ជាតិ
USAID ផ្ដល់ថវិកា៥លានដុល្លារ ដើម្បីពង្រីងការគ្រប់គ្រងអាងទន្លេមេគង្គ
27, Jun 2024 , 8:59 pm        
រូបភាព
ទីភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) បានព្រមព្រៀងផ្ដល់ថវិកាចំនួន៥លានដុល្លារ ដល់គណៈកម្មការទន្លេមេគង្គ (MRC) ពង្រឹងកិច្ចសហការឆ្លងដែន និងការគ្រប់គ្រងទឹក ព្រមទាំង ធនធានពាក់ព័ន្ធផ្សេងទៀត ដែលរួមចំណែកដល់ការសម្រេចបាននូវយុទ្ធសាស្ត្រអភិវឌ្ឍន៍អាងទន្លេ។



បើតាមគណៈកម្មការទន្លេមេគង្គ នៅថ្ងៃទី២៧ ខែមិថុនា ទន្លេមេគង្គបន្តប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងឡើងពីការប្រែប្រួល អាកាសធាតុ កំណើនប្រជាជន និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ នានា។ ដូច្នេះជំនួយដែលផ្ដល់ដោយ USAID នៅពេលនេះ គឺជាធនធានយ៉ាងសំខាន់ ក្នុងការធានាបានសុខភាព និងភាពរឹងមាំរបស់ទន្លេមេគង្គ  តាមរយៈការផ្ដល់ឱ្យប្រទេសជាសមាជិកទន្លេមេគង្គ រួមមាន កម្ពុជា ឡាវ ថៃ និងវៀតណាម នូវបច្ចេកទេសក្នុងការប្រមូល និងប្រើប្រាស់ទិន្នន័យ សម្រាប់ការសម្រេចចិត្ត ដែលផ្អែកលើព័ត៌មានគ្រប់គ្រាន់។ មិនតែប៉ុណ្ណោះ កិច្ចព្រមព្រៀងនេះ ក៏ផ្ដល់មកនូវកិច្ចពិភាក្សាដែលជាប្រយោជន៍ដល់សុខុមាលភាពរបស់ទន្លេមេគង្គ ជាមួយភាគីពាក់ព័ន្ធនានា ដូចជាសហគមន៍មូលដ្ឋាន អង្គការសង្គមស៊ីវិល វិស័យឯកជន និងដៃគូអភិវឌ្ឍន៍នានាផងដែរ។ 
 
លោក Steven G. Olive នាយកបេសកកម្មសម្រាប់បេសកកម្មអភិវឌ្ឍន៍ USAID ប្រចាំតំបន់អាស៊ី បានលើកឡើងថា USAID បានប្តេជ្ញាបង្កើនកិច្ចសហការជាមួយថ្នាក់ដឹកនាំក្នុងតំបន់ រួមមាន រដ្ឋាភិបាល តាមបណ្តាប្រទេសជាប់ទន្លេមេគង្គក្រោម ដើម្បីដោះស្រាយបញ្ហាប្រឈមស្មុគស្មាញ, ពន្លឿនការអភិវឌ្ឍប្រកបដោយចីរភាព, កសាងភាពធន់នឹងអាកាសធាតុ និងលើកកម្ពស់វិបុលភាពសេដ្ឋកិច្ច។
 
មូលដ្ឋានគ្រឹះមួយទៀត នៃកិច្ចព្រមព្រៀងនេះ គឺការកែលម្អបច្ចេកវិទ្យា និងឧបករណ៍សម្រាប់ការគ្រប់គ្រងអាងទន្លេ តាមរយៈប្រព័ន្ធចាប់សញ្ញាពីចម្ងាយ និងប្រព័ន្ធផ្កាយរណប។ លើសពីនេះទៀត ម៉ូដែលនិម្មិតនៃទីតាំងសំខាន់ៗនៅក្នុងអាងទន្លេ នឹងត្រូវបានបង្កើតឡើងដើម្បីវិភាគពីផលប៉ះពាល់ និងសក្ដានុពលនៃទឹកជំនន់ និងគ្រោះរាំងស្ងួតនាពេលបច្ចុប្បន្ន។
 
ចំណែក លោក Anoulak Kittikhoun នាយកប្រតិបត្តិនៃ MRC បានលើកឡើងថា កិច្ចព្រមព្រៀងនេះ បានបង្ហាញពីការវិលត្រឡប់របស់ USAID ក្នុងការគាំទ្រដោយផ្ទាល់ដល់ MRC ដើម្បីបំពេញតម្រូវការ និងអាទិភាព ដែលមាននៅក្នុងផែនការយុទ្ធសាស្រ្តរបស់ MRC ឱ្យកាន់តែប្រសើរជាងមុន។ តាមរយៈភាពជាដៃគូនេះ MRC អាចគាំទ្រប្រទេសជាសមាជិក បានកាន់តែប្រសើរឡើងជាមួយទិន្នន័យ ឧបករណ៍ថ្មីៗ និងការជំរុញកិច្ចសន្ទនារួមជាមួយភាគីពាក់ព័ន្ធ និងសហគមន៍ទាំងអស់ ដែលពឹងផ្អែកលើទន្លេមេគង្គ៕ 

Tag:
 ទន្លេមេគង្គ
  USAID
  MRC
© រក្សាសិទ្ធិដោយ thmeythmey.com