ជាតិ
កម្ពុជា ផ្លាស់ប្តូរឆ្នាំគោលគណនេយ្យជាតិពីឆ្នាំ២០០០ ទៅឆ្នាំ២០១៤
02, Jul 2024 , 4:19 pm        
រូបភាព
ក្រសួងផែនការ បានប្រកាសបិទបញ្ចប់ការងារផ្លាស់ប្ដូរឆ្នាំគោលគណនេយ្យជាតិ ឬ​ឆ្នាំ​គោល ផលិតផលក្នុងស្រុកសរុប(ផ.ស.ស.) ឆ្នាំ២០០០ ទៅឆ្នាំគោល២០១៤ នៅថ្ងៃទី២ ខែកក្កដានេះ។ ផ.ស.ស. គឺជាការគណនាតម្លៃជារូបិយវត្ថុ នៃផលិតផល និងសេវាកម្ម​សម្រេច​សរុប របស់ប្រទេសមួយតាមថ្លៃទីផ្សារក្នុងមួយឆ្នាំ។



ផ.ស.ស. គឺជាដំណើរការនៃការជំនួសឡើងវិញឆ្នាំគោលចាស់ (ឆ្នាំ២០០០) ដែលបាន​ប្រើ​ប្រា​ស់សម្រាប់ចងក្រង ផ.ស.ស. ជាង២០ឆ្នាំមកហើយ ជាមួយឆ្នាំគោលថ្មី (ឆ្នាំ២០១៤) ដើម្បី​គណនាថ្លៃថេរ ផ.ស.ស. សម្រាប់វាស់វែងទំហំ និងកំណើនសេដ្ឋកិច្ច។ 
 
បើតាមក្រសួងផែនការ ក្នុងរយៈពេលមួយដ៏វែងនេះ សេដ្ឋកិច្ចកម្ពុជា មានការប្រែប្រួលថ្លៃ និង​រចនាសម្ព័ន្ធ ដែលចាំបាច់ក្នុងការផ្លាស់ប្ដូរឆ្នាំគោលថ្មីជាបន្តបន្ទាប់ ដើម្បីឆ្លើយតប​ទៅ​នឹងការវិវឌ្ឍន៍នេះ ព្រមទាំងលើកកម្ពស់គុណភាព និងរបាយការណ៍ ផ.ស.ស.។ បើតាម​នាយកដ្ឋានស្ថិតិអង្គការសហប្រជាជាតិ (UN Statistics Department-UNSD) និងមូលនិធិ រូបិយវត្ថុអន្តរជាតិ (IMF) ស្នើឱ្យប្រទេសជាសមាជិកផ្លាស់ប្ដូរឆ្នាំគោល ផ.ស.ស. រៀង​រាល់​៥ឆ្នាំ ឬយូរបំផុត១០ឆ្នាំម្តង។ 
 
ការងារផ្លាស់ប្តូរឆ្នាំគោល ផ.ស.ស. ឆ្នាំ២០១៤ មានរយៈពេលជាង ២ឆ្នាំ ចាប់ផ្តើមនាចុងឆ្នាំ​២០១៧ និងបានបញ្ចប់នាចុងខែធ្នូ ឆ្នាំ២០១៩ ក្រោមជំនួយបច្ចេកទេស​ពីគណៈកម្មការ​សេដ្ឋកិច្ច និងសង្គម​របស់អង្គការសហប្រជាជាតិប្រចាំតំបន់អាស៊ី ​និងប៉ាស៊ីហ្វិក​(UNESCAP) និងទីភា្នក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិស៊ុយអែត(SIDA) ដែល បាន​​បញ្ជូនអ្នកជំនាញស្ថិតិគណនេយ្យជាតិ ពីស្ថាប័នស្ថិតិចក្រភពអង់គ្លេស (ONS-UK) និងស្ថាប័នស្ថិតិប្រទេសស៊ុយអែត(SCB) មកដឹកនាំមន្រ្តីនាយកដ្ឋានគណនេយ្យជាតិ នៃ​វិទ្យាស្ថានជាតិស្ថិតិ ​ និងបានចាត់អ្នកសេដ្ឋកិច្ចជាន់ខ្ពស់​ពីស្ថាប័នស្ថិតិប្រទេសស៊ុ​យអែត​(SCB) មកជួយពិនិត្យលទ្ធផល។ 
 
