អន្តរជាតិ
អុីស្រាអែលថា ខ្លួនអាចធ្វើឱ្យលីបង់ទៅជាយុគថ្មវិញបាន ខណៈ UN ព្រមានហានិភ័យជម្លោះ
27, Jun 2024 , 4:59 pm        
រូបភាព
ប្រមុខការពារជាតិអ៊ីស្រាអែលនិយាយថា ប្រទេសលោកមិនចង់បានសង្រ្គាមនៅលីបង់ ប៉ុន្តែអាចបញ្ជូនប្រទេសជិតខាងរបស់ខ្លួនមួយត្រលប់ទៅយុគសម័យថ្មវិញបាន បើសង្រ្គាមផ្ទុះដោយចៀសមិនរួច។ ស្របពេលស្ថានការណ៍កាន់តែតានតឹង ប្រធានផ្នែកមនុស្សធម៌របស់អង្គការសហប្រជាជាតិបានព្រមានថា ជម្លោះបែបនេះនឹងក្លាយជាភាពអាត្មានិយម។

 
ព្រំដែនអ៊ីស្រាអែល និងលីបង់ កំពុងប្រទះការបាញ់បោះទៅជារៀងរាល់ថ្ងៃរវាងកងកម្លាំងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធ Hezbollah ដែលគាំទ្រដោយអ៊ីរ៉ង់។ អ្វីដែលគួរឱ្យបារម្ភនោះ ការបាញ់បោះនេះ អាចកើនទំហំទៅជាសង្រ្គាមពេញបន្ទុក ដែលធ្វើឱ្យស្ថានការណ៍តំបន់មជ្ឈិមបូព៌ាដែលកំពុងសោកសៅដោយជម្លោះអ៊ីស្រាអែល-ហាម៉ាស់ កាន់តែធ្ងន់ធ្ងរ។ 
 
អ៊ីស្រាអែលក៏ធ្លាប់ប្រកាសដែរថា ខ្លួនមានផែនការសម្រាប់ការវាយលុកនៅលីបង់ថែមទៀត។ មេដឆកនាំក្រុម Hezbollah លោក Hassan Nasrallah ក៏ព្រមានអ៊ីស្រាអែលវិញដែរ។
 
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល Yoav Gallant បាននិយាយក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃទី២៦ មិថុនា ថា ប្រទេសរបស់លោកអាចយកលីបង់ត្រឡប់ទៅយុគសម័យថ្មវិញ ប៉ុន្តែមិនចង់ធ្វើវាទេ។ លោកប្រាប់អ្នកសារព័ត៌មានថា អ៊ីស្រាអែលមិនចង់បានសង្រ្គាមទេ ប៉ុន្តែយើងកំពុងរៀបចំសម្រាប់គ្រប់សេណារីយ៉ូ"។
 
«ក្រុម Hezbollah យល់យ៉ាងច្បាស់ថា យើងអាចផ្ដល់ការខូចខាតដ៏ធំនៅលីបង់ ប្រសិនបើសង្រ្គាមត្រូវបានចាប់ផ្តើម។» ប្រមុខការពារជាតិអ៊ីស្រាអែលបញ្ជាក់បែបនេះ។
 
សម្ព័ន្ធមិត្ត​របស់​អ៊ីស្រាអែល រួមទាំង​​អាម៉េរិកផង មិនចង់បានជម្លោះមួយទៀតឡើយ។ ទីក្រុងវ៉ាស៊ីនតោន ក៏ជជែកជាមួយអ៊ីស្រាអែល លីបង់ និងតួអង្គដទៃទៀតលើរឿងនេះដែរ។ ជាមួយគ្នានេះ រដ្ឋមន្ត្រីការពារជាតិអាមេរិក ឡយ អូស្ទីន ប្រាប់លោក Gallant នៅថ្ងៃទី២៦ ខែមិថុនាថា សង្រ្គាមមួយផ្សេងទៀតជាមួយក្រុម Hezbollah អាចមានផលវិបាកដ៏អាក្រក់សម្រាប់មជ្ឈិមបូព៌ា ហើយលោកជំរុញឱ្យមានដំណោះស្រាយការទូត។
 
ខណៈដែលស្ថានការណ៍តានតឹងទៅៗ អ្នកសម្របសម្រួលផ្នែកមនុស្សធម៌របស់អង្គការសហប្រជាជាតិ Martin Griffiths បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងហ្សឺណែវនៅថ្ងៃទី២៦ ថា លីបង់គឺជាចំណុចភក្ដៅជាងបញ្ហាផ្សេងទៀត។​ លោកចាត់ទុកជម្លោះណាមួយ ជារឿងដ៏បំផ្លិចផ្លាញបំផុត ហើយ
សង្រ្គាមដែលពាក់ព័ន្ធនឹងប្រទេសលីបង់ នឹងអូសទាញស៊ីរីដែរ៕

Tag:
 លីបង់
  អ៊ីស្រាអែល
© រក្សាសិទ្ធិដោយ thmeythmey.com