កីឡាជាតិ
ជាតិ
អត្ដពលិកទូកកម្ពុជា ឈ្នះមេដាយសំរឹទ្ធ២ ពីព្រឹត្តិការណ៍ទូកនាគ នៅរុស្ស៊ី
30, Jun 2024 , 3:29 pm        
រូបភាព
អត្ដពលិក និងប្រតិភូកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា រូបពីសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា
អត្ដពលិក និងប្រតិភូកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា រូបពីសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា
អត្ដពលិកទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានឈ្នះមេដាយសំរឹទ្ធ២ ពីព្រឹត្តិការណ៍ប្រណាំងទូកនាគអន្ដរជាតិ (International Dragon Boat Festival) ដែលត្រូវបានធ្វើនៅទីក្រុង Barnaul Altai Krai ប្រទេសរុស្ស៊ី។ មេដាយសំរឹទ្ធ២នេះ រកបានលើវិញ្ញាសាប្រណាំងទូកនាគចំណុះ ១២នាក់ ២០០ម៉ែត្រ និង ៥០០ម៉ែត្រ កាលពីថ្ងៃទី២៩-៣០ ខែមិថុនា ឆ្នាំ២០២៤។

 
កាលពីថ្ងៃទី២៩ ខែមិថុនា អត្ដពលិកទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានដណ្ដើមបានមេដាយសំរឹទ្ធ១ លើវិញ្ញាសាទូកនាគ ចំណុះ១២នាក់ ចម្ងាយ២០០ម៉ែត្រ។ លុះចូលដល់ ព្រឹកថ្ងៃទី៣០ ខែមិថុនា ក្រុមអត្ដពលិកទាំងនោះ រកបានមេដាយសំរឹទ្ធ១ បន្ថែមទៀត លើវិញ្ញាសាទូកនាគចំណុះ១២នាក់ ចម្ងាយ៥០០ម៉ែត្រ។ ដោយឡែក ក្រុមកីឡាករកម្ពុជាទាំងនោះ នៅប្រកួតមួយវិញ្ញាសាទៀត លើចម្ងាយ ១ ០០០ម៉ែត្រ។
 
លទ្ធផលនេះ លោក គង់ សុភាព គ្រូជំនួយជម្រើសជាតិទូកកានូ និងរ៉ូអ៊ីង ចាត់ទុកថាគុណផលកីឡាករកម្ពុជា មានការរីកចម្រើន ដោយសារពួកគេព្យាយាមហ្វឹកហាត់ ទៀងទាត់។
គ្រូជំនួយរូបនេះ បានប្រាប់សារព័ត៌មានថ្មីៗ តាមហ្វេសប៊ុកថា ឆ្លងកាត់តាមការហ្វឹកហាត់ជារៀងរាល់ថ្ងៃ និងធ្វើតេស្ដសមត្ថភាពកីឡាករ ជារៀងរាល់ខែ គុណផលរបស់អ្នកទាំងនោះ កើនឡើងល្អ ពីមួយកម្រិតទៅមួយកម្រិត។ គ្រូជំនួយរូបនេះ ជឿជាក់ថា កីឡាករកម្ពុជា នឹងដណ្ដើមបានមេដាយណាមួយ ពីព្រឹត្តិការណ៍អន្ដរជាតិនេះ។
 
«ខ្ញុំរំពឹងថា នឹងទទួលមេដាយ តែមិនដឹងមេដាយណាមួយទេ ប្រហែលជាមេដាយសំរឹទ្ធ។ ការធ្វើតេស្តកីឡាករ ខ្ញុំឃើញថាលទ្ធផលល្អ ឋិតក្នុងកម្រិតដណ្តើមមេដាយបាន។ យើង បានហ្វឹកហាត់ជាប្រចាំថ្ងៃ និងតេស្ដប្រចាំខែ ហើយលទ្ធផលល្អទៅៗ។»។ លោក គង់ សុភាព បាននិយាយដូច្នេះ។
 
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានបញ្ជូនប្រតិភូកីឡាទូក១៥នាក់ ចូលរួមប្រកួតព្រឹត្ដិការណ៍ប្រណាំងទូកនាគអន្ដរជាតិ នៅទីក្រុង Barnaul Altai Krai ប្រទេសរុស្ស៊ី។ ព្រឹត្តិការណ៍អន្ដរជាតិនេះ ចាប់ផ្តើម ពីថ្ងៃទី២៨-៣០ ខែមិថុនា ឆ្នាំ២០២៤៕

Tag:
 កីឡាទូកនាគ
  ទូកប្រពៃណី
© រក្សាសិទ្ធិដោយ thmeythmey.com