សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ដាណឺម៉ាក នឹងយកពន្ធលើឧស្ម័នមេតានដែលបញ្ចេញពីសត្វគោ និងជ្រូក
28, Jun 2024 , 8:59 am        
រូបភាព
រូបភាព ៖ AFP
រូបភាព ៖ AFP
ការបំភាយឧស្ម័នមេតានដែលបញ្ចេញពីសត្វពាហនៈដូចជា គោ ចៀម និងជ្រូកនៅដាណឺម៉ាក នឹងត្រូវបង់ពន្ធចាប់ពីឆ្នាំ២០៣០ តទៅ។

 
ការសម្រេចចិត្តនេះ នឹងធ្វើឲ្យដាណឺម៉ាកក្លាយជាប្រទេសដំបូងគេដែលយកពន្ធលើការបំភាយឧស្ម័នមេតានពីសត្វពាហនៈ ដែលជាឧស្ម័នរួមចំណែកដល់ការឡើងកំដៅផែនដីខ្លាំងបំផុត។
 
ចាប់ពីឆ្នាំ ២០៣០ កសិករចិញ្ចឹមសត្វនឹងបង់ពន្ធ៤៣ ដុល្លារក្នុងមួយតោននៃសមមូលឧស្ម័នកាបូនិកដែលបំប្លែងពីមេតាន។ ពន្ធនេះកើនឡើងដល់១០៨ដុល្លារក្នុងឆ្នាំ២០២៥។ ប៉ុន្តែដោយសារតែការកាត់ពន្ធលើប្រាក់ចំណូល៦០ភាគរយ ការបង់ប្រាក់ពិតប្រាកដគឺ ត្រឹម ១៧,៣ដុល្លារក្នុងមួយតោននៅឆ្នាំ ២០៣០ និងកើនឡើងដល់២៨,២ដុល្លារនៅឆ្នាំ ២០៣៥។
 
ស្ទើរតែទាំងអស់នៃឧស្ម័នមេតានដែលផលិតពីសត្វពាហនៈប្រហែល៩០ភាគរយ បានមកពីវិធីដែលសត្វរំលាយអាហារ។ បើប្រៀបធៀបទៅនឹងសត្វជ្រូក និងចៀម សត្វគោមានចំនួនភាគច្រើននៃការបំភាយឧស្ម័នមេតាន។ គោមួយក្បាលនៅដាណឺម៉ាក អាចបញ្ចេញឧស្ម័នកាបូនិក៦តោនក្នុងមួយឆ្នាំ។ គិតត្រឹមពាក់កណ្តាលឆ្នាំ ២០២២ ប្រទេសនេះមានសត្វគោជាង១,៤៨លានក្បាល។
 
កម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិបាននិយាយថា កម្រិតនៃឧស្ម័នមេតានដែលបញ្ចេញចេញពីប្រភពនានា រួមទាំងកន្លែងចាក់សំរាម ប្រព័ន្ធប្រេង និងឧស្ម័ន និងសត្វពាហនៈបានកើនឡើងយ៉ាងឆាប់រហ័សចាប់តាំងពីឆ្នាំ ២០២០។ ក្នុងនោះ បសុសត្វមានប្រហែល ៣២ភាគរយនៃការបំភាយឧស្ម័នមេតានសរុប។
 
លោក Jeppe Bruus រដ្ឋមន្ត្រីក្រសួងពន្ធដារដាណឺម៉ាកបាននិយាយថា គោលនយោបាយពន្ធលើកាបូនបសុសត្វមានគោលបំណងរួមចំណែកកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ចំនួន ៧០ភាគរយនៅត្រឹមឆ្នាំ២០៣០ បើធៀបនឹងឆ្នាំ១៩៩០។ លោករំពឹងថា ការក្លាយជាប្រទេសដំបូងគេដែលអនុវត្តពន្ធនេះនឹងលើកទឹកចិត្តឱ្យប្រទេសផ្សេងទៀតឲ្យអនុវត្តតាម។ លោក​បាន​បន្ត​ថា​៖ «​យើង​នឹង​បោះ​ជំហាន​កាន់តែ​ធំ​ឆ្ពោះ​ទៅ​រក​អព្យាក្រឹតភាព​កាបូន​នៅ​ឆ្នាំ​ ២០៤៥ »។
 
ស្រដៀងដាណឺម៉ាក នូវែលសេឡង់បានអនុម័តពន្ធកាបូនកសិកម្ម ដោយមានបំណងអនុវត្តវានៅឆ្នាំ ២០២៥។ ប៉ុន្តែគោលនយោបាយនេះទើបតែត្រូវបានដកចេញនៅថ្ងៃទី២៦ ខែមិថុនា ដោយសារការរិះគន់យ៉ាងខ្លាំងពីកសិករ ហើយគណៈរដ្ឋមន្ត្រីបានផ្លាស់ប្តូរនៅពេលក្រោយការបោះឆ្នោតឆ្នាំ ២០២៣៕​

Tag:
 ដាណឺម៉ាក
© រក្សាសិទ្ធិដោយ thmeythmey.com