អន្តរជាតិ
ប្រធានប្រតិបត្តិក្រុមហ៊ុន Huawei ថា បច្ចេកវិទ្យា 5.5G នឹងបង្កើតឱកាសរកស៊ីថ្មី
02, Jul 2024 , 9:29 am        
រូបភាព
ក្រុមហ៊ុន Huawei និងក្រុមហ៊ុនដៃគូផ្សេងទៀត បានប្រកាសរួមគ្នាលើកម្មវិធី 5G-A Pioneers Program។ រូបភាព Facebook_Huawei
ក្រុមហ៊ុន Huawei និងក្រុមហ៊ុនដៃគូផ្សេងទៀត បានប្រកាសរួមគ្នាលើកម្មវិធី 5G-A Pioneers Program។ រូបភាព Facebook_Huawei
បច្ចេកវិទ្យា 5G-A ឬ5.5G នឹងបង្កើតឱកាសរកស៊ីថ្មី តាមរយៈការពង្រីកទំហំដែនធុរកិច្ច។ ប្រធានប្រតិបត្តិនៃក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Huawei លោក David Wang បានលើកឡើងបែបនេះ នៅថ្ងៃទី២៥ ខែមិថុនា ក្នុងអំឡុងវេទិកា Mobile World Congress Shanghai 2024។

 
ក្នុងកម្មវិធី «the Global Launch of 5G-A Pioneers Program» រៀបចំដោយក្រុមហ៊ុន Huawei នៅថ្ងៃទី២៥ ខែមិថុនា ក្នុងក្រុងសៀងហៃ ប្រទេសចិន លោក លោក David Wang ប្រធានប្រតិបត្តិក្រុមប្រឹក្សាភិបាល និងជាប្រធានក្រុមប្រឹក្សាគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង (ICT) បានយល់ឃើញថា​ បច្ចេកវិទ្យា 5.5G ឬ 5G-A (5G Advanced) កំពុងតែវិវឌ្ឍទៅមុខ និងបង្កើតឱកាសជាច្រើនសម្រាប់ការរកស៊ី។ 
 
«វា (5G-A) នឹងជួយការពារការវិនិយោគ ខណៈបង្កើតឱកាសសម្រាប់ធុរកិច្ចថ្មី តាមរយៈការពង្រីកព្រំដែននៃការរកស៊ី»។ លោក David Wang បានសង្កត់ធ្ងន់បែបនេះ នៅចំពោះមុខអ្នកវិនិយោគ មន្រ្តីក្រុមហ៊ុនបច្ចេកវិទ្យា និងអ្នកចូលរួមផ្សេងទៀត ក្រោមប្រធានបទ «5G-A: Paving the Way for Shared Success»។ 
 
បច្ចេកវិទ្យា 5G-A ជាបច្ចេកវិទ្យាជំនាន់ថ្មីមួយ ដែលវាមានល្បឿងទាញយកទិន្នន័យលឿនជាង 5G ចំនួន ១០ដង, កែលម្អបទពិសោធន៍ក្នុងការលេងហ្គេម ការលក់អនឡាញ និងទស្សនាវីដេអូ រួមទាំងកាត់បន្ថយភាពលឿនយឺតរបស់អ៊ីនធឺណិតថែមទៀត។ បច្ចេកវិទ្យា 5G-A នឹងចូលរួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍឧស្សាហកម្មផ្សេងទៀត ពាក់ព័ន្ធនឹងបច្ចេកវិទ្យា និងការស្រាវជ្រាវ។ 
 
ពីវេទិកាក្នុងក្រុងសៀងហៃ ប្រធានប្រតិបត្តិក្រុមប្រឹក្សាភិបាល បានសន្យាធ្វើការជាមួយឧស្សាហកម្មផ្សេងទៀត ដើម្បីកសាងប្រព័ន្ធអេកូឡូស៊ីនៃបច្ចេកវិទ្យា 5G-A ឱ្យមានស្ថានភាពល្អ, បន្តអភិវឌ្ឍបច្ចេកវិទ្យា 5G-A ឱ្យកាន់តែមានស្តង់ដា និងចែករំលែកផលប្រយោជន៍ក្នុងការអភិវឌ្ឍបច្ចេកវិទ្យា 5G-A។ មន្រ្តីក្រុមហ៊ុន Huawei រូបនេះ បានសន្យាបង្កើតពិភពលោកបែបបច្ចេកវិទ្យាក្នុងក្តីស្រមៃឱ្យក្លាយជាការពិតផងដែរ។ 
 
នៅក្នុងវេទិកា «the Global Launch of 5G-A Pioneers Program»​ ក្រុមហ៊ុន Huawei និងក្រុមហ៊ុនដៃគូផ្សេងទៀត បានប្រកាសរួមគ្នាលើកម្មវិធី 5G-A Pioneers Program និងកិច្ចព្រមព្រៀងជាក់លាក់ចំនួន ៦ក្នុងនោះមានដូចជា ការពង្រីកសមត្ថភាពបច្ចេកវិទ្យា 5G-A, ការលើកតម្កើងការអភិវឌ្ឍបច្ចេកវិទ្យា 5G-A, គុណភាពសេវាអ៊ីនធឺណិត និងប្រព័ន្ធអេកូឡូស៊ីជាដើម៕ 

Tag:
 Huawei
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com