កីឡាជាតិ
ជាតិ
លោក អ៊ុំ ប៊ុនរ៉េត ជិះម៉ូតូឆ្លងទ្វីប ផ្សព្វផ្សាយពីកម្ពុជា និងរកថវិកាជួយពេទ្យគន្ធបុប្ផា
02, Jul 2024 , 12:09 pm        
រូបភាព
លោក អ៊ុំ ប៊ុនរ៉េត រូបពីហ្វេសប៊ុក Oum Bunreth
លោក អ៊ុំ ប៊ុនរ៉េត រូបពីហ្វេសប៊ុក Oum Bunreth
លោក អ៊ុំ ប៊ុនរ៉េត អគ្គលេខាធិការរងសហព័ន្ធកីឡាយានយន្ដកម្ពុជា នឹងជិះម៉ូតូផ្សងព្រេង តែ​ម្នាក់ឯងឆ្លងកាត់ ២២ប្រទេសនៅទ្វីបអឺរ៉ុប ដើម្បីផ្សព្វផ្សាយពីកម្ពុជា ទៅកាន់ពិភពលោក និងស្វែងរកថិវកាសប្បុរសធម៌ ជួយមន្ទីរពេទ្យគន្ធបុប្ផា។



ដំណើរជិះម៉ូតូផ្សងព្រេងរបស់ លោក អ៊ុំ ប៊ុនរ៉េត ត្រូវធ្វើដំណើរតាមជើងយន្ដហោះ ទៅ​ទីក្រុង Munich ប្រទេសអាល្លឺម៉ង់ នៅថ្ងៃទី២ ខែកក្កដា មុនត្រឡប់មកកម្ពុជា ដោយជិះម៉ូតូ ចាប់ផ្ដើមពីថ្ងៃទី៥ ខែកក្កដា។ ក្នុងដំណើរបេសកកម្មនេះ លោក អ៊ុំ ប៊ុនរ៉េត អាចប្រើពេល ៤​ខែ​ ដើម្បីមកដល់ទឹកដីកម្ពុជាវិញ ដោយត្រូវឆ្លងកាត់២២ប្រទេស។
 
អ្នកជិះម៉ូតូវ័យ ៤៤ឆ្នាំរូបនេះ បានប្រាប់សារព័ត៌មានថ្មីៗ តាមតេលេក្រាមថា ការធ្វើដំណើរ​​​ផ្សងព្រេង​នេះ គឺដើម្បីរៃថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា ដែលមានតម្រូវការចំណាយជាច្រើន រៀងរាល់ឆ្នាំ ដើម្បីសង្គ្រោះកុមារកម្ពុជា។ លោក អ៊ុំ ប៊ុនរ៉េត​ ចង់ក្លាយជាចំណែក​ជួយដល់​មន្ទីរពេទ្យ ហើយក៏ចង់ឱ្យមានយុទ្ធនារៃអង្គាសថវិកាជួយដល់កុមារនេះ ​មាន​សកម្មភាព​រស់​រវើក​។ 
 
លោក អ៊ុំ ប៊ុនរ៉េត បញ្ជាក់បន្ថែម៖ «យើងដឹងស្រាប់ហើយមន្ទីរពេទ្យគន្ធបុប្ផាត្រូវការថវិកា ដើម្បីផ្គត់ផ្គង់មន្ទីរពេទ្យ៥កន្លែង នៅ​ក្នុង​ស្រុកខ្មែរ។ ដូចអ្វីដែលកម្ពុជាធ្លាប់ធ្វើ យុទ្ធនាការ​១ម៉ឺនរៀល ហើយមាន​អ្នកចូលរួម​ច្រើន​ទៀត​។ ហើយពេលចប់យុទ្ធនាការនេះ ក៏ស្ងាត់ទៅ។ អ៊ីចឹង​ហើយ មូលនិធិគន្ធបុប្ផា ត្រូវមាន​សកម្មភាពរហូត ដូចជាទាត់បាល់សប្បុរសធម៌ និង​កម្មវិធី​នានា ដើម្បីរកថវិកាទាំងអស់នេះ មក​ទ្រទ្រង់ស្ថានភាពចំណាយរបស់មន្ទីរពេទ្យ​គន្ធបុប្ផា​។ ដូច្នេះ ខ្ញុំចង់ចូលរួមចំណែ​កមួយ​។»។​
 
ក្រៅពីដើម្បីរៃអង្គាសថវិកា ជួយមន្ទីរពេទ្យគន្ធបុប្ផាហើយនោះ  អគ្គលេខាធិការរង​សហព័ន្ធកីឡា​យានយន្ដ​កម្ពុជា បញ្ជាក់ថាដំណើរផ្សងព្រេងរបស់ខ្លួន ក៏ជាឱកាស​ឱ្យ​លោកផ្សព្វផ្សាយ​ពី​កម្ពុជាផង។ នៅពេល​យើង​ជិះដល់តំបន់ណា យើងឈប់ យើងថត យើងជជែកជាមួយគេ ដែលនាំឲ្យគេ​ស្គាល់​ខ្មែរ​។ ទាំងនេះហើយ ជាការផ្សព្វផ្សាយពីខ្មែរ។ យើងផ្សព្វផ្សាយពីស្ថានភាព ស្ថិរភាព​នយោបាយរបស់ខ្មែរយើង ឲ្យគេបានដឹង។»។ លោក អ៊ុំ ប៊ុនរ៉េត បានប្រាប់ដូច្នេះ។ 
 
​គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី៦ ខែមិថុនា លោក ទីវ តារារិទ្ធ បានជិះកង់ពីកម្ពុជា ទៅទ្វីប​អឺរ៉ុប ដើម្បីរៃថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ។ ចំណែក លោក អ៊ុំ ប៊ុន​រ៉េត គឺជាបុរសទី២ ដែលនឹងត្រូវធ្វើដំណើរផ្សងព្រេង តាមរយៈការជិះម៉ូតូពីអឺរ៉ុបមក​កម្ពុជា ដើម្បីរកថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា៕

Tag:
 អ៊ុំ ប៊ុនរ៉េត
  សប្បុរសធម៌
  ជិះម៉ូតូ
© រក្សាសិទ្ធិដោយ thmeythmey.com