កីឡាអន្តរជាតិ
អន្តរជាតិ
ជម្រុះ World Cup ជុំទី៣៖ ឥណ្ឌូណេស៊ី នៅពូល C ជាមួយចិន ជប៉ុន និង៣ក្រុមទៀត
27, Jun 2024 , 4:40 pm        
រូបភាព
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិឥណ្ឌូណេស៊ី ដែលជាក្រុមតែមួយគត់ពីអាស៊ីអាគ្នេយ៍ឡើងទៅជុំទី៣ វគ្គជម្រុះ FIFA World Cup 2026 តំបន់អាស៊ី ស្ថិតក្នុងពូល C ដោយត្រូវជួបជប៉ុន អូស្ត្រាលី អារ៉ាប៊ីសាអូឌីត បារ៉ែន និងចិន។

 
១៨ក្រុមតំបន់អាស៊ីបានឆ្លងផុតវគ្គជម្រុះជុំទី២ ពានង្វាន់កីឡាបាល់ទាត់ពិភពលោក ឆ្នាំ ២០២៦ នឹងបន្តទៅជុំទី៣ ដោយចែកចេញជា៣ពូល ក្នុងមួយពូលមាន៦ក្រុម។ ១៨ក្រុម រួមមាន កាតា ជប៉ុន កូរ៉េខាងត្បូង អូម៉ង់ អ៊ីរ៉ង់ អ៊ីរ៉ាក់ ហ្សកដានី អេមីរ៉ាតអារ៉ាប់រួម អូស្ត្រាលី កូវ៉ែត កូរ៉េខាងជើង ចិន កៀហ្ស៊ីស៊ីស្ថាន អ៊ូសបេគីស្ថាន ឥណ្ឌូណេស៊ី អារ៉ាប៊ីសាអូឌីត បារ៉ែន និងប៉ាឡេស្ទីន។
 
នាការចាប់ឆ្នោតនៅទីស្នាក់កណ្តាលសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) នៅរសៀលថ្ងៃទី២៧ ខែមិថុនា ឥណ្ឌូណេស៊ី ដែលជាក្រុមតែមួយគត់ពីអាស៊ីអាគ្នេយ៍ ស្ថិតក្នុងពូល C ដោយត្រូវជួបជប៉ុន អូស្ត្រាលី អារ៉ាប៊ីសាអូឌីត បារ៉ែន និងចិន។ ពូល A មាន អ៊ីរ៉ង់ កាតា អ៊ូសបេគីស្ថាន អេមីរ៉ាតអារ៉ាប់រួម កៀហ្ស៊ីស៊ីស្ថាន និងកូរ៉េខាងជើង។ ពូល B មានកូរ៉េខាងត្បូង អ៊ីរ៉ាក់ ហ្សកដានី អូម៉ង់ ប៉ាឡេស្ទីន និង កូវ៉ែត។
 
ក្រុមដែលបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១ និងលេខ២ តាមពូលទាំងបីនេះ នឹងទទួលបានកៅអីទៅ World Cup ឆ្នាំ២០២៦ ដែលនឹងរៀបចំនៅអាម៉េរិក ម៉ិកស៊ិក និងកាណាដា ស្របពេលក្រុមលេខ៣ និងលេខ៤ ត្រូវបន្តទៅជម្រុះជុំទី៤៕
 
 
 

Tag:
 World Cup
© រក្សាសិទ្ធិដោយ thmeythmey.com