ជាតិ
សេដ្ឋកិច្ច
កម្ពុជា ​កំពុងប្រឹងប្រែងពង្រឹងប្រព័ន្ធអេកូឡូស៊ី MSMEs ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច ​
27, Jun 2024 , 11:59 am        
រូបភាព
សហគ្រាសធុនមីក្រូ តូច និងមធ្យម នៅតែជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច តទៅអនាគត។ នេះជាការគូសបញ្ជាក់របស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅក្នុងសារលិខិតអបអរទិវា ជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម(MSMEs) លើកទី១ ឆ្នាំ២០២៤​។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់បន្ថែមថា ការបន្តកសាង និងពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រាសធុនមីក្រូ តូច និងមធ្យម គឺជាកិច្ចការ​អាទិភាព ដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងខិតខំពុះពារ ដើម្បីទាក់ទាញបានទំនុកចិត្ត និងការ​ពង្រីកវិនិយោគបន្ថែម ដែលនឹងនាំមកនូវកំណើនសេដ្ឋកិច្ចកាន់តែប្រសើរ និងប្រកបដោយបរិយាបន្ន។

កម្ពុជា ​រៀបចំ​ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម(MSMEs) លើកទី១ ឆ្នាំ២០២៤​ នៅថ្ងៃ​ទី២៧  ខែមិថុនានេះ ក្រោមប្រធានបទ«ការពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រាសធុនមីក្រូ តូច និងមធ្យម សម្រាប់កំណើនកាន់តែប្រសើរ»។ 
 
នៅក្នុងសារលិខិតអបអរការប្រារព្ធទិវានេះ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា ការប្រារព្ធទិវាជាតិ MSMEs នេះ បានបង្ហាញពីសមិទ្ធផលដ៏ធំធេងរបស់ សហគ្រាសធុនមីក្រូ តូច និងមធ្យម ក្នុងការចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិកន្លងមក ប្រកបដោយ ស័ក្តិសិទ្ធភាព និងបរិយាបន្ន។ 
 
បើតាមប្រមុខរាជរដ្ឋាភិបាល វិស័យ​ MSMEs ​គ្របដណ្តប់សកម្មភា​ពសេដ្ឋកិច្ចគ្រប់ប្រភេទ និងផ្តល់​​ប្រយោជន៍ដល់​ប្រជា​ជន និងធុរជនគ្រប់រូប តាមរយៈការបង្កើតការងារ មុខរបរ បង្កើនប្រាក់ចំណូល កាត់​បន្ថយចំណាកស្រុក ជួយប្រជាជនងាយរងគ្រោះឱ្យមានលំនឹងជីវភាព ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ស្ថិរភាពសង្គម និងរួមចំណែកដល់ការរីកចម្រើននៃវិស័យឯកជន។
 
កន្លងមក រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយ ផែនការយុទ្ធសាស្ត្រ​និង​វិធានការគាំទ្រនានា ដើម្បីអភិវឌ្ឍវិស័យMSMEs ។ ទោះបីបាន និងកំពុងប្រឈមក្នុងបរិការណ៍នៃការប្រកួតប្រជែង​ នៃការធ្វើ​ពាណិជ្ជ​កម្មសេរី ក្នុងក្របខណ្ឌតំបន់និងសកល ក៏ដូចជាភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ច​ពិភពលោកក៏ដោយ ក៏សហគ្រាសធុនមីក្រូ តូច និងមធ្យម នៅតែ​ដើរតួនាទី​សំខាន់ នៅក្នុងរបត់នៃការប្រែប្រួលផ្នែកលក្ខខណ្ឌតម្រូវរបស់ទីផ្សារ លក្ខខណ្ឌ តម្រូវផ្នែកបរិស្ថាន និងការវិវត្តនៃបច្ចេកវិទ្យាដូចសព្វថ្ងៃ។
 
បច្ចុប្បន្ននេះ MSMEs មានប្រមាណ៩០ភាគរយ លើមូលដ្ឋាន​ផលិតកម្ម អាជីវកម្មសរុប ផ្តល់ការងារពី ៦០ភាគរយ ទៅ៧០ភាគរយ និងរួមចំណែក ៥០ភាគរយ នៃផលិតផលក្នុងស្រុកសរុបនៅទូទាំងពិភពលោក។ 
 
នៅក្នុងក្របខ័ណ្ឌអាស៊ាន មានចំនួនសហគ្រាសសរុបប្រមាណ ៧០លានមូលដ្ឋាន (ចន្លោះពី ៩៧.២ភាគរយ ទៅ ៩៩.៩ភាគរយ) និងរួមចំណែកក្នុងរង្វង់ ៤៤.៨ភាគរយ នៃផលិតផលក្នុងស្រុកសរុបរបស់ ប្រទេសជាសមាជិកអាស៊ាន។ 
 
