ជាតិ
អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានសម្ពោធជាផ្លូវការនៃ ទីស្នាក់ការកណ្តាលថ្មី ដែលសបញ្ជាក់អំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តផ្តល់ការការពារហិរញ្ញវត្ថុជូនដល់គ្រួសារកម្ពុជា
27, Jun 2024 , 4:06 pm        
រូបភាព
កាលពីថ្ងៃទី ២៦ មិថុនា ឆ្នាំ ២០២៤ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានបើកសម្ពោធទីស្នាក់ការកណ្តាលថ្មីរបស់ខ្លួនដែលមានទីតាំងស្ថិតនៅចំកណ្តាលរាជធានីភ្នំពេញ ដែលជាជំពូកថ្មីមួយទៀតនៅក្នុងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ក្នុងការបន្តលើកកម្ពស់សេវាកម្មរបស់ខ្លួនឲ្យកាន់តែប្រសើរឡើង និងចូលរួមគាំទ្រដល់ការរីកចម្រើននៃវិស័យធានារ៉ាប់រងនៅប្រទេសកម្ពុជា។

ការិយាល័យទំនើបនេះបានបង្ហាញអំពីការតាំងចិត្តខ្ពស់របស់ក្រុមហ៊ុនក្នុងការវិនិយោគលើទីផ្សារក្នុងប្រទេស និងការផ្តល់ជូននូវការការពារផ្នែកហិរញ្ញវត្ថុដែលសមស្របតាមតម្រូវការរបស់អតិថិជន និងគ្រួសារកម្ពុជា។ ការរចនាការិយាល័យដែលមានលក្ខណៈបើកចំហ និងកន្លែងធ្វើការប្រកបដោយភាពច្នៃប្រឌិត បានឆ្លុះបញ្ចាំងអំពី ការតាំងចិត្តរបស់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ក្នុងការជំរុញលទ្ធភាពការងាររហ័ស ទំនាក់ទំនងដ៏ប្រសើរឡើង និងកិច្ចសហការកាន់តែល្អរវាងក្រុមការងារ។
 
លោក  ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយតករធានារ៉ាប់រងកម្ពុជា បានផ្តល់កិត្តិយស អញ្ជើញចូលរួមជាអធិបតី ក្នុងកម្មវិធី សម្ពោធជាផ្លូវការនៃទីស្នាក់ការកណ្តាលថ្មីនេះ។ លោកអគ្គនាយក បានមានប្រសាសន៍ថា៖ “ឆ្លៀតក្នុងឱកាសនេះ តាងនាមឱ្យនិយ័តករធានារ៉ាប់រងកម្ពុជា ក៏ដូចជារូបខ្ញុំផ្ទាល់ ខ្ញុំសូមវាយតម្លែខ្ពស់ចំពោះ ក្រុមហ៊ុនព្រូដិនសលកម្ពុជា ដែលមានចក្ខុវិស័យវែងឆ្ងាយ និងយុទ្ធសាស្ដ្រច្បាស់លាស់ក្នុងការពង្រីកការផ្តល់សេវាកម្មជូនអតិថិជនប្រកបដោយទំនុកចិត្ត តាមរយៈ ការពង្រីកសាខាជាបន្តបន្ទាប់កន្លងមក នៅតាមបណ្តាខេត្តនានានៅក្នុងប្រទេសកម្ពុជា។
 


លើសពីនេះ ខ្ញុំសូមសម្តែងនូវការអបអរជាពិសេស ចំពោះក្រុមហ៊ុនដែលមានស្នាក់ការកណ្ដាលថ្មី និងបានសម្ពោធដាក់ឱ្យប្រើប្រាស់ នាពេលនេះ។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ការិយាល័យកណ្តាលថ្មីនេះនឹងផ្តល់ភាពងាយស្រួលដល់ក្រុមហ៊ុន ក្នុងការលើកកម្ពស់គុណភាពសេវាកម្មជូនអតិថិជន ទាំងការលក់ផលិតផលធានារ៉ាប់រង ការបម្រើសេវាកម្មជូនអតិជន និងការដោះស្រាយសំណងឱ្យបានល្អប្រសើរប្រកបដោយវិជ្ជាជីវៈខ្ពស់ និងដើម្បីពង្រីកទំហំអាជីវកម្មរបស់ក្រុមហ៊ុនឱ្យអស់សក្ដានុពលក្នុងគោលបំណងចូលរួមជំរុញកំណើនទីផ្សារធានារ៉ាប់រងកម្ពុជាឱ្យសម្រេចបាននូវសូចនាករគន្លឹះទាំងពីរគឺ អត្រាភាគទានធានារ៉ាប់រងក្នុងសេដ្ឋកិច្ច ៥.៥% និងដង់ស៊ីតេធានារ៉ាប់រងប្រមាណ ១៣៥ ដុល្លាអាមេរិក សម្រាប់មនុស្សម្នាក់នាឆ្នាំ២០៣០ ដូចដែលបានកំណត់ក្នុង “ផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍វីស័យធានារ៉ាប់រងកម្ពុជា ២០២១-២០៣០”។
 
