RFI
អន្តរជាតិ
លោក​ម៉ាក រូត ត្រូវបានតែងតាំងជាផ្លូវការ ជា​អគ្គលេខាធិការថ្មីរបស់អង្គការអូតង់
27, Jun 2024 , 9:59 pm        
រូបភាព
លោកនាយករដ្ឋមន្ត្រីហូឡង់ Mark Rutte (ខាងឆ្វេង) ឈរថតសើចជាមួយ​លោក Jens Stoltenberg អគ្គលេខាធិការអង្គការអូតង់ដែលចប់អាណត្តិ​។ ជំនួបកំពូលអូតង់ នៅទីក្រុងវីលនូស ថ្ងៃទី១១កក្កដា ២០២៣ AP - Pavel Golovkin
លោកនាយករដ្ឋមន្ត្រីហូឡង់ Mark Rutte (ខាងឆ្វេង) ឈរថតសើចជាមួយ​លោក Jens Stoltenberg អគ្គលេខាធិការអង្គការអូតង់ដែលចប់អាណត្តិ​។ ជំនួបកំពូលអូតង់ នៅទីក្រុងវីលនូស ថ្ងៃទី១១កក្កដា ២០២៣ AP - Pavel Golovkin
ដោយ៖ម៉ម ពិសី/RFI ខេមរភាសា
 
លោក​ម៉ាក រូត នាយករដ្ឋមន្ត្រីចប់អាណត្តិរបស់ហូឡង់ ត្រូវបាន​ប្រទេសសមាជិកទាំង​៣២ប្រទេស នៃ​អង្គការសម្ព័ន្ធមិត្តអូតង់ បោះឆ្នោតតែងតាំង ជាអគ្គលេខាធិការថ្មី​របស់អូតង់។ អាណត្តិរបស់​លោក ម៉ាក រូត នឹងពោរពេញទៅដោយ​ការល្បងរកដំណោះស្រាយសម្រាប់អូតង់​ ខណៈអឺរ៉ុបទាំងមូល​ កំពុងរងការគំរាមសន្តិសុខពីសំណាក់រុស្ស៊ី​។ តើលោកម៉ាក រូត អនាគតអគ្គលេខាធិការថ្មីរបស់អូតង់ ជាអ្នក​ណា ?


 
លោក​ ម៉ាក រូត (Mark Rutte) ត្រូវបានប្រទេសសមាជិក​អូតង់ទាំង​៣២ប្រទេស បោះឆ្នោត​ផ្តល់សេចក្តីទុកចិត្ត កាលពីថ្ងៃទី​២៦មិថុនា ឲ្យ​ធ្វើ​ជា​​អគ្គលេខាធិការ​ថ្មីដឹកនាំអូតង់។ លោកនឹងចូលកាន់តំណែងជាផ្លូវការ​ បន្តពីលោក​ Jens Stoltenberg នៅថ្ងៃទី​១តុលា​។ យ៉ាងណាមិញ លោក Jens Stoltenberg បានសរសេរលើបណ្តាញសង្គមX ថា “ខ្ញុំដឹងច្បាស់ ថាខ្ញុំបានទុកការងារ​ដឹកនាំអូតង់ ប្រគល់​ទៅឲ្យ​មនុស្ស​ជាទីទុកចិត្តម្នាក់​”។
 
មានអាយុ​៥៧ឆ្នាំ លោកម៉ាក រូត បានចូលកាន់មុខងារជានាយករដ្ឋមន្ត្រី​ហូឡង់ កាលពីឆ្នាំ​២០១២ ហើយតាមធម្មតា លោកនឹងត្រូវចប់អាណត្តិនៅថ្ងៃទី​២កក្កដាខាងមុខ​។ មហាជនទូទៅស្គាល់លោកនាយករដ្ឋមន្ត្រី​ហូឡង់រូបនេះ ដោយសារតែភាពសាមញ្ញរបស់​លោក ព្រោះលោកជិះកង់ទៅធ្វើការ​ ហើយទៅ​ផ្សារទិញម្ហូបខ្លួនឯងជាដើម។​ មានថ្ងៃមួយ​លោក​បានធ្វើ​ឲ្យ​កំពប់កាហ្វេ នៅច្រកចូល​អគាររដ្ឋាភិបាល​ ហើយ​លោក​បានយក​អំបោកក្រណាត់មកជូត​សំអាតដោយ​ខ្លួនឯង បង្កឲ្យ​មានការស្ងើចសរសើរជាខ្លាំងពីបុគ្គលិកនានា​។​
 
