អន្តរជាតិ
បោះឆ្នោតបារាំង៖ បក្សស្តាំនិយមជ្រុលទទួលសំឡេងគាំទ្រ ៣៣,១៥ភាគរយនៅជុំទីមួយ
02, Jul 2024 , 11:29 am        
រូបភាព
អ្នកគាំទ្របក្សស្តាំនិយមជ្រុល National Rally របស់បារាំង។ រូបភាព AFP
អ្នកគាំទ្របក្សស្តាំនិយមជ្រុល National Rally របស់បារាំង។ រូបភាព AFP
បក្សស្តាំនិយមជ្រុល National Rally (RN) បានឈ្នះការបោះឆ្នោតរដ្ឋសភានៅជុំទីមួយ ដោយទទួលបានសំឡេងគាំទ្រ ៣៣,១៥ភាគរយ ខណៈបក្សសម្ព័ន្ធ Ensemble របស់លោក អេម៉ានុយអែល ម៉ាក្រុង ទទួលបានសំឡេងគាំទ្រត្រឹមតែ ២០,៧៦ភាគរយប៉ុណ្ណោះ។ នេះបើតាមលទ្ធផលចុងក្រោយបញ្ចេញដោយក្រសួងមហាផ្ទៃបារាំង នៅថ្ងៃទី១ ខែកក្កដា។

 
ឱកាសបក្សស្តាំនិយមជ្រុល National Rally (RN) កាន់តែមានខ្ពស់ឡើង ក្រោយទទួលបានសំឡេងភាគច្រើន នៅក្នុងការបោះឆ្នោតរដ្ឋសភានៅជុំទីមួយ ក្នុងថ្ងៃទី៣០ ខែមិថុនា។ 
 
តាមលទ្ធផលចុងក្រោយ បញ្ចេញដោយក្រសួងមហាផ្ទៃបារាំង បក្សនិយមជ្រុល National Rally របស់លោកស្រី ម៉ារីន ឡឺ ប៉ែន ទទួលបានការគាំទ្រ ៣៣,១៥ភាគរយ, បក្សឆ្វេងនិយម New Popular Front ទទួលបាន ២៨,១៤ភាគរយ និងបក្សសម្ព័ន្ធ Ensemble របស់លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង ទទួលបានត្រឹម ២០,៧៦ភាគរយប៉ុណ្ណោះ។ 
 
សម្រាប់ការបោះឆ្នោតនៅជុំចុងក្រោយ ក្នុងថ្ងៃទី៧ ខែកក្កដា បក្សស្តាំនិយមជ្រុល ត្រូវបានរំពឹងថា នឹងទទួលបានសំឡេងគាំទ្របន្ថែមទៀត។​ តាមការរំពឹងទុក ទាំងការបោះឆ្នោតនៅជុំចុងក្រោយ បក្សស្តាំនិយមជ្រុល អាចទទួលបានអាសនៈសរុប ចន្លោះពី ២៣០ ទៅ២៨០ ខណៈបក្សសម្ព័ន្ធ New Popular Front អាចទទួលបានពី ១២៥ ដល់១៦៥។ ចំណែកសម្ព័ន្ធ Ensemble របស់លោកម៉ាក្រុង អាចទទួលបានពី ៧០ ទៅ១០០ អាសនៈ។ 
 
ដើម្បីបង្កើតរដ្ឋាភិបាលបាន បក្សនយោបាយ ត្រូវមានសំឡេងភាគច្រើននៅក្នុងសភា ពោលគឺ ២៨៩អាសនៈ ក្នុងចំណោម ៥៧៧អាសនៈ។ ការកាន់កាប់កៅអីរដ្ឋសភាភាគច្រើនរបស់បក្សស្តាំនិយមជ្រុល អាចធ្វើឱ្យបារាំង មានប្រធានាធិបតីមកពីបក្សផ្សេង និងរដ្ឋាភិបាលមកពីបក្សផ្សេង។ ទន្ទឹមនេះ វាក៏ជាការត្រួសត្រាយផ្លូវ សម្រាប់លោកស្រី ឡឺ ប៉ែន ក្នុងការឆ្ពោះទៅរកតំណែងជាប្រធានាធិបតី នៅឆ្នាំ២០២៧ ក្រោយប្រជែងជាមួយលោកម៉ាក្រុងចំនួន ២អាណត្តិផងដែរ។ 
 
យ៉ាងណាមិញ បារាំង ក៏អាចប្រឈមនឹងភាពជាប់គាំងផ្នែកនយោបាយបានដែរ ប្រសិនបើបក្សស្តាំនិយមជ្រុល មិនទទួលបានសំឡេងភាគច្រើននៅក្នុងសភា ហើយសម្ព័ន្ធលោកម៉ាក្រុង មិនអាចរកសំឡេងភាគច្រើន នៅក្នុងសភាបាន។ 
 
ថ្លែងនៅចំពោះមុខកាមេរ៉ា នៅថ្ងៃទី៣០ ខែមិថុនា លោក Jordan Bardella មានវ័យទើបតែ២៨ឆ្នាំ ដែលជាបេក្ខជននាយករដ្ឋមន្រ្តីរបស់បក្សស្តាំនិយមជ្រុល បានសន្យាធ្វើជានាយករដ្ឋមន្រ្តី សម្រាប់ប្រជាជនបារាំងទាំងអស់, គោរពបក្សប្រឆាំង, បើកចំហកិច្ចពិភាក្សា និងបង្រួបបង្រួមប្រជាជន។ 
 
តាមរយៈលទ្ធផលខាងលើ ការសម្រេចចិត្តរំលាយសភា របស់លោកប្រធានាធិបតី ម៉ាក្រុង ដើម្បីស្តារប្រជាប្រិយភាពឡើងវិញ គឺមិនបានដូចចិត្តរបស់លោកឡើយ។ ការសម្រេចរំលាយសភានៅពេលកន្លងមក គឺដោយសារលទ្ធផលដំបូងនៃការបោះឆ្នោតជ្រើសរើសសមាជិកសភាអឺរ៉ុបបានបង្ហាញថា បក្សរបស់លោកចាញ់បក្សស្ដាំនិយមជ្រុល៕
 

Tag:
 បារាំង
  ការបោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com