ជាតិ
ការប្រើប្រាស់ឌីជីថល នៅតែជាបញ្ហាសម្រាប់ពលរដ្ឋ
27, Jun 2024 , 6:59 pm        
រូបភាព
ដោយ៖ ញ៉ សុខហឿន

ភ្នំពេញ៖ ការយល់ដឹងពីការប្រើប្រាស់ឌីជីថល ការចែករំលែកមាតិកា និងព័ត៌មានមិនពិត នៅលើបណ្ដាញសង្គម នៅតែជាបញ្ហាប្រឈម នៅក្នុងចំណោមប្រជាជន ​៩០ ភាគរយ ដែលប្រើប្រាស់ឌីជីថលនៅកម្ពុជា។ ហេតុនេះ ទើប​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានសហការជាមួយស្ថាប័នពាក់ព័ន្ធផ្សេងៗ ដើម្បីបង្កើតនូវក្របខ័ណ្ឌសមត្ថភាពអក្ខរកម្មឌីជីថលប្រព័ន្ធផ្សព្វផ្សាយនិងព័ត៌មាន ( អ.ឌ.ប.ព)សម្រាប់ពលរដ្ឋ នៅក្នុងសម័យបច្ចេកវិទ្យា។



លោក ជុន វ៉ាត រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានបញ្ជាក់ថា ការបង្កើតនូវក្របខណ្ឌ ( អ.ឌ.ប.ព) នេះ នៅក្នុងគោលបំណង លើកស្ទួយការយល់ដឹងអំពីការប្រើប្រាស់ប្រព័ន្ធឌីជីថល ទៅដល់ប្រជាពលរដ្ឋ ​ជាពិសេសប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាននៅកម្ពុជា។
 
«យើងមានគោលដៅធ្វើយ៉ាង ណាឱ្យអត្រាប្រជាពលរដ្ឋកម្ពុជាមានកម្រិតអ.ឧ.ប.ព មូលដ្ឋាន កើនដល់ ៥០ភាគរយ ក្នុងឆ្នាំ២០៣០។ ក្រសួង ប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ នៅតាមវិទ្យាល័យសាធារណៈ ហើយ នឹងប្រើប្រាស់មជ្ឈមណ្ឌលនេះ ផ្សារភ្ជាប់ជាមួយកម្មវិធីលើកកម្ពស់កម្រិតអក្ខរកម្ម បន្ទាប់ទៀត»។ នេះបើតាមលោក ជុន វ៉ាត់ ថ្លែងនៅក្នុងសិក្ខាសាលា នៅទីស្ដីការ​ក្រសួង នាថ្ងៃ២៧​​​ ខែមិថុនា។ 
 
លោក Sardar Umar Alam តំណាងអង្គការយូណេស្កូប្រចាំនៅកម្ពុជា បានបញ្ជាក់ថា នៅក្នុងកិច្ចសហការរួមគ្នា ក្នុងការបណ្តុះបណ្តាលប្រជាពលរដ្ឋឱ្យមានជំនាញ និងចំណេះដឹងខាងផ្នែកឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន ពិតជាមានសារៈសំខាន់ ក្នុងធានាថា ពួកគេអាចចូលរួមក្នុងដំណើរវិវត្តនៃសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជា។ «យូណេស្កូប្តេជ្ញាចិត្តនឹងបន្តធ្វើការជាមួយដៃគូរពាក់ព័ន្ធ ទាំងអស់នៅក្នុងយុទ្ធនាការថ្នាក់ជាតិ និងការបណ្តុះបណ្តាល សមត្ថភាព រួមទាំងការសាកល្បងវិធីសាស្ត្រវាយតម្លៃក្រមសីលធម៌បញ្ញាសិប្បនិម្មិតដែរ»។ នេះបើតាមលោក Sardar ។
 
តាមរយៈគម្រោងនេះកន្លងមក ប្រតិបត្តិករទូរគមនាគមន៍ ប្រព័ន្ធផ្សព្វផ្សាយ និងអង្គការសង្គមស៊ីវិល ប្រឹងប្រែងបណ្ដុះបណ្ដាល និងអភិវឌ្ឍយុវជន ជនមានពិការភាព ជនជាតិដើមភាគតិច ដើម្បីប្រែក្លាយពួកគេទៅជា «ពលរដ្ឋឌីជីថល»។
 
សូមរំលឹកថា អក្ខរកម្មឌីជីថលប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន(អ.ឌ.ប.ព.) គឺជាសំណុំសមត្ថភាពក្នុងការប្រើប្រាស់ប្រព័ន្ធ ឌីជីថល និងដំណើរជ្រើសរើស វាយតម្លៃ រៀបចំបង្កើត និង​ចែករំលែកមាតិកាព័ត៌មាន លើប្រព័ន្ធទាំងនោះ ក្នុងកិច្ចការ​ប្រចាំថ្ងៃ និងអាចប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានពីប្រភពផ្សេងៗ ប្រកបដោយភាពវិជ្ជមាន​ ការត្រិះរិះពិចារណា ក្រមសីលធម៌ ប្រសិទ្ធភាព និង ការទទួលខុសត្រូវ៕

© រក្សាសិទ្ធិដោយ thmeythmey.com