កីឡាអន្តរជាតិ
អន្តរជាតិ
អភិបាលក្រុងប៉ារីស៖ ការនាំមុខរបស់បក្សស្តាំនិយមជ្រុល មិនប៉ះពាល់ដំណើរការអូឡាំពិកឡើយ
02, Jul 2024 , 7:29 pm        
រូបភាព
ជ័យជម្នះក្នុងការបោះឆ្នោតសភាជុំទី១របស់គណបក្សស្តាំនិយមជ្រុល (RN) ក្នុងប្រទេសបារាំងនឹងមិនធ្វើឱ្យប៉ះពាល់ដល់ការរៀបចំធ្វើម្ចាស់ផ្ទះកីឡាអូឡាំពិករដូវក្តៅ ឆ្នាំ២០២៤ ក្នុងក្រុងប៉ារីសឡើយ។ នេះជាការអះអាងរបស់អភិបាលក្រុងប៉ារីសអ្នកស្រី Anne Hidalgo នៅថ្ងៃទី២ ខែកក្កដា។



បក្សស្តាំនិយមជ្រុល RN របស់លោកស្រី ម៉ារីន ឡឺ ប៉ែន បានឈ្នះការបោះឆ្នោតរដ្ឋសភាជុំទីមួយ នៅថ្ងៃទី៣០ ខែមិថុនា ដោយទទួលបានសំឡេងគាំទ្រ ៣៣,១៥ភាគរយ នាំមុខបក្សសម្ព័ន្ធ Ensemble របស់លោក អេម៉ានុយអែល ម៉ាក្រុង ទទួលបានសំឡេងគាំទ្រត្រឹមតែ ២០,៧៦ភាគរយ។ 
 
ការ​បោះ​ឆ្នោត​ជុំ​ទី​ពីរ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី២ ខែកក្កដា ពោលគឺ​ត្រឹម​តែ​១៩​ថ្ងៃប៉ុណ្ណោះ ​មុន​ពិធី​បើក​កីឡា​អូឡាំពិក​ក្រុង​ប៉ារីស ឆ្នាំ២០២៤។
 
បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP បារាំង អាចនឹងប្រឈម ចលាចល និងភាពជាប់គាំងផ្នែកនយោបាយច្រើនខែ ប្រសិនបើបក្សស្តាំនិយមជ្រុល មិនទទួលបានសំឡេងភាគច្រើននៅក្នុងសភា ហើយសម្ព័ន្ធលោកម៉ាក្រុង មិនអាចរកសំឡេងភាគច្រើននៅក្នុងសភាបាន។ ការនេះ ក៏អាចនាំឱ្យប៉ះពាល់ដល់ការរៀបចំអូឡាំពិកក្នុងទីក្រុងប៉ារីសផងដែរ។
 
ជុំវិញករណីនេះ អ្នកស្រី Hidalgo បានប្រាប់ទូរទស្សន៍បារាំង France 2 TV ព្រឹត្តិការណ៍អូឡាំពិកក្នុងក្រុងប៉ារីស នឹងនៅតែដំណើរការរលូន ជាមួយការរក្សាបានសុវត្ថិភាពពេញលេញសម្រាប់អត្តពលិក និងអ្នកគាំទ្រពីជុំវិញពិភពលោក។
 
«​ខ្ញុំសូម​និយាយ​ទៅកាន់​ភ្ញៀវ​មកពី​ជុំវិញ​ពិភពលោក​ មក​! មក! អញ្ជើញមក! ព្រោះ​ក្រុង​ប៉ារីស​ជា​ទីក្រុង​ដែល​នៅតែ​មានសុវត្ថិភាព និង​សេរីភាពសម្រាប់អ្នកចូលរួមទាំងអស់»​។ នេះជាការលើកឡើងរបស់អភិបាលក្រុងប៉ារីស ក្នុងគោលបំណងឆ្លើយតបទៅកាន់អ្នកគាំទ្រដែលមានបំណងទៅប៉ារីស ដើម្បីចូលរួមទស្សនាកីឡាអូឡាំពិក តែបារម្ភពីស្ថានភាពនយោបាយអំឡុងការបោះឆ្នោតរបស់បារាំង។
 
ស្របពេលគ្នានេះដែរ លោក Michael Payne អតីតអតីតនាយកប្រតិបត្តិគណៈកម្មាធិការអូឡាំពិកអន្តរ (IOC) លើកឡើងថា ការបោះឆ្នោតនៅបារាំង មានហានិភ័យចំពោះការប្រកួតកីឡាអូឡាំពិកនៅប៉ារីស។ «ភាពមិនប្រាកដប្រជាផ្នែកនយោបាយ ក្នុងប្រទេសបារាំងជាការរំខានជាសាធារណៈដែលអាចប៉ះពាល់ដល់សេវាកម្មសន្តិសុខអំឡុងការប្រកួត»។ នេះជាការបញ្ជាក់របស់លោក Payne មុនលោកបន្ថែមថាកម្រិតនៃការគាំទ្រផ្នែកនយោបាយ និងជុំវិញប្រទេសបារាំង ប្រៀបដូចជាភ្លើងក្រោយលទ្ធផលបោះឆ្នោត ដែលអាចបង្កអសន្តិសុខក្នុងអំឡុងពេលប្រកួតអូឡាំពិក។
 
ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ ក្រុងប៉ារីស ឆ្នាំ២០២៤ ដែលមាន៣២ប្រភេទកីឡា លើ៣២៩វិញ្ញាសា នឹងចាប់ផ្តើមផ្លូវការពីថ្ងៃទី២៦ ខែកក្កដា រហូតដល់ថ្ងៃទី១១ ខែសីហា៕

© រក្សាសិទ្ធិដោយ thmeythmey.com