មានបទពិសោធន៍នយោបាយជាង​១០ឆ្នាំ នៅក្នុងការដឹកនាំប្រទេសនិងក្នុងក្របខណ្ឌអន្តរជាតិ​ លោកម៉ាក រូត ត្រូវបាន​គេស្គាល់ថា គឺជាអ្នកនយោបាយ​ដ៏មានសមត្ថភាពម្នាក់ មានវោហារសាសន៍ត្រង់​ៗមិនបញ្ឆិតបញ្ឆៀង ហើយ​ជាមនុស្ស​ពូកែ​អូសទាញឲ្យ​មានការស្រុះស្រួលយោបល់ ប្រកបដោយ​តុល្យភាព​។ នេះបើផ្អែកតាមការពន្យល់​ របស់​លោក Philippe Dickinson អ្នកជំនាញ​នៅ​ ​Atlantic Council។ សម្រាប់កាលៈទេសៈប៉ុន្មានឆ្នាំទៅមុខនេះ អូតង់​ពិតជាត្រូវការ​ណាស់ នូវសមត្ថភាព​ពិសេសដើម្បីធ្វើ​ឲ្យ​មានស្រុះស្រួល​មតិ​។
 
លោក​ម៉ាក រូត ត្រូវគេដឹងផងដែរ ថាគឺជាអ្នកចេញមុខគាំទ្រអ៊ុយក្រែនយ៉ាងខ្លាំងម្នាក់ ក្នុងចំណោមថ្នាក់ដឹកនាំអឺរ៉ុប។ រដ្ឋាភិបាល​លោកបានសន្យា​ជួយទំនុកបម្រុងផ្នែកយោធា​ឲ្យ​អ៊ុយក្រែន រយៈពេល​១០ឆ្នាំក្នុងទឹកប្រាក់​២ពាន់​អឺរ៉ូ ហើយ​នឹងថែម​១ពាន់លានអឺរ៉ូទៀតនៅពេលបន្ទាប់។ ហើយគឺលោក ម៉ាក រូត ដែលបានអំពាវនាវ​ប្រកូកប្រកាស​ឲ្យ​ប្រទេសអូតង់ ត្រូវតែ​បញ្ជូន​យន្តហោះចម្បាំង​ F-16ទៅជួយអ៊ុយក្រែន​។
 
ការតែងតាំងលោក ម៉ាក រូត ក៏ត្រូវបាន​អ៊ុយក្រែនអបអរសាទរផងដែរ។ លោក Andreiï Iermark ប្រធានរដ្ឋបាល​វិមានប្រធានាធិបតីអ៊ុយក្រែន បាន​លើកឡើងថា ភាពជាអ្នកដឹកនាំគម្រូ ព្រមទាំង​ការស្រលាញ់គាំទ្រគោលការណ៍​​ប្រជាធិបតេយ្យ របស់លោក​ ម៉ាក រូត គឺជា​រឿងសំខាន់បំផុត​សម្រាប់អនាគតរួម​របស់យើងទាំងអស់គ្នា​។ ចំណែក​លោកស្រី​អៀរស៊ូឡា វុនដេឡេយេន ប្រធានគណកម្មការអឺរ៉ុប បានថ្លែងថា កាលៈទេសៈលំបាក​នាពេល​​បច្ចុប្បន្ន អូតង់ពិតជា​ត្រូវការ បទពិសោធន៍​និងសមត្ថភាពដូច​លោក​ ​ម៉ាក រូត ខ្លាំងណាស់​។
 
ទាក់ទិនអូតង់ លោកម៉ាក រូត ធ្លាប់បាន​លើកឡើងថា ប្រទេសអឺរ៉ុបពិតជាត្រូវតែ​ចំណាយ​ថវិការ ចូលរួមឲ្យ​បានច្រើន ពោលគឺខ្ទង់​២%នៃចំណូលដុល ដូចអ្វីដែលដូណាល់ ត្រាំធ្លាប់បានទាមទារ។ លោក​ម៉ាក រូត គឺជាមនុស្សម្នាក់ ដែល​ហ៊ាននិយាយប្រកែក​តទល់ជាមួយលោកដូណាល់ ត្រាំ ហើយ​លោកដូណាល់ ត្រាំ វិញ​​ហាក់ដូចជាពេញចិត្ត​ចំពោះភាពក្លាហាន និយាយត្រង់ៗបែបនេះរបស់លោក​ម៉ាក រូត។​ យ៉ាងណាមិញ ក្នុងបរិបទដែល​លោក ដូណាល់ ត្រាំត្រូវគេសង្ស័យថា អាចនឹងត្រលប់មកដឹកនាំសហរដ្ឋអាមេរិកវិញនេះហើយ ទើបប្រហែលជាធ្វើ​ឲ្យ​ប្រទេសសមាជិក​​អូតង់ បាន​បោះឆ្នោត​ជ្រើសរើសលោកម៉ាក រូត ឲ្យដឹកនាំអូតង់ ព្រោះគេជឿថាមា​នតែ​លោក​ទេ ដែលអាចនិយាយជាមួយ​លោក​ដូណាល់ ត្រាំបាន​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com