RFI
អន្តរជាតិ
មួយភាគ​បី​នៃ​មនុស្ស​លើ​ផែន​ដី ​បញ្ចេញកម្លាំងកាយ​មិន​គ្រប់​គ្រាន់​សម្រាប់​សុខភាព
28, Jun 2024 , 7:59 am        
រូបភាព
មួយភាគ​បី​នៃ​មនុស្ស​លើ​ផែន​ដី ​បញ្ចេញកម្លាំងកាយ​មិន​គ្រប់​គ្រាន់​សម្រាប់​សុខភាព © Unsplash - Gabin Vallet
មួយភាគ​បី​នៃ​មនុស្ស​លើ​ផែន​ដី ​បញ្ចេញកម្លាំងកាយ​មិន​គ្រប់​គ្រាន់​សម្រាប់​សុខភាព © Unsplash - Gabin Vallet
ដោយ៖អៀង សុខម៉ិញ/RFI ខេមរភាសា
 
ការ​សិក្សាពិភពលោក​​ ដ៏​ធំ​ជាង​គេ​បំផុត​ ចេញ​ផ្សាយ​នៅថ្ងៃ​ទី ២៦​មិថុនា​២០២៤​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា​ ​មនុស្សធំ​ពេញ​វ័យរស់លើ​ភព​ផែនដី​ ចំនួន​ជិត​មួយភាគ​បី ​មិន​បញ្ចេញ​សកម្មភាព​កាយ​សម្បទា​​គ្រប់គ្រាន់​សម្រាប់​សុខភាព​ទេ។ កង្វះ​សកម្មភាព​ មិន​ធ្វើ​ចលនា​គ្រប់គ្រាន់ ជា​ប្រភព​នាំ​ឱ្យ​ខូច​​សុខភាព​រាផ្លូវ​កាយ​និង​ផ្លូវចិត្ត។ នេះ​បើតាម​អ្នក​ជំនាញ​អង្គការ​សុខភាព​ពិភពលោកដែល​ចាត់​ទុក​កំណើន​នៃ​ភាព​អសកម្ម​របស់​មនុស្ស ថា ជា​សញ្ញា​​​អាសន្ន។

 
បើ​តាម​លទ្ធផល​នៃការ​សិក្សាពិភពលោក​ដ៏​ធំ​បំផុត​​របស់ក្រុម​​អ្នក​ជំនាញ​សុខភាព​ ​នៅ​ឆ្នាំ​២០២២ ​​មនុស្ស​ធំ​ពេញ​វ័យ​នៅ​លើ​ផែន​ដីចំនួន​៣១,៣%​ ឬ​ត្រូវ​ជា​​១៨០០លាន​នាក់ មិន​បាន​ហាត់​ប្រាណ​ ធ្វើ​ចលនា​ បញ្ចេញ​សកម្មភាព​រាងកាយ​ ស្រប​តាម​អនុសាសន៍របស់​អង្គការសុខភាព​ពិភពលោក​ ដើម្បី​ថែ​រក្សា​សុខភាព​ទេ។ ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់​វណ្ណៈ ប្រកាន់​យក​ភាព​ស្រណុក​ស្រួល​កាន់​តែ​ច្រើន​ឡើង​ ជា​​ទូទៅ នៅ​ទូទាំង​ពិភពលោក។ ​កំណើន​នៃ​ភាព​អសកម្ម​បាន​ឡើង​​៥%​នៅ​ឆ្នាំ​២០២២​បើ​ប្រៀប​ទៅ​នឹង​ឆ្នាំ​២០១០។ ទាំង​នេះ​ក៏​ដោយ​សារ​មូលហេតុ​ច្រើន​យ៉ាង ក្នុង​នោះ​ការ​វិវឌ្ឍ​នៃ​មធ្យោបាយ​ធ្វើ​ដំណើរ​ដោយ​គ្រឿង​យន្ត​ នៃការងារ​មិន​ប្រើ​កម្លាំង ឬ​ការ​សំរាក​កំសាន្ត​នៅ​តែ​មុខ​អេក្រង់​/ទូរស័ព្ទ។
 
នៅ​អាស៊ី ពលរដ្ឋដែលមាន​កង្វះ​​សកម្មភាពខ្លាំង​​ជាង​គេ គឺ​នៅតំបន់​​​អាស៊ីប៉ាស៊ីហ្វិក (៤៨%)បន្ទាប់​មក​​អាស៊ី​ខាង​ត្បូង (​៤៥%)។ ប៉ុន្តែ​អ្នក​ស្ពឹកស្ងៀម​​មិន​ធ្វើ​ចលនា​បំផុត​នោះ​គឺ​អេមីរ៉ាតអារ៉ាប់រួម កូវ៉ែត គុយបា លីបង់ កូរ៉េខាង​ត្បូង ប៉ាណាម៉ា កាតា អ៊ីរ៉ាក់ ព័រទុយហ្កាល់ និង​អារ៉ាប៊ីសាអូឌីត។ ជាង​៥០%​នៃប្រជាជន​​ពេញ​វ័យក្នុង​​​​១០​ប្រទេសនេះមាន​របៀប​របប​រស់​នៅ​បែប​​ស្រណុកជ្រុល។ ​​នេះ​បើតាមក្រុម​អ្នក​ស្រាវជ្រាវ​​ដដែល ដែល​បន្ថែម​ថា​ និន្នាការ​មិនចង់​បញ្ចេញ​កម្លាំង​​​ធ្វើ​ចលនា នឹង​កើន​ឡើង​ដល់​៣៥%​ នៅ​ឆ្នាំ​២០៣០ និង​ប្រែប្រួល​ទៅ​តាម​ភេទ ដោយ​​ប៉ះពាល់​ស្ត្រី​ ខ្លាំង​ជាង​បុរស។ ហើយ​ភាព​អសកម្ម​កើន​ឡើង​គួរ​ជា​ទី​កត់​សម្គាល់ដែរ​ទៅ​តាម​វ័យ ​ចាប់​ពីអាយុ​៦០​ឆ្នាំ​ឡើង​ទៅ។
 
