អន្តរជាតិ
លោក បៃឌិន សុំទោសលោក ហ្សេលេនស្គី ដែលទុកឱ្យរង់ចាំជំនួយរាប់ខែ
08, Jun 2024 , 7:39 pm        
រូបភាព
ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន បានសុំទោសជាសាធារណៈចំពោះអ៊ុយក្រែនសម្រាប់ការពន្យារពេលផ្ដល់ជំនួយអស់រយៈពេលជាច្រើនខែដោយសារការជាប់គាំងនៅសភា។ លោក បៃឌិន អះអាងថា ការខកខានបែបនេះ ធ្វើឱ្យរុស្ស៊ីទទួលបានផលចំណេញនៅលើសមរភូមិ។

 
លោក ចូ បៃឌិន បានជួបប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅទីក្រុងប៉ារីស នៅថ្ងៃទី៧ ខែមិថុនា អំឡុងពេលចូលរួមពិធីរំឭកដល់ប្រតិបត្តិការឡើងគោកនៅណរម៉ង់ឌីក្នុងសង្រ្គាមលោកលើកទី២។ 
 
«ខ្ញុំសុំទោសសម្រាប់សប្តាហ៍ទាំងនោះដែលមិនដឹងថាមានអ្វីកើតឡើងទាក់ទងនឹងការផ្តល់ជំនួយ។» លោក បៃឌិន និយាយទៅកាន់លោក ហ្សេលេនស្គី​ បែបនេះនេះ ដោយសំដៅការចំណាយពេលដល់ទៅ៦ខែនៅសភាតំណាងដែលកាន់កាប់ដោយបក្សសាធារណរដ្ឋមុននឹងការអនុម័តកញ្ចប់ជំនួយយោធា៦១ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន។
 
ប្រធានាធិបតីរបស់​បក្សប្រជាធិបតេយ្យ​អះអាងថា ប្រជាជន​អាមេរិក​នៅតែ​ឈរ​ក្បែរ​អ៊ុយក្រែន​ក្នុង​រយៈពេល​វែង។ 
 
ពីជំនួបនៅបារាំង លោក ហ្សេលេនស្គី បន្តជំរុញឱ្យជនជាតិអាមេរិកទាំងអស់គាំទ្រការការពារអ៊ុយក្រែនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី ហើយក៏នៅតែបានអរគុណសមាជិកសភាអាម៉េរិកសម្រាប់ការរួបរួមគ្នារហូតអាចអនុម័តការផ្ដល់ជំនួយជាសម្ភារៈសឹកដែលបានអនុញ្ញាតឱ្យអ៊ុយក្រែនរារាំងរុស្ស៊ីក្នុងប៉ុន្មានសប្តាហ៍មកនេះ។
 
«វាមានសារសំខាន់ខ្លាំងណាស់ដែលនៅក្នុងការរួបរួមនេះ អាម៉េរិក ប្រជាជនអាម៉េរិកទាំងអស់នៅជាមួយអ៊ុយក្រែនដូចកាលពីសម័យសង្គ្រាមលោកលើកទី២។» មេដឹកនាំអ៊ុយក្រែនប្រាប់សមភាគីអាម៉េរិកបែបនេះ។
 
រហូតមកដល់ពេលនេះ អាម៉េរិកគឺជាអ្នកផ្គត់ផ្គង់ដ៏ធំបំផុតរបស់ទីក្រុងកៀវ ស្របពេលដែលអ៊ុយក្រែនកំពុងព្យាយាមការពារការវាយលុកដ៏ខ្លាំងក្លារបស់រុស្ស៊ីនៅក្នុងតំបន់ភាគខាងកើត ពិសេសតំបន់ព្រំដែនអ៊ុយក្រែននៅ Kharkov និង Donetsk ៕

Tag:
 អាម៉េរិក
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com