កីឡាអន្តរជាតិ
អន្តរជាតិ
Kvaratskhelia សម្រេចក្តីស្រមៃកាលវ័យក្មេងជាមួយជ័យជម្នះដ៏ធំ និងបានអាវរបស់ Ronaldo
27, Jun 2024 , 3:39 pm        
រូបភាព
កីឡាករ Khvicha Kvaratskhelia សម្រេចក្តីស្រមៃដែលប៉ងពីវ័យក្មេង ជាមួយនឹងការឈ្នះលើក្រុមព័រទុយហ្កាល់ជួយហ្ស៊កហ្ស៊ី ឡើងវគ្គ ១៦ក្រុម នៅការបង្ហាញខ្លួនលើកដំបូងព្រឹត្តិការណ៍ UEFA Euro និងទទួលបានអាវរបស់ Cristiano Ronaldo ដែលជានិមិត្ត។



កីឡាករក្រុម SSC Napoli បានស៊ុតគ្រាប់បាល់បើកឆាកសម្រាប់ហ្ស៊កហ្ស៊ី នៅត្រឹម ២នាទីនៃវគ្គទី១ ដើម្បីនាំមុខព័រទុយហ្កាល់។​ ក្រោយមករូបគេក៏បានបង្ហាញទម្រង់លេងកាន់តែល្អឡើងខ្លាំង ដោយបានញាក់បាល់ទល់ខ្សែការពារព័រទុយហ្កាល់ជាច្រើនលើក មុនពេលគេត្រូវប្តូរចេញ។
 
ខ្សែបម្រើវ័យ ២៣ឆ្នាំ ដែលលើស្មាររបស់គេផ្ទុកទៅដោយបន្ទុកក្តីសង្ឃឹមអ្នកគាំទ្រហ្ស៊កហ្ស៊ី បាននិយាយថាក្រោយចប់ការប្រកួតថា រូបគេបានសម្រេចក្តីស្រមៃ លេងការប្រកួតទល់នឹងតារាបាល់ទាត់វ័យ ៣៩ឆ្នាំ ហើយក៏ទទួលបានអាវពីសំណាក់និមិត្តរូបរបស់គេ។​ រំឮកទៅកាលឆ្នាំ ២០១៣ បន្តិចនៅពេលដែល Ronaldo បានធ្វើដំណើរទស្សនៈកិច្ចនៅទីលានបណ្តុះបណ្តាលកីឡាករថ្នាល់មួយក្នុងទីក្រុង Tbilisi។  រូបភាពមួយត្រូវបានបង្ហោះ ដោយខ្សែប្រយុទ្ធព័រទុយហ្កាល់ ត្រូវបានចោមរោមដោយក្រុមកីឡាករវ័យក្មេងជាច្រើន ហើយក្នុងនោះក៏មាន Kvaratskhelia។
  


នេះបើតាមសម្តីរបស់កីឡាករវ័យ ២៣ឆ្នាំ ក្រោយចប់ការប្រកួត៖«ខ្ញុំទទួលបានអាវពី Ronaldo ខ្ញុំធ្វើវាបានហើយ ហើយយើងទាំងអស់គ្នា បានធ្វើវាដើម្បីបន្តទៅកាន់ជុំបន្ទាប់។ ថ្ងៃនេះគឺជាថ្ងៃល្អពិសេសបំផុតសម្រាប់ប្រជាជនហ្ស៊កហ្ស៊ី។ មនុស្សគ្រប់គ្នារីករាយ យើងបានបង្កើតប្រវត្តិសាស្ត្រ គ្មាននរណាជឿឡើយថាយើងអាចធ្វើវាឱ្យកើតឡើងបាន ហើយយើងអាចបំបាក់ព័រទុយហ្កាល់។ ប៉ុន្តែខ្ញុំគិតថានេះជាហេតុដែលបង្ហាញថាយើងជាក្រុមខ្លាំងមួយ។»។
 
កីឡាករក្រុម Napoli បានទម្លាយអារម្មណ៍ដោយផ្ទាល់នៅពេលរូបគេបានជជែកជាមួយនឹង Ronaldo ក្រោយចប់ការប្រកួត ដោយគេបាននិយាយថាតារាបាល់ទាត់វ័យ ៣៩ឆ្នាំ បានជូនពរដល់គេឱ្យជោគជ័យក្នុងអាជីព។ Kvaratskhelia បានចាត់ទុកថាជារឿងអស្ចារ្យបំផុតសម្រាប់រូបគេនៅពេលនោះ។
 
«នៅពេលរូបគាត់បានដើរសំដៅមកកាន់នាក់ ក្រោយចប់ការប្រកួត ហើយគាត់បាននិយាយដូច្នេះ ខ្ញុំសូមជូនពរអ្នកឱ្យទទួលបានជោគជ័យ វាពិតជាអស្ចារ្យខ្លាំងណាស់។ ខ្ញុំបានសម្រេចនៅអ្វីដែលខ្ញុំអាចធ្វើបាន ហើយយើងធ្វើបានគ្រប់យ៉ាងនៅថ្ងៃនេះ ព្រោះវាបានផ្តល់ថាមពលឱ្យយើងយ៉ាងខ្លាំង។»។ Kvaratskhelia បាននិយាយដូច្នេះ។
 
យ៉ាងណាទៅកាន់វគ្គ ១៦ក្រុម ហ្ស៊កហ្ស៊ី ក៏នឹងត្រូវទៅជួបអេស្ប៉ាញ នៅថ្ងៃទី៣០ ខែមិថុនា ដែលជាក្រុមខ្លាំងប្រកួតឈ្នះទាំង ៣លើក កាលពីវគ្គចែកពូល និងជាក្រុមជើងឯក ៣សម័យ ដែលកំពុងមានទម្រង់លេងខ្លាំងមួយថែមទាំងផង៕ 

Tag:
 Euro 2024
© រក្សាសិទ្ធិដោយ thmeythmey.com