កម្ពុជាមានសហគ្រាស ធុនមីក្រូ តូច និងមធ្យម(MSMEs) ចំនួន ៧៥៣,៦៧០មូលដ្ឋាន ដែល​មានកម្លាំងពលកម្ម សរុប ២,៩៨០,៥៦៩ នាក់ ក្នុងនោះស្ត្រីមាន ១,៨៤១,៣៦២ នាក់។ នេះបើតាម​របាយការណ៍ថ្នាក់ជាតិ ស្តីពីលទ្ធផលចុងក្រោយនៃជំរឿនសេដ្ឋកិច្ចនៅកម្ពុជា​ឆ្នាំ២០២២ របស់វិទ្យាស្ថានជាតិស្ថិតិ។ 
 
លទ្ធផលជំរឿនបានបង្ហាញថា វិស័ MSMEs បានចូលរួមក្នុងផលិតផលក្នុងស្រុក សរុបស្មើ៦៣ភាគរយ និងផ្តល់ការងារលើសពី៧០ភាគរយ (ដោយមិន រាប់បញ្ចូលវិស័យកសិកម្ម)។
 

 
សម្តេច ហ៊ុន ម៉ាណែត បានបន្ថែមថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា មានឆន្ទៈ និង​ការប្តេជ្ញាមោះមុត ក្នុងការ​បន្តអនុវត្ត​គោលនយោបាយ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យម ហើយបានដាក់ចេញនូវយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ យុទ្ធសាស្ត្រនេះ មានគោល​បំណង​លើកកម្ពស់ គាំពារ និងពង្រឹងសមត្ថភាព ផលិតភាព និងភាពធន់នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងជំរុញ និងពន្លឿនការចូលរួម ទៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ ដើម្បីធានា​ឱ្យបាន​នូវភាពធន់ ភាពប៉ាន់ស្មាន​បាន និងភាពរីកចម្រើនទៅមុខ នៃការធ្វើធុរកិច្ច ពាណិជ្ជកម្ម វិនិយោគ និងការប្រកបអាជីវកម្ម មុខរបរ និងការងារចិញ្ចឹមជីវិតនៅកម្ពុជា។
 
«ការបន្តកសាង និងពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រាសធុនមីក្រូ តូច និងមធ្យម គឺជាកិច្ចការ​អាទិភាព ដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងខិតខំពុះពារ»។ សម្តេច ហ៊ុន ម៉ាណែត បញ្ជាក់ដូច្នេះ មុននឹងបន្តថាប្រព័ន្ធ​អេកូឡូស៊ី​ ដែលមានភាពប្រទាក់ក្រឡា និងគាំទ្រគ្នាទៅវិញទៅមក នឹងទាក់ទាញបានទំនុកចិត្ត និងការ​ពង្រីកវិនិយោគបន្ថែម។
សហគ្រាសធុនមីក្រូ តូច និងមធ្យម នៅតែជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច តទៅអនាគត។ បើតាមសម្តេច ហ៊ុន ម៉ាណែតរាជរដ្ឋាភិបាលកម្ពុជា កំពុងពង្រឹងសមត្ថភាព និងកែលម្អការផ្តល់សេវាសាធារណៈ នៅស្ថាប័នជាតិ​គ្រប់​ជាន់ថ្នាក់ប្រកបដោយនវានុវត្តន៍ ដើម្បីឆ្លើយតប​នឹងតម្រូវការការរបស់ធុរកិច្ច និងរួមចំណែក​បង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងឆាកតំបន់ និងអន្តរជាតិ។ ​ 
 
​រាជ​រដ្ឋា​ភិបាល ក៏លើកទឹកចិត្តឱ្យវិស័យឯកជន ដែលមានតួនាទីគន្លឹះក្នុងការទ្រទ្រង់ និងពង្រឹង​ប្រព័ន្ធអេកូឡូស៊ី បន្ត​អភិវឌ្ឍ​សមត្ថភាព វិនិយោគលើការពង្រឹងស្តង់ដារ និងគុណភាពផលិតផល និងសេវាកម្ម​របស់​ខ្លួន ដើម្បីបង្កើនផលិតភាពកាន់តែប្រសើរ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល ក៏ជំរុញឱ្យវិស័យឯកជនទាំងអស់បំពេញអនុលោមភាព​ច្បាប់ និងបទដ្ឋានគតិយុត្តនានា ដូចជាការចុះបញ្ជីធ្វើអាជីវកម្ម និងវិនិយោគលើការ​បញ្ជីកាគណនេយ្យ​។  
 
ដើម្បីគាំទ្រនិងលើកទឹកចិត្ត ដល់ការបំពេញអនុលោមភាព រាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការគន្លឹះជាច្រើន រួម​ទាំងការអនុគ្រោះផ្នែកពន្ធដារ ​ដើម្បីសហគ្រាសទាំងអស់ មានលទ្ធភាព​ទទួលបាននូវការទទួលស្គាល់ មានទីផ្សារដែលមាននិរន្តរភាព និងទទួលបានការគាំទ្រហិរញ្ញប្បទាន និងសេវាហិរញ្ញវត្ថុនានា សម្រាប់ ពង្រីកសក្តានុពលរបស់ខ្លួន។ នេះបើតាមសម្តេច ហ៊ុន ម៉ាណែត៕

© រក្សាសិទ្ធិដោយ thmeythmey.com