ជាតិ
សេដ្ឋកិច្ច
កម្ពុជា សម្ពោធគម្រោងពង្រឹងប្រព័ន្ធ​ GI និងផលិតផលសម្គាល់ភូមិសាស្រ្តកម្ពុជា
02, Jul 2024 , 5:59 pm        
រូបភាព
គម្រោង «ការពង្រឹងប្រព័ន្ធម៉ាក​សម្គាល់ភូមិសាស្រ្តទំនិញ (GI) និងផលិតផលសម្គាល់ភូមិសាស្រ្តកម្ពុជាប្រកបដោយចីរភាព» ត្រូវបានដាក់សម្ពោធជាផ្លូវការកាលពីថ្ងៃទី១ កក្កដា ក្រោមវត្តមាន លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិ​គ្រប់គ្រង​កម្មសិទិ្ធ​បញ្ញា “គ.ក.ប.។

 
នៅក្នុងពិធី​សម្ពោធនេះ លោកស្រី ចម និម្មល ​រំពឹងថា គម្រោងនេះ​នឹងផ្តល់នូវការសិក្សា​ច្បាស់លាស់ ដើម្បីផ្តល់ជាមូលដ្ឋាន​ជាក់លាក់ក្នុងការរៀបចំយុទ្ធសាស្ត្រលើកកម្ពស់​ម៉ាក​សម្គាល់​ភូមិសាស្ត្រទំនិញកម្ពុជា ព្រម​ទាំង​ចូលរួមពង្រឹងសមត្ថភាពរបស់ភាគីពាក់ព័ន្ធ។
 
ក្នុងនាមជាប្រធានគណៈកម្មាធិការជាតិ​គ្រប់គ្រង​កម្មសិទិ្ធ​បញ្ញា “គ.ក.ប.” ​រដ្ឋមន្ត្រីក្រសួង ពាណិជកម្ម បានបញ្ជាក់ថា ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ គឺជាឧបករណ៍កម្មសិទ្ធិបញ្ញា​មួយ ដែល​ដើរតួនាទីយ៉ាង សំខាន់ក្នុងការលើកកម្ពស់សហគ្រិនភាព ការអភិវឌ្ឍសហគមន៍​កសិកម្ម បង្កើនចំណូល​របស់សហគមន៍ បង្កើតភាពប្រកួតប្រជែងផ្នែកពាណិជ្ជកម្ម ដែលរួម​ចំណែកក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច វប្បធម៌ និងទេសចរណ៍។
 
ក្រសួងពាណិជ្ជកម្ម បានចាប់ផ្តើមអភិវឌ្ឍន៍ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ចាប់តាំងពីឆ្នាំ​២០០៧ ដើម្បីរៀបចំប្រព័ន្ធអភិវឌ្ឍន៍ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ដូចជា ការបង្កើត​ការិយាល័យម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ការរៀបចំលិខិតបទដ្ឋានគតិយុត្ត និង​ការ​អនុវត្តគម្រោងសាកល្បង ចុះបញ្ជីការពារ "ម្រេចកំពត" និង "ស្ករត្នោតកំពង់ស្ពឺ"។ ក្រសួងពាណិជ្ជកម្ម បញ្ជាក់ទៀតថា ​​ផលិតផល"ម្រេចកំពត" និង "ស្ករត្នោតកំពង់ស្ពឺ" ត្រូវបានចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ដោយសារមានលក្ខណៈពិសេស ផ្សារ​ភ្ជាប់នឹងតំបន់ភូមិសាស្ត្រ ចំណេះដឹង-ចំណេះធ្វើ និង​ទំនៀមទម្លាប់របស់ប្រជាពលរដ្ឋក្នុងតំបន់ និងមានកេរ្តិ៍ឈ្មោះល្បី។ 
 


«ចាប់តាំងពីការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញម្រេចកំពត និងស្ករត្នោតកំពង់ស្ពឺ នៅ​ឆ្នាំ២០១០ រហូតមកដល់បច្ចុប្បន្ន ឃើញថាចំនួនកសិករផលិត ផ្ទៃដីដាំដុះ និងក្រុមហ៊ុន​កែច្នៃ​វេចខ្ចប់ មានការកើនឡើងគួរឱ្យកត់សម្គាល់ ហើយមានតម្រូវការទីផ្សារក្នុងស្រុកខ្ពស់ ព្រមទាំងបាននាំចេញទៅកាន់បណ្តាប្រទេសនានាជាច្រើន»។ លោកស្រី ចម និម្មល កត់​សម្គាល់ដូច្នេះ មុននឹងបន្តទៀតថា ម្រេចកំពត និងស្ករត្នោតកំពង់ស្ពឺ បានចុះបញ្ជីការពារ​ម៉ាកនៅអន្តរជាតិ ដើម្បីទប់ស្កាត់ការក្លែងបន្លំ និងកសាងកេរ្តិ៍ឈ្មោះ ទំនុកចិត្ត និងការគាំទ្រផលិតផលកម្ពុជា​ នៅ​ឆាកអន្តរជាតិ​។ មិនតែប៉ុណ្ណោះ ម្រេចកំពត និងស្ករត្នោតកំពង់ស្ពឺ  ក៏បានរួមចំណែកធ្វើឱ្យកម្ពុជា ក្លាយជាគោលដៅទាក់ទាញ​ទេសចរណ៍ៀងដែរ។  
 
ក្រៅពីម្រេចកំពត និងស្ករត្នោតកំពង់ស្ពឺ ផលិតផល អំបិលកំពតកែប ក៏កំពុងដាក់ពាក្យស្នើ​សុំចុះ​បញ្ជីនៅសហភាពអឺរ៉ុប និងតាមរយៈប្រព័ន្ធច្បាប់ទីក្រុងហ្សឺណែវផងដែរ។
 
គួររំលឹក​ថា កម្ពុជាបានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ចំនួន ៧ម៉ាក រួមមាន  ម្រេច​កំពត ​ ស្ករត្នោតកំពង់ស្ពឺ ​ ក្រូចថ្លុងកោះទ្រង់ ​ ទឹកឃ្មុំព្រៃមណ្ឌលគិរី ​ អំបិលកំពតកែប ​ ទឹកត្រី​កំពតកែប និង​ បង្កងតាកែវ។
 
សូមបញ្ជាក់ដែថា «គម្រោងស្តីពីការពង្រឹងប្រព័ន្ធម៉ាកសម្គាល់​ភូមិសាស្រ្ត​ទំនិញ និងផលិតផល​សម្គាល់​ភូមិសាស្រ្ត​កម្ពុជាប្រកបដោយចីរភាព» ទទួលបានការគាំទ្រ ជំនួយបច្ចេកទេសពី​អង្គការ FAO។ តាមរយៈការគាំទ្រនេះបានអនុញ្ញាតឱ្យ ក្រសួង ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍មានលទ្ធភាពពង្រឹងនូវកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍សមត្ថភាព និង​ដោះស្រាយបញ្ហាប្រឈមរួម ដើម្បីពង្រឹងខ្សែច្រវាក់តម្លៃផលិតផល​សម្គាល់​ភូមិសាស្ត្រ​កម្ពុជា៕

© រក្សាសិទ្ធិដោយ thmeythmey.com