លោក Solmaz Altin  អគ្គនាយកគ្រប់គ្រងយុទ្ធសាស្ត្រអាជីវកម្មនៃក្រុមហ៊ុនព្រូដិនសល ភីអិលស៊ី បានមានប្រសាសន៍ថា៖ “ទីស្នាក់ការកណ្ដាលថ្មីនេះ ក៏ជាជំហានដ៏សំខាន់សម្រាប់យើង ក្នុងការពន្លឿនភាពរីកលូតលាស់របស់ក្រុមហ៊ុន ព្រូដិនសល និងពង្រឹងការប្ដេជ្ញាចិត្តរបស់យើងចំពោះទីផ្សារដ៏មានសក្ដានុពលមួយនេះ។ 
  


តាមរយៈការបម្រើដល់គ្រួសារ និងសហគមន៍កម្ពុជាអស់រយៈពេលជាងមួយទសវត្សរ៍មក យើងមានមោទកភាពក្នុងការដើរតួជាផ្នែកមួយនៃការរីកលូតលាស់របស់ប្រទេស និងគោលដៅអភិវឌ្ឍសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា។ យើងធ្វើប្រតិបត្តិការនៅទីនេះជាមួយគោលបំណងធំមួយ គឺដើម្បីក្លាយជា “ដៃគូការពារហិរញ្ញវត្ថុ និងអនាគតសម្រាប់គ្រួសារកម្ពុជា” ស្របតាម បេសកកម្មរបស់យើងក្នុងការក្លាយជាដៃគូ និងជាអ្នកការពារប្រកបដោយទំនុកចិត្តបំផុត សម្រាប់មនុស្សជំនាន់នេះ និងជំនាន់ក្រោយៗទៀត។”
 
ក្រុមហ៊ុន ព្រូដិនសល គឺជាសរសៃឈាមមួយផ្នែកដ៏សំខាន់នៅក្នុងវិស័យធានារ៉ាប់រង ក្នុងការផ្ដល់ជូននូវការការពារផ្នែកហិរញ្ញវត្ថុដល់គ្រួសារកម្ពុជាទូទាំងប្រទេស។ ទីស្នាក់ការកណ្ដាលថ្មីនេះ តំណាងឱ្យការយកចិត្តទុកដាក់ខ្ពស់របស់យើង លើភាពច្នៃប្រឌិត ការបង្កើតអ្វីថ្មី ឧត្តមភាព និងការបន្តវិនិយោគជាមួយសុខុមាលភាពរបស់កម្ពុជាទាំងមូល។
  


លោក ពន្លឺ តុលា អគ្គនាយកក្រុមហ៊ុនព្រូដិនសល កម្ពុជា ឡាវ មីយ៉ាន់ម៉ា បានមានប្រសាសន៍ថា៖ “ការវិនិយោគរបស់យើងលើ បរិក្ខាការិយាល័យដ៏ទំនើបនេះបានសបញ្ជាក់ អំពីភាពជឿជាក់យូរអង្វែងរបស់យើងចំពោះទីផ្សារកម្ពុជា។ ការិយាល័យថ្មីនេះ មានបំពាក់ជាមួយឧបករណ៍ការិយាល័យដែលបង្កលក្ខណៈងាយស្រួលដល់ការធ្វើការរបស់បុគ្គលិក និងជាជំនួយដល់ការបង្កើនលទ្ធភាពការងារ និងបន្តបេសកកម្មរបស់យើងក្នុងការផ្តល់នូវ បទពិសោធន៍ដ៏ប្រសើរជូនដល់អតិថិជនទាំងអស់របស់ព្រូដិនសល។ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ផ្តល់ជូន ផលិតផលធានារ៉ាប់រងដ៏សម្បូរបែបស្របតាមតម្រូវការរបស់អតិថិជន និងគ្រួសារកម្ពុជា។ ផលិតផលធានារ៉ាប់រងតាមប្រព័ន្ធឌីជីថលរបស់យើងក៏បានផ្ដល់ជូនទៅកាន់អតិថិជនកាន់តែទូលំទូលាយ ជាមួយនឹងតម្លៃសមរម្យ។”  
 
