពួកគាត់»។
 
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា កសាងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នេះឡើងក្នុងគោលដៅលើកកម្ពស់បរិវត្តកម្មវិស័យអប់រំ និងអក្ខរកម្មឌីជីថល ដែលគាំទ្រដល់ដំណើរការអភិវឌ្ឍមូលធនមនុស្សឌីជីថលរបស់កម្ពុជា។ មជ្ឈមណ្ឌលនេះនឹងចូលរួមអភិវឌ្ឍធនធានមនុស្សឌីជីថល គាំទ្រការកាត់បន្ថយគម្លាតឌីជីថល និងជំរុញការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលរបស់រដ្ឋាភិបាលឱ្យបាននៅត្រឹមឆ្នាំ២០៣៥។
 
នេះជាសម្ធិផលដែលសម្រេចបានមុខគេក្នុងចំណោមមជ្ឈមណ្ឌលផ្សេងៗទៀត ដែលក្រសួងប្រៃសណីយ៍បានដាក់ចេញសម្រាប់កសាងធនធានមនុស្ស ហើយនឹងការប្រែក្លាយប្រជាពលរដ្ឋកម្ពុជាឱ្យទៅជាប្រជាពលរដ្ឋឌីជីថលនាពេលអនាគត។ លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ បានលើកឡើងបែបនេះ ក្នុងពិធីសម្ពោធដាក់ឱ្យមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ ដោយបាននិយាយថា៖ «តួនាទីសំខាន់របស់មជ្ឈមណ្ឌលនេះ គឺបង្រៀនសិស្ស និងប្រជាពលរដ្ឋក្នុងសហមគមន៍ឱ្យចេះបច្ចេកវិទ្យាឌីជីថល»។
 
មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នេះ មានមុខងារសំខាន់ចំនួន៤ ដែលក្នុងនោះមានបន្ទប់កុំព្យូទ័រ សម្រាប់បង្រៀនសិស្សលើមុខវិជ្ជាអក្ខរកម្មឌីជីថល បណ្តុះបណ្តាលគ្រូបង្រៀន រួមទាំងសម្រាប់ការប្រជុំ និងការសិក្សាពីចម្ងាយ។ ជាពិសេស មជ្ឈមណ្ឌលនេះ គឺមានបន្ទប់សម្រាប់បណ្តុះបណ្តាលជំនាញបច្ចេកវិទ្យាឌីជីថល បណ្តុះបណ្តាលមន្ត្រីរាជការ និងប្រជាពលរដ្ឋ និងការបណ្តុះបណ្តាលជំនាញជួសជុលបរិក្ខាបច្ចេកវិទ្យា។
 
ក្រៅពីនេះ មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ ក៏មានប៉ុស្តិ៍ប្រៃសណីយ៍ដែលផ្តល់សេវាបញ្ញើក្នុងស្រុក  និងបញ្ញើអន្តរជាតិមានជាង១០០ប្រទេសទូទាំងពិភពលោក រួមទាំងសេវាផ្សេងៗទៀត។ជាមួយគ្នានេះ មជ្ឈមណ្ឌលក៏មានសាលសាធារណៈ និងអ៊ិនធឺណិតកាហ្វេ សម្រាប់សិស្ស និងពលរដ្ឋស្វែងរកប្រភពព័ត៌មានព័ត៌មានឌីជីថល បណ្ណាល័យឌីជីថល និងអានសៀវភៅ  ផងដែរ។
 
ផ្តើមចេញពីខេត្តតាកែវ ក្នុងការបង្កើត CTC នៅតាមវិទ្យាល័យរដ្ឋទូទាំងប្រទេស
មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍(CTC) នៅវិទ្យាល័យ ហ៊ុន សែន ១មិថុនា ស្ថិតនៅស្រុកបាទី ខេត្តតាកែវ ជាសមិទ្ធផលដំបូងគេបង្អស់នៃការអនុវត្តគម្រោងអភិវឌ្ឍវិស័យបច្ចេកវិទ្យាឌីជីថលដល់សិស្ស និងប្រជាពលរដ្ឋមូលដ្ឋាន។ ទន្ទឹមនេះ ក្រសួងកំពុង សាងសង់CTC នៅវិទ្យាល័យចំនួន១៧ទៀត នៅក្នុងខេត្តតាកែវ ដែលអាចបញ្ចប់ការសាងសង់នាចុងឆ្នាំនេះ។ 

 
ក្នុងនោះមាន វិទ្យាល័យ ហ៊ុន សែន បាទី, វិទ្យាល័យ សុខ អាន ទន្លេបាទី, វិទ្យាល័យ សុខ អាន ត្រាំខ្នា, វិទ្យាល័យ អង្គរកា, វិទ្យាល័យ ហ៊ុន សែន ត្នោតជុំ, វិទ្យាល័យ សុខ អាន ១ ឧសភា, វិទ្យាល័យ ហ៊ុន រ៉ានី ហ៊ុន សែន ភ្នំជីសូ, វិទ្យាល័យ អង្គព្រះស្តេច, វិទ្យាល័យ ខ្សាច់ស, វិទ្យាល័យ សុខ អាន ដូងខ្ពស់ បុរីជលសារ,  វិទ្យាល័យ ហ៊ុន សែន អង្គរ បូរី, វិទ្យាល័យ ហេង សំរិន ព្រៃល្វា, វិទ្យាល័យ សុខ អាន ទម្លាប់, វិទ្យាល័យ សុខ អាន សុបិន, វិទ្យាល័យ សុខ អាន ថ្នល់បំបែក, វិទ្យាល័យ ព្រែកសណ្តែក និងវិទ្យាល័យ សុខ អាន ខ្វាវ។  
 
