ជាតិ
អាជ្ញាធរកំពង់ភ្លុក ផ្តល់រង្វាន់លើកទឹកចិត្តដល់គ្រួសារ ដែលទុកដាក់សំរាមបានល្អ
30, Jun 2024 , 4:59 pm        
រូបភាព
កម្មវិធីចែករង្វាន់ដល់គ្រួសារស្អាត។ រូបភាពលោក អេង យូ
កម្មវិធីចែករង្វាន់ដល់គ្រួសារស្អាត។ រូបភាពលោក អេង យូ
សៀមរាប៖ ប្រជាពលរដ្ឋនៅក្នុងសហគមន៍ឃុំកំពង់ភ្លុក ជាង២០០គ្រួសារ បានទទួលកញ្ចប់ថវិកា និងអង្ករ ជាការលើកទឹកចិត្ត សម្រាប់កិច្ចខិតខំរៀបចំ ទុកដាក់សំរាមតាមខ្នងផ្ទះមានរបៀប ក្នុងន័យលើកកម្ពស់អនាម័យបរិស្ថានក្នុងមូលដ្ឋានរបស់ខ្លួន។


 
រដ្ឋបាលឃុំកំពង់ឃ្លាំង និងអង្គការមូលនិធិទំពាំងស្នងឫស្សី បាននាំយកថវិកា និងអង្ករជារង្វាន់លើកទឹកចិត្តដល់គ្រួសារស្អាតចំនួន២១៧គ្រួសារ ក្នុងភូមិទាំង៣ នៃឃុំកំពង់ឃ្លាំង ដែលជាគ្រួសារស្អាត ក្នុងការទុកដាក់សំរាមមានរបៀបរៀបរយ។ 
 
ប្រធានអង្គការមូលនិធិទំពាំងស្នងឫស្សី គ្រួសារដែលទទួលបានរង្វាន់លើកទឹកចិត្តនេះ គឺក្រោយពីមានការវាយតម្លៃ និងចាប់ឆ្នោតនៅដើមខែ មិថុនា ក្នុងកម្មវិធីបុណ្យសមុទ្រទឹក សាបកន្លងទៅ។ 

ការទុកដាក់សំរាមរបស់គ្រួសារស្អាតដែលទទួលបានរង្វាន់លើកទឹកចិត្ត។
 
 លោក ស៊ា សុផល បន្ថែមថា ក្នុងចំណោមគ្រួសារទាំង២១៧នោះ ក្នុងនោះរួមមាន ៤គ្រួសារទទួលបានថវិកា៥ម៉ឺនរៀលក្នុងមួយគ្រួសារ, ១៤គ្រួសារទទួលបានមួយគ្រួសារ៣ម៉ឺនរៀល, ១២៦គ្រួសារទៀតទទួលបានអង្ករ១០គីឡូក្រាមក្នុងមួយគ្រួសារ, ៥០គ្រួសារទទួលបានអង្ករ១០គីឡូក្រាម និងថវិកា១ម៉ឺនរៀល និង២៤គ្រួសារទៀត ទទួលបានអង្ករ១០គីឡូក្រាម និងថវិកា២ម៉ឺនរៀល។
 
សូមបញ្ជាក់ថា កម្មវិធីខាងលើនេះ ជាកម្មវិធីមួយក្នុងព្រឹត្តិការណ៍ទេសចរណ៍បរិស្ថាន បុណ្យសមុទ្រទឹកសាបកម្ពុជា ដឹងគុណទន្លេសាប លើកទី២ ប្រចាំឆ្នាំ២០២៤ ដែលរៀបចំឡើងដោយអង្គការមូលនិធិទំពាំងស្នងឫង និងស្ថាប័នដៃគូ។ កម្មវិធីនេះ ដើម្បីបន្តអនុវត្តន៍សាកល្បងគម្រោងប្រមូលយកប្លាស្ទិកតាមខ្នងផ្ទះ(Harvest Plastic Program) ដែលជាសកម្មភាពចុះអប់រំប្រជាពលរដ្ឋតាមខ្នងផ្ទះ ឱ្យចេះញែកទុកដាក់សំណល់ប្លាស្ទិកឱ្យបានត្រឹមត្រូវ ផ្លាស់ប្តូរយកទម្លាប់ថ្មី រស់នៅស្អាត ដោយឈប់ដុតសំរាមប្លាស្ទិក និងឈប់បោះចោលសំរាមប្លាស្ទិក ចូលទៅក្នុងទឹកកំឡុងពេលទឹកជន់ឡើងនារដូវវស្សា៕

Tag:
 សំរាម
  បរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com