កីឡាអន្តរជាតិ
អន្តរជាតិ
៨១គ្រាប់កើតឡើងនៅវគ្គចែកពូល ក្នុងនោះម្ចាស់ផ្ទះអាល្លឺម៉ង់ រកបាន៨គ្រាប់ច្រើនជាងគេ
27, Jun 2024 , 8:29 pm        
រូបភាព
ការប្រកួតវគ្គចែកពូលទាំង៦ នៅជើងឯក UEFA Euro 2024 ទាំង៣៦ប្រកួត បានបញ្ចប់ហើយ ដោយរកឃើញ១៦ក្រុមឡើងទៅវគ្គខ្វែង។ ៣៦ប្រកួត បង្កើតឱ្យមានគ្រាប់បាល់៨១គ្រាប់ ក្នុងនោះម្ចាស់ផ្ទះអាល្លឺម៉ង់ស៊ុតបញ្ចូលទីច្រើនជាងគេ ចំនួន៨គ្រាប់។



ក្រោយការប្រកួតទាំង៣៦លើកនៅវគ្គចែកពូលគេបានរកឃើញ១៦ក្រុមបន្តទៅវគ្គខ្វែងដែលរួមមាន ម្ចាស់ផ្ទះអាល្លឺម៉ង់ អេស្ប៉ាញ ហ្ស៊កហ្ស៊ី ដាណឺម៉ាក ព័រទុយហ្កាល់ ស្លូវេនី បារាំង បែលហ្ស៊ិក ហូឡង់ រូម៉ានី អូទ្រីស តួកគី អង់គ្លេស​​ ស្លូវាគី ស្វ៊ីស និងអ៊ីតាលី។
 
៨១គ្រាប់ បានកើតឡើងក្នុងការប្រកួតសរុបទាំង៣៦លើកនៅវគ្គចែកពូល ដោយគិតជាមធ្យមស្មើនឹង ២,២៥ គ្រាប់ក្នុងមួយប្រកួត ដែលតិចជាងកំណត់ត្រាចាស់នៅ Euro 2020 ដែលមាន៩០គ្រាប់។
 
ម្ចាស់ផ្ទះអាល្លឺម៉ង់ សម្រេចគ្រាប់បាល់ច្រើនជាងគេចំនួន៨គ្រាប់ តាមពីក្រោយដោយអូទ្រីស៦គ្រាប់ ស្របពេលតួកគី ស្វ៊ីស អេស្ប៉ាញ និងព័រទុយហ្កាល់ រកបាន៥គ្រាប់ដូចគ្នា។ អង់គ្លេស បារាំង និងបែលហ្ស៊ិក ធ្វើបានតែ២គ្រាប់ប៉ុណ្ណោះ។
 
ខ្សែប្រយុទ្ធហ្ស៊កហ្ស៊ី Georges Mikautadze រកបាន៣គ្រាប់នៅវគ្គសន្សំពិន្ទុ និងកំពុងនាំមុខគេសម្រាប់ការប្រជែងស្បែកជើងមាស (Golden Shoe) ជើងឯកអឺរ៉ុប ឆ្នាំ២០២៤ នៅអាល្លឺម៉ង់។ Jamal Musiala និង Niclas Füllkrug ខ្សែប្រយុទ្ធវ័យក្មេងអាល្លឺម៉ង់ រូមជាមួយ Cody Mathès Gakpo របស់ហូឡង់ Gabriel Marin របស់រូម៉ានី និង Ivan Schranz របស់ស្លូវ៉ាគី សម្រេចបាន៣គ្រាប់រៀងខ្លួន។
 
សម្រាប់ក្រុមបង្ហាញទម្រង់ប្រកួតល្អបំផុតទាំង៥ នៅវគ្គចែកពូល មានអេស្ប៉ាញឈរលេខ១ ជាក្រុមតែមួយគត់ដែលឈ្នះទាំងបីប្រកួត ដោយមិនរបូតគ្រាប់បាល់។ អាល្លឺម៉ង់ នៅលេខ២ ក្រោយឈ្នះ២ និងស្មើ១ និងរបូត២គ្រាប់។ លេខ៣បានទៅ ក្រុមអូទ្រីស ដែលឈ្នះ២ និងស្មើ១ ដោយរបូតគ្រាប់បាល់៤គ្រាប់។ ហ្ស៊កហ្ស៊ី ស្ថិតនៅលេខ៤ តាមរយៈការយកឈ្នះព័រទុយហ្កាល់ ២-០ នៅជំនួបចុងក្រោយ មុនចាញ់ និងស្មើ នៅ២ប្រកួតដំបូង។ ហ្ស៊កហ្ស៊ី របូត៤គ្រាប់ និងរកបាន៤គ្រាប់។ រូម៉ានី ជាក្រុមល្អបំផុតទី៥ ជាមួយលទ្ធផលប្រកួតឈ្នះ១ ស្មើ១ និងចាញ់១ ដោយរកបាន៤គ្រាប់ និងរបូត៣គ្រាប់៕

Tag:
 Euro 2024
© រក្សាសិទ្ធិដោយ thmeythmey.com