ខាងលើនេះជាវិទ្យាល័យទាំង១៨ ក្នុងចំណោមវិទ្យាល័យសាធារណៈទាំង៥៤កន្លែងនៅក្នុងតាកែវ បានឆ្លើយតបនឹងតម្រូវការក្រសួងក្នុងការដំណាក់កាលសាកល្បង ឬដំណាក់កាលទី១ ដើម្បីស្វែងការអភិវឌ្ឍថ្មីឱ្យកាន់តែប្រសើរ សម្រាប់ការពង្រីកវិសាលភាពនៃការបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នៅតាមវិទ្យាល័យសាធារណៈទូទាំងប្រទេសទាំង៥៥៨កន្លែង។ តាមលោកស្រី  ហ៊ាន ប៉ូលីណេ អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ វិទ្យាល័យដែលអាចទទួលបានគម្រោងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នៅក្នុងដំណាក់កាលទី១របស់ក្រសួងប្រៃសណីយ៍បាន  លុះតែវិទ្យាល័យនោះ មានគ្រូបង្រៀនល្អៗនិងចំនួនសិស្សច្រើន, ថ្នាក់ដឹកនាំវិទ្យាល័យត្រូវផ្តល់ទីតាំងល្អសមរម្យសម្រាប់បង្កើតមជ្ឈមណ្ឌលនេះ ដើម្បីឆ្លើយតបនឹងមុខងារផ្តល់ឱ្យសាធារណជន។ ជាមួយគ្នានេះ អ្នកគ្រប់គ្រងសាលារៀន គឺត្រូវមានឆន្ទៈរក្សានិន្តរភាពរបស់មជ្ឈមណ្ឌល។

 លោកស្រី  ហ៊ាន ប៉ូលីណេ អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍
 
ក្រៅពីវិទ្យាល័យទាំង១៨ខាងលើ ក្រសួងប្រៃសណីយ៍ក៏បានសហការជាក្រសួងក្រសួងអប់រំ សិក្សាពីការអនុវត្តគម្រោងនេះនៅតាមវិទ្យាល័យចំនួន២០ទៀត ស្ថិតនៅក្នុងខេត្តព្រះវិហារ សៀមរាប កំពង់ចាម  កណ្តាល និងខេត្តព្រះសីហនុ ជាដើម។ ក្នុងន័យនេះលោកស្រី ហ៊ាន ប៉ូលីណេ បានបញ្ជាក់ថា ៖« នេះមិនមែនត្រឹមតែគ្រោងសាកល្បងដាក់អនុវត្តក្នុងដំណាក់កាលទី១នៅខេត្តតាកែវបូករួមនឹងអ្វីដែលយើងទទួលបានហើយនឹងជាមួយកិច្ចសហប្រតិបត្តិការពីក្រសួងអប់រំលើវិទ្យាល័យ២០ហ្នឹងទេ គឺយើងនឹងពង្រីកការអនុវត្តជាបន្តបន្ទាប់តាមផែនការ។ មានន័យថាវិទ្យាល័យសាធារណៈទាំង៥៥៨កន្លែង! យ៉ាងណាក៏ដោយយើងនឹងបន្តចរន្តដើម្បីសិក្សាមើល គ្រាន់តែយើងត្រូវការពេលវេលា ការបែកចែកតំបន់អទិភាព និងមើលលទ្ធភាពជាក់ស្តែងអនុវត្តបានប៉ុនណាដើម្បីកសាងមជ្ឈមណ្ឌលហ្នឹង»។ 
 
តាមផែនការ,  ក្រសួងប្រៃសណីយ៍ នឹងសាងសង់មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ឱ្យបានគ្រប់វិទ្យាល័យសាធារណៈទាំងអស់នៅទូទាំងប្រទេសនៅត្រឹមឆ្នាំ២០២៧។ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍  បានអះអះអាងយ៉ាងដូច្នេះ៖ « យើងមានវិទ្យាល័យជាង៥០០នៅទូទាំងប្រទេស យើងខំធ្វើយ៉ាងម៉េចសាងសង់មជ្ឈមណ្ឌលនេះ បើមិននៅគ្រប់កន្លែងទេ តែឱ្យបានច្រើនជាទីបំផុត ដើម្បីឱ្យសិស្សវិទ្យាល័យរបស់យើងអាចរៀនសូត្រពីបច្ចេកវិទ្យាបានសម្រាប់អនាគតរបស់សិស្សទាំងនោះ»។ 

លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍
 
ក្រសួងប្រៃសណីយ៍ប្រឹងប្រែងអនុវត្តបែបនេះ ជាការឆ្លើយតបនឹងការអនុវត្តក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ដែលសម្រេចឱ្យបាននៅឆ្នាំ២០៣៥។ ក្របខណ្ឌគោលនយោបាយនេះ ផ្តោតសំខាន់លើកសាងពលរដ្ឋឌីជីថល រដ្ឋាភិបាលឌីជីថល និងធុរកិច្ចឌីជីថល ដើម្បីជំរុញសន្ទុះកំណើនសេដ្ឋកិច្ចថ្មី និងលើកកម្ពស់សុខុមាលភាពសង្គម តាមគន្លងប្រក្រតីភាពថ្មី៕
 

Tag:
 បច្ចេកវិទ្យា
  សហគមន៍
  CTC
© រក្សាសិទ្ធិដោយ thmeythmey.com