អន្តរជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក បៃឌិន ទទួលស្គាល់ថាខ្លួនអាយុច្រើន និងជជែកដេញដោលខ្សោយ ប៉ុន្តែប្តេជ្ញាយកឈ្នះលោក ត្រាំ
30, Jun 2024 , 4:29 pm        
រូបភាព
លោក ចូ បៃឌិន បេក្ខជនប្រធានាធិបតីពីបក្សប្រជាធិបតេយ្យ។ រូបភាព ៖ AFP
លោក ចូ បៃឌិន បេក្ខជនប្រធានាធិបតីពីបក្សប្រជាធិបតេយ្យ។ រូបភាព ៖ AFP
ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន បានប្តេជ្ញាថា នឹងយកឈ្នះគូប្រជែង របស់បក្សសាធារណ រដ្ឋ គឺលោក ដូណាល់ ត្រាំ នៅក្នុងការបោះឆ្នោតប្រធានាធិបតី ខែវិច្ឆិកា បើទោះបីជាលោកទទូលស្គាល់ថាខ្លួនមានអាយុច្រើន និងជជែកដេញដោលមិនបានច្រើន។

 
ថ្លែងនៅវេទិកាប្រមូលផ្តុំមួយថ្ងៃ បន្ទាប់ពីការតតាំងទល់មុខគ្នា ជាមួយលោក ត្រាំ លោក បៃឌិន បានទទួលស្គាល់នូវភាពវ័យចំណាស់របស់ខ្លួន។ លោកបញ្ជាក់ថា ៖«ច្បាស់ណាស់ ខ្ញុំដឹងថា ខ្ញុំមិននៅក្មេងទៀតទេ។ ខ្ញុំមិនដើរស្រួលដូចពីមុនទេ។ ខ្ញុំមិននិយាយស្ទាត់ដូចពីមុនទេ ខ្ញុំមិនប្រកែកដូចអ្វីដែលខ្ញុំធ្លាប់ធ្វើនោះទេ»។  
 
យ៉ាងណាមិញ លោកមិនបានបង្ហាញសញ្ញាចុះចាញ់ពីការប្រជែងតំណែងសេតវិមាននោះទេ ក្រោយពីការជជែកដេញដោលគ្នាជាមួយលោក ត្រាំ ដោយផ្ទាល់។ លោកបានសង្គត់ធ្ងន់ថា៖«ខ្ញុំនឹងមិនរត់ទៀតទេ ប្រសិនបើខ្ញុំ មិនជឿអស់ពីចិត្តថា ខ្ញុំអាចធ្វើការងារនេះបាន»។ 
 
ការជជែកដេញដោលគ្នាដោយផ្ទាល់ មុនការបោះឆ្នោតរវាង លោក បៃឌិន និង លោក ត្រាំ នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ចំណាយពេលជាង ១ម៉ោង។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយទូទស្សន៍ CNN នៅស្ទូឌីយ៉ូទីក្រុង Atlanta រដ្ឋ Georgia ។
 
នេះជាលើកទីមួយ ដែលលោក បៃឌិន អាយុ៨១ឆ្នាំ និងលោក ត្រាំ អាយុ ៧៨ឆ្នាំបានជជែក ទល់មុខគ្នាដោយផ្ទាល់ ក្នុងការប្រជែងតំណែងសេតវិមាននៅឆ្នាំនេះ។ ការពិភាក្សាបាន ចាប់ផ្តើម បេក្ខជនទាំងពីរមិនបានចាប់ដៃគ្នាទេ។
 
លើកចុងក្រោយដែលអ្នកទាំងពីរបានជួបគ្នា គឺអំឡុងការជជែកដេញដោលប្រធានាធិបតីឆ្នាំ ២០២០ ពេលនោះបេក្ខជនទាំងពី ក៏មិនចាប់ដៃគ្នាដែរ ដោយសារបទបញ្ញត្តិជំងឺកូវីដ-១៩។
 
ប្រធានបទ ដែលជជែកផ្តោតលើសំខាន់ៗ លើសន្តិសុខព្រំដែន អន្តោប្រវេសន៍ គោលនយោបាយសេដ្ឋកិច្ច ការបរទេស ព្រមទាំងបញ្ហាអាយុ និងសុខភាព។
 
ក្រោយការបិទបញ្ចប់ លោក ត្រាំ ហាក់មានប្រៀបជាងដៃគូ ដោយបានបញ្ចេញនូវសារនយោបាយរបសខ្លួន វាយប្រហារទៅប្រមុខដឹកនាំសេតវិមានបច្ចុប្បន្ន។ ទន្ទឹមនេះ លោក បៃឌិន ហាក់និយាយមិនសូវច្បាស់ ពុំសូវមានអ្វីវាយបកទៅ លោក ត្រាំ ឡើយ ហើយលោកច្រើនតែលើកពីសមិទ្ធផលរបស់ខ្លួន អំឡុងកាន់តំណែងប្រធានាធិតី៕ 

Tag:
 អាម៉េរិក
  ចូ បៃឌិន
  បោះឆ្នោត
  ដូណាល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com