សម្រាប់​អ្នក​ស្រី​វេជ្ជបណ្ឌិត Fiona Bull ប្រធាន​ដេប៉ាតឺម៉ង់​កាយ​សម្បទា​​របស់​ភ្នាក់ងារ​អង្គការ​សុខភាពពិភពលោក លទ្ធផល​នៃ​ការ​សិក្សា​នេះ​ជា​សញ្ញា​ប្រាប់​ពី​អាសន្ន​សុខភាព ពិភពលោក​ទាំង​មូល ព្រោះ​ភាព​អសកម្ម​ ឬ​គ្មាន​បញ្ចេញ​ចលនា​​ផ្លូវកាយ ជា​ការ​គំរាមកំហែង​សុខភាព​យ៉ាង​ស្ងាត់ៗ​បំផុត។ នាយក​ការិយាល័យ​ឃោសនា​សុខភាព បាន​រំលឹក​ថាភាព​ស្ពឹក​ស្រពន់ អសកម្ម​អាច​បង្កើន​គ្រោះ​កើត​ជំងឺ​សរសៃ​ឈាម​បេះដូង ទឹក​នោម​ផ្អែមប្រភេទ​ទី២ ជំងឺ​មហារីក​សុដន់ ពោះវៀនធំ ព្រមទាំង​វិបត្តិ​ផ្លូវ​ចិត្ត​និង​ខួរក្បាល​ជា​ច្រើន​ទៀត។ ក្រៅ​អំពី​ផលប៉ះពាល់​ដល់​សុខភាព​បុគ្គល កង្វះសកម្មភាព​កាយសម្បទា ជា​បន្ទុក​ដ៏​ធ្ងន់​សម្រាប់​ប្រព័ន្ធ​សុខាភិបាល​។
 
ដើម្បី​មាន​សុខភាព​ល្អ អង្គការ​សុខភាព​ពិភពលោក​ណែនាំ​ឱ្យ​មនុស្ស​ធំ​ពេញ​វ័យ​ម្នាក់ៗ​បញ្ចេញ​កម្លាំង​ហាត់​ប្រាណ​ធ្វើ​ចលនា​ បែប​ល្មមៗ ដូច​ជា​ដើរ ហែល​ទឹក ជិះកង់ ...​ រយៈ​ពេល​យ៉ាង​ហោច​១៥០​នាទី​ក្នុង​សប្តាហ៍ និង៧៥នាទី​សម្រាប់​លំ​ហាត់​ប្រាណ​បញ្ចេញកម្លាំង​ខ្លាំង ដូច​ជា​រត់ ធ្វើ​កីឡា​ជា​ក្រុម ឬ​ឆ្លាស់​គ្នា​ធ្វើ​លំហាត់ប្រាណ​ល្មមៗ​ផង​ខ្លាំង​ផង។ បើ​តាម​អ្នក​ជំនាញ ការ​​ប្តូរ​ផ្លាស់​ឥរិយាបថ​របស់​បុគ្គល​មិន​គ្រប់​គ្រាន់​ទេ តែ​ត្រូវ​ប្តូរ​ផ្លាស់​សង្គម និង​បរិស្ថាន​ក្រុង​ឱ្យ​មាន​ភាព​ទាក់ទាញ​ចង់​ធ្វើ​កីឡា​ហាត់​ប្រាណ​ (ដើរ​ ជិះកង់ ...)។ នាយក​អង្គការ​សុខភាព​ពិភពលោក​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​នីមួយៗ ​ផ្តល់​អាទិភាព​និង​មាន​វិធានការ​ក្លាហាន ពង្រឹង​នយោបាយ ​ហរិញ្ញវត្ថុ​ ហ៊ាន​ធ្វើ​វិនិយោគ​ ដើម្បី​ប្តូរ​និន្នាការ​បង្ខូច​សុខភាព​។ នៅ​លើ​ពិភពលោក មាន​២២​ប្រទេស​ ដែល​ហាក់​កំពុង​ដើរ​លើ​ផ្លូវ​ត្រូវ​ឆ្ពោះ​ទៅ​សម្រេច​កម្មវត្ថុ​ពិភពលោក​ដែល​ចង់បញ្ចុះ​​ភាព​អសកម្ម​ឱ្យ​បាន​នៅ​ឆ្នាំ​២០៣០៕

© រក្សាសិទ្ធិដោយ thmeythmey.com