ជាតិ
Tripadvisor៖ ភ្នំពេញស្ថិតក្នុងចំណោមគោលដៅទេសចរលេចធ្លោខ្លាំងនៅឆ្នាំ២០២៤
30, Jun 2024 , 8:39 pm        
រូបភាព
ដោយ: រួបរួម
គេហទំព័រទេសចរណ៍លំដាប់ពិភពលោក Tripadvisor ក្នុងខ្ទង់ Travelers’ Choice: Best of the Best ឆ្នាំ២០២៤ របស់ខ្លួន បានបញ្ចូលរាជធានីភ្នំពេញ ក្នុងចំណោមតំបន់ទេសចរណ៍ដ៏លេចធ្លោ (Trending Destinations) ទាំង២៥លើពិភពលោក។

 
ភ្នំពេញ ស្ថិតនៅលេខរៀងទី៩ ដោយ Tripadvisor ចាត់ទុកថា ជាគោលដៅទេសចរណ៍ដែលមានតម្លៃបន្ទប់សណ្ឋាគារសមរម្យ និងសមហេតុផល។ នៅភ្នំពេញ អ្នកទេសចរអាចទស្សនាទីវត្តអារ៉ាម ព្រះបរមរាជវាំង និងសំណង់ផ្សេៗដែលបន្សល់ពីអាណានិគមបារាំង ពោលរាជធានីខ្មែរនេះ ជាគោលដៅទេសចរណ៍ប្រវត្តិសាស្ត្រ វប្បធម៌ និងមានសេវាកម្សាន្តដ៏សំបូរបែបផងដែរ។

 
ក្រុងតូក្យូរបស់ជប៉ុន ឈរនៅចំណាត់ថ្នាក់លេខ១នៃតារាង Trending Destinations របស់ Tripadvisor ដោយនាំមុខក្រុងសេអ៊ូល (កូរ៉េខាងត្បូង), ឆ្នេរហាឡុង (វៀតណាម), កោះ Palawan (ហ្វីលីពីន), ក្រុងសាប៉ា (វៀតណាម), ក្រុង Bogota (កូឡុំប៊ី), ខេត្តប៉ាតាយ៉ា (ថៃ), ក្រុង Alajuela (កូស្តារីកា), រាជធានីភ្នំពេញ (កម្ពុជា), ក្រុងកូឡាឡាំពួរ (ម៉ាឡេស៊ី)។
 
កោះ Jeju (កូរ៉េខាងត្បូង) ស្ថិតនៅលេងរៀងទី១១ បន្ទាប់មកមាន កោះ Viti Levu (ហ្វីជី), ក្រុង Chennai ឬអតីតក្រុង Madras (ឥណ្ឌា), ក្រុង Puebla (ម៉ិកស៊ិក), ក្រុងបានឌុង (ឥណ្ឌូណេស៊ី), ក្រុងប៉ាណាម៉ា (ប៉ាណាម៉ា), ក្រុង Huaraz (ប៉េរូ), ក្រុងណៃរ៉ូប៊ី (កេនយ៉ា), តំបន់ La Paz (បូលីវី), ផែ Ghalib (អេហ្ស៊ីប)។
 
គោលដៅ៥ចុងក្រោយ ដែលស្ថិតក្នុងតារាង Trending Destinations ទាំង២៥ រួមមាន ក្រុង Brasov (រូម៉ានី), ក្រុង Manta (អេក្វាឌ័រ), ក្រុងកាសាប្លង់កា (ម៉ារ៉ុក), ក្រុង Santiago (ស៊ីលី) និងក្រុងតៃប៉ិ នៃកោះតៃវ៉ាន់របស់ចិន៕

Tag:
 Tripadvisor
© រក្សាសិទ្ធិដោយ thmeythmey.com