ក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានខិតខំព្យាយាមក្នុងការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជនកម្ពុជាតាមរយៈការអប់រំសិក្សា ការការពារកុមារ សុវត្ថិភាពចរាចរណ៍ និងសុខភាព។ មូលនិធិសរុបជាង ៧ លានដុល្លារបានផ្គត់ផ្គង់ក្នុងការដោះស្រាយបញ្ហាសង្គមផ្សេងៗ និងជួយកសាងភាពរឹងមាំរបស់សហគមន៍ក្នុងការប្រយុទ្ធប្រឆាំងនឹងហានិភ័យដែលអាចកើតមានឡើង។
 






អំពីក្រុមហ៊ុន ព្រូដិនសល 
 
ចាប់តាំងពីប្រតិបត្តិការក្នុងឆ្នាំ ២០១៣ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានក្លាយជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដ៏ឈានមុខគេនៅក្នុងប្រទេស ដោយផ្តល់នូវដំណោះស្រាយធានារ៉ាប់រងដែលមានភាពបត់បែនទៅកាន់អតិថិជនជាង ៤៣០, ០០០ នាក់។
 
ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ នៃ ក្រុមហ៊ុន ព្រូដិនសល ភីអិលស៊ី (Prudential plc)។ ក្រុមហ៊ុន ព្រូដិនសល ភីអិលស៊ី ផ្តល់សេវាធានារ៉ាប់រងអាយុជីវិត និងសុខភាព និងការគ្រប់គ្រងទ្រព្យសម្បត្តិនៅដល់អតិថិជនចំនួន ១៨ លាននាក់ក្នុងទីផ្សារចំនួន ២៤ទូទាំងតំបន់អាស៊ី និងអាហ្រ្វិក។ បេសកម្មរបស់យើងខ្ញុំ គឺដើម្បីក្លាយជាដៃគូ និងអ្នកការពារដែលគួរឱ្យទុកចិត្តបំផុត សម្រាប់លោកអ្នក និងអ្នកជំនាន់ក្រោយ ដោយការផ្តល់ជូនការការពារសុខភាព និងហិរញ្ញវត្ថុដែលងាយស្រួលបំផុត។
 
អាជីវកម្មនេះបានចុះឈ្មោះក្នុង ទីផ្សារភាគហ៊ុនបឋមចំនួនពីរ ដែលមាននៅផ្សារភាគហ៊ុន ហុងកុង (២៣៧៨) និងផ្សារភាគហ៊ុនទីក្រុងឡុងដ៍ (PRU)។ ហើយក៏មានការចុះឈ្មោះក្នុង ទីផ្សារភាគហ៊ុនបន្ទាប់បន្សំ នៅលើផ្សារភាគហ៊ុនសិង្ហបុរី (Singapore Stock Exchange) និង ផ្សារភាគហ៊ុនញូវយ៉ក (New York Stock Exchange) ក្នុងទម្រង់ American Depositary Receipts។ វាគឺជាធាតុផ្សំនៃសន្ទស្សន៍ Hang Seng Composite Index ហើយត្រូវបានរួមបញ្ចូលផងដែរសម្រាប់ការជួញដូរនៅក្នុងកម្មវិធីទីផ្សារភាគហ៊ុន Shenzhen-Hong Kong Stock Connect។ ក្រុមហ៊ុនព្រូដិនសល ពុំមានការជាប់ទាក់ទងក្នុងលក្ខណៈណាមួយជាមួយក្រុមហ៊ុន Prudential Financial, Inc.  ដែលមានទីស្នាក់ការអាជីវកម្មគោលនៅសហរដ្ឋអាមេរិកឬ ជាមួយក្រុមហ៊ុន The Prudential Assurance Company Limited ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ M&G plc និងកំពុងប្រតិបត្តិការក្នុងចក្រភពអង់គ្លេសនោះទេ។

© រក្សាសិទ្ធិដោយ thmeythmey.com