កីឡាជាតិ
ជាតិ
កម្ពុជា ស្ថិតនៅចំណាត់ថ្នាក់លេខ៧បណ្ដោះអាសន្ន ក្នុងព្រឹត្តិការណ៍ AUG លើកទី២១
30, Jun 2024 , 5:59 pm        
រូបភាព
អត្ដពលិកកម្ពុជា ទទួលមេដាយដាយ រូបពី អគ្គនាយកដ្ឋានកីឡា
អត្ដពលិកកម្ពុជា ទទួលមេដាយដាយ រូបពី អគ្គនាយកដ្ឋានកីឡា
គិតត្រឹមយប់ថ្ងៃទី២៩ ខែមិថុនា កម្ពុជា កំពុងស្ថិតនៅចំណាត់ថ្នាក់លេខ៧ ក្នុងចំណោមប្រទេសទាំង១១ ដែលប្រកួតក្នុងព្រឹត្តិការណ៍កីឡាសាកលវិទ្យាល័យអាស៊ាន លើកទី២១ (21st Asean University Games ឬ 21st AUG)។ ចំនួនមេដាយបណ្ដោះអាសន្ន កម្ពុជា រកបានចំនួន៤ ក្នុងនោះមាស១ ប្រាក់២ និងសំរឹទ្ធ១។ ព្រឹត្តិការណ៍នេះ ត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី២៥ ខែមិថុនា ដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤។

 
កម្ពុជា កំពុងស្ថិតនៅចំណាត់ថ្នាក់លេខ៧ បណ្ដោះអាសន្ន ក្នុងការប្រកួត 21st AUG ខណៈ ម្ចាស់ផ្ទះ ឥណ្ឌូណេស៊ី ឈរចំណាត់ថ្នាក់លេខ១ ដណ្ដើមបានមេដាយមាស៥៥ ប្រាក់៤២ និងសំរឹទ្ធ៣០។ រីឯ ចំណាត់ថ្នាក់លេខ២ ថៃ ដណ្ដើមបានមេដាយមាស១៦ ប្រាក់១៤ និងសំរឹទ្ធ៧ តាមពីក្រោយដោយ ម៉ាឡេស៊ី ចំណាត់ថ្នាក់លេខ៣ មេដាយមាស១១ ប្រាក់១៤ និងសំរឹទ្ធ១៩។ ចំណែក សិង្ហបុរី ឈរនៅចំណាត់ថ្នាក់លេខ៤ ឈ្នះមេដាយមាស៦ ប្រាក់១៦ និងសំរឹទ្ធ១៧ និងចំណាត់ថ្នាក់លេខ៥ វៀតណាម មេដាយមាស៤ និងសំរឹទ្ធ២។
 
ចំណាត់ថ្នាក់លេខ៦ ប្រទេសហ្វីលីពីន ដណ្ដើមបានមេដាយមាស២ ប្រាក់១ និងសំរឹទ្ធ១។ ឡាវ ស្ថិតនៅចំណាត់លេខ៨ តាមពីក្រោយដោយ ព្រុយណេ លេខ៩ ចំណែក មីយ៉ាន់ម៉ា ឈរនៅលេខ១០ និងលេខ១១ ប្រទេសទីម័រខាងកើត ដោយដណ្ដើមបានត្រឹមតែមេដាយសំរឹទ្ធ១។
 
មេដាយចំនួន ៤ដែលកម្ពុជា ដណ្ដើមបាននោះ គឺបានមកពីកីឡាប៉េតង់ និងយូដូ។ កាលពីថ្ងៃទី២៩ កីឡាករ កុយ សុភក្ដ្រា កីឡាករ ហេង ស៊ីណា និងកីឡាការិនី វណ្ណ ម៉ូលីកា ដណ្ដើម បានមេដាយប្រាក់ លើវិញ្ញាសាចម្រុះបុរស២ និងនារី១។ កាលពីល្ងាចថ្ងៃទី២៧ ខែមិថុនា អត្ដពលិកប៊ូល និងប៉េតង់កម្ពុជា២រូប ដណ្ដើមបានមេដាយមាស១ និងសំរឹទ្ធ១។ កីឡា ពុធយ៉ុន ច័ន្ទដារ៉ា ប្រកួតឈ្នះកីឡាករថៃ នៅវគ្គផ្ដាច់ព្រ័ត្រ ក្នុងលទ្ធផល ១៣ទល់៧ ដណ្ដើមបានមេដាយមាស លើវិញ្ញាសាឯកត្តជនបុរស។ នេះគឺជាមេដាយមាសដំបូងគេ ដែលកម្ពុជា ឈ្នះពីព្រឹត្តិការណ៍ 21st  AUG។
 
រីឯ កីឡាការិនី ហៀង វិជ្ជនី ធ្លាក់នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយចាញ់កីឡាការិនី ឥណ្ឌូនេស៊ី។ កីឡាការិនីកម្ពុជារូបនេះ បានឈ្នះកីឡាការិនីថៃ ក្នុងលទ្ធផល ៣៣ទល់២២ ក្នុងការដណ្ដើមេដាយសំរឹទ្ធ។
 
21st AUG មានប្រទេសចូលរួម១១ ក្នុងនោះមាន ឥណ្ឌូនេស៊ី ជាម្ចាស់ផ្ទះ, ព្រុយណេ, កម្ពុជា, ឡាវ, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, ហ្វីលីពីន, សិង្ហបុរី, ទីម័រខាងកើត និងវៀតណាម។ ព្រឹត្តិការណ៍នេះ ត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី២៥ ខែមិថុនា ដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤។ ឥណ្ឌូនេស៊ីជាម្ចាស់ផ្ទះ បានដាក់២១ប្រភេទកីឡា។ ដោយឡែក កម្ពុជា បានបញ្ជូនប្រតិភូកីឡាថ្នាក់ដឹកនាំ កីឡាករ-កីឡាការិនី គ្រូបង្វឹក សរុប ៤៥នាក់។ កម្ពុជា ប្រកួតលើ ៦ប្រភេទកីឡា មានដូចជា៖ កីឡាប៉េតង់, តេក្វាន់ដូ WT, ការ៉ាតេ, អត្ដពលកម្ម, ហែលទឹក និងយូដូ៕

Tag:
 21st AUG
  កីឡាសាកលវិទ្យាល័យអាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com