ជាតិ
របរលក់ផ្លែឈើព្រៃជិតប្រាសាទ ជួយគ្រួសារលោក ប៉ូច ប៉ៃ មានជីវភាពសមរម្យ
30, Jun 2024 , 2:59 pm        
រូបភាព
លោក ប៉ូច ប៉ៃ អ្នកលក់ផ្លែឈើ និងរុក្ខជាតិព្រៃនៅតំបន់អង្គរ
លោក ប៉ូច ប៉ៃ អ្នកលក់ផ្លែឈើ និងរុក្ខជាតិព្រៃនៅតំបន់អង្គរ
សៀមរាប៖ រយៈពេល៥ឆ្នាំហើយ ដែលគ្រួសារ លោក ប៉ូច ប៉ៃ ចាប់ផ្តើមលក់ផ្លែឈើព្រៃ នៅតាមដងផ្លូវក្នុងតំបន់ប្រាសាទ។ ទោះរបរតូចតាចក៏ពិតមែន តែវាបានជួយសម្រាលបន្ទុកគ្រួសារលោក ឱ្យមានជីវភាពសមរម្យ។

 
លោក ប៉ូច ប៉ៃ មានវ័យ៣៤ឆ្នាំ ជាអ្នកភូមិព្រះដាក់ ស្រុកបន្ទាយស្រី។ លោកមានតូប លក់ ផ្លែឈើមួយ ដែលនៅលើផ្លូវកៅស៊ូខាងជើងប្រាសាទប្រែរូប។ បុរសរូបនេះនិទានថាកន្លែង លោកមានលក់តែផ្លែឈើព្រៃប៉ុណ្ណោះ។ ទោះផុត ឬអស់ផ្លែឈើព្រៃ ក៏លោក ប៉ូច ប៉ៃ មិន ទិញផ្លែឈើពីផ្សារមកលក់ដែរ។ លោកពន្យល់ថា គ្រួសារលោកលក់តែផ្លែឈើដែល បាន ដឹង និងស្គាល់ប្រភពដាំដុះច្បាស់លាស់ប៉ុណ្ណោះ ក្រៅពីនោះគឺមិនយកមកលក់ទេ ដោយ បារម្ភខ្លាចមិនសុវត្ថិភាពដល់អ្នកទិញ។ ជាងនេះទៅទៀតនោះ ការធ្វើដូច្នេះធ្វើឱ្យអតិថិជន មានទំនុកចិត្ត គឺរាល់ពេលពួកគេចង់បានផ្លែឈើព្រៃ អាចមកកន្លែងលោកបាន។
 
សំដីសំដៅមួយៗ និងរដឺនបែបអ្នកសៀមរាបលោក ប៉ូច ប៉ៃ បន្តប្រាប់ថា នារដូវនេះផ្លែឈើ ព្រៃរៀងខ្សត់បន្ដិចហើយ មិនសម្បូរដូចប៉ុន្មានខែមុនឡើយ។ នៅលើធ្នើរ និងកញ្រ្ចែងលក់ របស់បុរសម្នាក់នេះ មានដូចជាផ្លែមង្ឃុត សេដា សេមាន់ ពង្រ ផ្លែដំបង និងដំឡូងទៀន ជាដើម។ ព្រៃឈើខ្លះបានពីព្រៃក្នុងតំបន់អង្គរ ខ្លះទៀតទិញតពីពលរដ្ឋនៅតំបន់ភ្នំគូលែន។ 


ផ្លែដំបង
 
មែនទែនទៅ ផ្លែឈើព្រៃជាប្រភេទផ្លែឈើតាមរដូវកាល ហើយការប្រមូលផលក៏មិនស្រួល ពេកដែរ ការណ៍នេះហើយ ទើបធ្វើឱ្យផ្លែឈើខ្លះមានតម្លៃថ្លៃគួរសម។ ចំពោះដំឡូងទៀន លោក ប៉ូច ប៉ៃ ប្រាប់ថា ត្រូវការជំនាញដើររកតាមព្រៃ និងរបៀបគាស់មើមផង មិនដូច្នោះ អាចឱ្យយើងពិបាក ឬរកមិនចំគោលដៅជាដើម។ ជាប្រភេទរុក្ខជាតិវល្លិ៍ ដំឡូងទៀនគេអាច យកទៅស្ងោរហូបធម្មតាក៏បាន និងអាចច្នៃជាបង្អែមក៏បានតាមចំណង់ចំណូលចិត្ត។ 
 
ចំពោះតម្លៃទីផ្សារសព្វថ្ងៃ សម្រាប់ផ្លែឈើ និងមើមរុក្ខជាតិព្រៃនៅតូបលក់របស់លោក ប៉ូច ប៉ៃ ក្នុងនោះ ដំឡូងទៀនមួយគីឡូ ១៣,០០០រៀល មង្ឃុតតម្លៃ៨,០០០រៀល ផ្លែដំបងតម្លៃ ១៥,០០០រៀល និងផ្លែពង្រតម្លៃ ៨,០០០រៀល។


ផ្លែមង្ឃុតព្រៃ
 
ក្រៅពីប្រភេទផ្លែឈើ និងមើលរុក្ខជាតិព្រៃ លោក ប៉ូច ប៉ៃ ក៏មានលក់ជាស្ករត្នោតផងដែរ។ ស្ករត្នោតមាន៣ប្រភេទ មានស្កររាវ ស្ករផែន និងស្ករម៉ដ្ឋ។ បុរសកូន២រូបនេះអះអាងថា ស្ករត្នោតទាំងអស់ ជាស្ករសុទ្ធ១០០ភាគរយ គឺមួយចំនួនលោកយកតពីអ្នកភូមិ ហើយខ្លះ ទៀតគ្រួសារលោកឡើងយកទឹក និងកូរខ្លួនឯង។ 
 
ជារបរលក្ខណៈគ្រួសារ និងមិនធំដុំក៏ពិតមែន តែលោក ប៉ូច ប៉ៃ ប្រាប់ថា វាបានបង្កើត ចំណូលសមរម្យ ដោយមិនចាំបាច់ចេញទៅធ្វើការឆ្ងាយពីផ្ទះ។ ថ្ងៃខ្លះលក់បាន៣ទៅ ៥ម៉ឺនរៀល ហើយចំពោះថ្ងៃចុងសប្ដាហ៍ ឬពេលបុណ្យទាន ក៏អាចលក់បានលើសពី ១០ម៉ឺនរៀលដែរ។ យ៉ាងណា លោក ប៉ូច ប៉ៃ ប្រាប់ថា  ការលក់នៅទីវាល វាមិនងាយ ស្រួលប៉ុន្មានទេ គេត្រូវស៊ូទ្រាំនឹងកម្ដៅថ្ងៃ ហើយរដូវនេះត្រូវគេចភ្លៀងជារើយៗផងដែរ៕


ផ្លែសេដា


មើមដំឡូងទៀន


ស្ករត្នោត





Tag:
 រុក្ខជាតិព្រៃ
  តំបន់អង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com