សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ក្រុមហ៊ុន Ford គ្រោងផលិតរថយន្តអគ្គិសនីខ្នាតតូច ដើម្បីប្រជែងជាមួយ BYD និង Tesla
30, Jun 2024 , 1:59 pm        
រូបភាព
ការដាក់បង្ហាញរថយន្តក្រុមហ៊ុន Ford ។ រូបភាព ៖ Xinhua
ការដាក់បង្ហាញរថយន្តក្រុមហ៊ុន Ford ។ រូបភាព ៖ Xinhua
នាយកប្រតិបត្តិក្រុមហ៊ុន Ford Motor លោក Jim Farley បាននិយាយថា គ្រោងផលិតរថយន្តអគ្គិសនី (EV) តម្លៃខ្ទង់ ៣ម៉ឺនដុល្លារ ដើម្បីប្រជែងជាមួយក្រុមហ៊ុនអាម៉េរិក Tesla និង BYD របស់ចិន។

 
លោក Farley មិនបានបង្ហាញពីព័ត៌មានលម្អិតជាច្រើនអំពីរថយន្តនេះទេ ប៉ុន្តែលោកបាននិយាយថា នឹងប្រជែងជាមួយដៃគូសំខាន់ៗដូចជាក្រុមហ៊ុនផលិតរថយន្តចិន BYD និងក្រុមហ៊ុនអាម៉េរិក Tesla។ លោក Farley បាននិយាយថា ប្រជាជនអាម៉េរិកចូលចិត្តរថយន្តតូចៗ ជំនួសឱ្យរថយន្តធំ។
 
បើនាយកប្រតិបត្តិ Ford រូបនេះ វាមានសារៈសំខាន់សម្រាប់ក្រុមហ៊ុន ដើម្បីផលិតរថយន្ត EV ដែលទទួលបានផលចំណេញក្នុងរយៈពេល ៥ឆ្នាំខាងមុខ ដោយសារក្រុមហ៊ុនផលិតរថយន្តចិនបន្តពង្រីកទូទាំងពិភពលោក។
 
លោក Farley បាននិយាយថា ក្រុមហ៊ុន Ford កំពុងផ្តោតជាលើកដំបូងលើរថយន្ត EV ខ្នាតតូចៗ ជំនួសឱ្យរថយន្តដឹកទំនិញអគ្គិសនី និងរថយន្តស្ព័រ (SUV)។ 
 
កាលពីដើមឆ្នាំនេះ ក្រុមហ៊ុន Ford បាននិយាយថា ខ្លួននឹងពន្យារពេលការផលិតរថយន្តប្រភេទ SUV ខ្នាតធំក្នុងរោងចក្រនៅកាណាដារហូតដល់ឆ្នាំ ២០២៧ ជំនួសឱ្យផែនការដើមឆ្នាំ ២០២៥។ ក្រុមហ៊ុនក៏បានពន្យារពេលការផលិតរថយន្តភីកអាប់ជំនាន់ថ្មីម៉ូដែល «T3» ពីចុងឆ្នាំ ២០២៥ ដល់ឆ្នាំ ២០២៦។
 
នាយកប្រតិបត្តិលោក Jim Farley បាននិយាយថា លោកបានកាត់បន្ថយមហិច្ឆតារថយន្តអគ្គិសនីមួយចំនួនរបស់ក្រុមហ៊ុន ដើម្បីតម្រឹមតម្រូវការរបស់អ្នកប្រើប្រាស់កាន់តែប្រសើរឡើង។ នាពេលអនាគតដ៏ខ្លីខាងមុខនេះ រថយន្តកូនកាត់គឺជាអាទិភាពចម្បងរបស់ក្រុមហ៊ុន Ford ដើម្បីជួយអតិថិជនឆ្ពោះទៅកាន់អនាគតដែលប្រើថាមពលថ្មសាកអគ្គិសនី។
 
ការកើនឡើងយ៉ាងខ្លាំងនៃការលក់រថយន្តកូនកាត់ ជាផ្នែកមួយនៃផែនការរបស់ក្រុមហ៊ុន Ford ដើម្បីផ្តោតលើបច្ចេកវិទ្យានេះ។ តម្រូវការរថយន្តកូនកាត់កំពុងកើនឡើង ខណៈដែលរថយន្តអគ្គិសនីដូចជារថយន្តភីកអាប់ F-150 Lightning និង Mustang Mach-E ប្រភេទ Crossover កំពុងលក់យឺតជាងការរំពឹងទុក។
 
ក្រុមហ៊ុន Ford បាននិយាយថា ខ្លួនកំពុងកាត់បន្ថយការផលិតរថយន្តភីកអាប់អគ្គិសនី F-150 Lightning ព្រោះការព្យាករពីតម្រូវការរថយន្តអគ្គិសនីកាន់តែខ្សោយនៅឆ្នាំ ២០២៤។
 
ក្រុមហ៊ុន Ford រំពឹងថាការលក់រថយន្តអគ្គិសនីទូទាំងពិភពលោកនឹងបន្តកើនឡើងនៅឆ្នាំ ២០២៤ ទោះបីជាទាបជាងការព្យាករក៏ដោយ។ យោងតាមក្រុមហ៊ុន Ford ការលក់ F-150 Lightning បានកើនឡើង ៥៥ភាគរយក្នុងឆ្នាំ ២០២៣ ជាមួយនឹងការព្យាករកំណើនបន្ថែមទៀតនៅឆ្នាំនេះ៕ 
 

Tag:
 Ford
  BYD
  Tesla
  រថយន្តអគ្គិសនី
© រក្សាសិទ្ធិដោយ thmeythmey.com