ការផ្លាស់ប្តូរឆ្នាំគោល ផ.ស.ស. ឆ្នាំ២០១៤ បានផ្អែកលើប្រភពទិន្នន័យសំខាន់ៗ រួមមាន ការ​ជំរឿន​សេដ្ឋកិច្ចឆ្នាំ២០១១, ជំរឿនកសិកម្មឆ្នាំ២០១៣, អង្កេតពាក់កណ្តាលជំរឿន​សេដ្ឋកិច្ច​ឆ្នាំ២០១៤, អង្កេតសេដ្ឋកិច្ចសង្គមកិច្ចឆ្នាំ២០១៤ និងប្រភពទិន្នន័យរដ្ឋបាលផ្សេង​ទៀត ដូចជាជញ្ជីងទូទាត់ (ធនាគារជាតិនៃកម្ពុជា) ស្ថិតិហិរញ្ញវត្ថុរាជរដ្ឋាភិបាល​(ក្រសួង​សេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ) ទិន្នន័យពាណិជ្ជកម្មអន្តរជាតិ (អគ្គនាយកដ្ឋានគយ និងរដ្ឋាករ កម្ពុជា) និងទិន្នន័យក្រសួង ស្ថាប័នផ្សេងទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា។
 
 លទ្ធផលបឋមការផ្លាស់ប្តូរឆ្នាំគោល ផ.ស.ស. ឆ្នាំ២០១៤ ត្រូវបានត្រួតពិនិត្យ និងពិភាក្សា​ជា​ច្រើន​លើកជាមួយអ្នកជំនាញនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជា មូលនិធិរូបិយ​វត្ថុអន្តរជាតិ និងស្ថាប័នស្ថិតិប្រទេសស៊ុយអែត និងបានបង្ហាញថា ទំហំ​សេដ្ឋកិច្ច​កម្ពុជាមាន ៨៨,៩ ទ្រីលានរៀល ស្មើនឹង ២២,១ប៊ីលានដុល្លារ នៅឆ្នាំគោល​២០១៤ បើធៀបនឹងឆ្នាំ២០០០ មានទំហំសេដ្ឋកិច្ច ៦៧,៤ទ្រីលានរៀល បានកើនឡីង ៣១,៩​ ភាគរយ។ 
 
ជាមួយគ្នានេះ វិស័យកសិកម្មបានរួមចំណែក ២២ភាគរយ នៃ ផ.ស.ស. ថយចុះ ២៩ភាគ រយ, វិស័យឧស្សាហកម្មមាន ៣០ភាគរយ កើនពី ២៦ភាគរយ, វិស័យសេវាកម្ម ៤២ភាគ រយ កើនពី ៤០ភាគរយ។ ចំណូលសម្រាប់មនុស្សម្នាក់ (GDP per capita) កើនពី ១ ១៣១ ដុល្លារ ដល់ ១ ៤៨៩ ដុល្លារនៅឆ្នាំ២០១៤។ 
 
 ដោយឡែក គិតក្នុងឆ្នាំ២០២២ សេដ្ឋកិច្ចកម្ពុជាមានទំហំ ១៦០,១ ទ្រីលានរៀល ឬស្មើ ៣៩,៥ ប៊ីលានដុល្លារ និងកំណើន ៥,១ភាគរយ។ ចំណូលសម្រាប់ម្នាក់មានប្រមាណ ២ ៣៤៥ ដុល្លារ៕ 

Tag:
 សេដ្ឋកិច្ច
  ក្រសួងផែនការ
  គោលគណនេយ្យជាតិ២០១៤
© រក្សាសិទ្ធិដោយ thmeythmey.com