ជាតិ
វីដេអូ
អ្នកចិត្តសាស្រ្ត៖ សីលធម៌សង្គមធ្លាក់ចុះ ប៉ះពាល់ដល់ផ្លូវចិត្តពលរដ្ឋ...
30, Jun 2024 , 6:59 pm        
រូបភាព
លោក ហឿ សេធុល អ្នកប្រឹក្សាខាងសុខភាពផ្លូវចិត្ត
លោក ហឿ សេធុល អ្នកប្រឹក្សាខាងសុខភាពផ្លូវចិត្ត
ភ្នំពេញ៖ ការរស់នៅរបស់ពលរដ្ឋក្នុងសង្គមល្អ ឬមិនល្អ ពាក់ព័ន្ធនឹងសីលធម៌សង្គម។ កាលណាសង្គមមានសីលធម៌ល្អ ការរស់នៅរបស់ពលរដ្ឋនឹងមានភាពប្រសើរឡើង។ សម្រាប់នាពេលបច្ចុប្បន្ននេះ  លោក ហឿ សេធុល អ្នកប្រឹក្សាខាងសុខភាពផ្លូវចិត្ត បានសង្កេតឃើញថា សីលធម៌សង្គមកម្ពុជា កំពុងធ្លាក់ចុះខ្លាំង គួរឱ្យព្រួយបារម្ភ ដែលប៉ះពាល់ដល់ផ្លូវចិត្តពលរដ្ឋ។


 
សីលធម៌ ជាចំណុចសំខាន់ ដែលមនុស្សគ្រប់រូបត្រូវតែមាន។ ការតាំងចិត្តថា មិនធ្វើអំពើអាក្រក់ ឬមិនប្រព្រឹត្តទង្វើមិនគប្បីណាមួយ ដែលបង្កការឈឺចាប់ដល់អ្នកដទៃ ហៅថាសីលធម៌។ ដោយឡែក សីលធម៌សង្គម ក៏ពាក់ព័ន្ធនឹងសកម្មភាពរបស់មនុស្សរស់នៅក្នុងសង្គមដែរ។ សីលធម៌សង្គម ផ្ដោតលើការចេះអធ្យាស្រ័យគ្នា សាមគ្គីភាពក្នុងសង្គម ជាពិសេសរំលោភបំពានអ្នកដទៃ។ 
 
សីលធម៌របស់ពលរដ្ឋមួយចំនួន នៅក្នុងសង្គមកម្ពុជានាពេលបច្ចុប្បន្ននេះ ហាក់មិនសូវឱ្យតម្លៃជាតិសាសន៍ខ្លួន ងាយប្រតិកម្ម ឆាប់ខឹង និងមិនសូវចេះយោគយល់គ្នា។ ចំពោះបញ្ហាសីលធម៌សង្គមនេះ លោក ហឿ សេធុល អ្នកប្រឹក្សាខាងសុខភាពផ្លូវចិត្ត វាយតម្លៃថា សីលធម៌សង្គមបានធ្លាក់ចុះ។ 
 
«សម្រាប់ខ្ញុំ ជាអ្នកចិត្តសាស្រ្ត និងជាអ្នកធ្វើការងារសង្គមយូរមកហើយ ខ្ញុំហ៊ាននិយាយថា បរិបទសង្គមរបស់យើង ទាក់ទងសីលធម៌សង្គមរបស់យើងធ្លាក់ចុះខ្លាំង ស្ទើរតែនៅក្នុងកម្រិតមួយទាបបំផុត។ នេះជាចំណុចមួយដែលខ្ញុំមើលឃើញ»។ នេះជាការមើលឃើញរបស់អ្នកចិត្តសាស្រ្ត ហឿ សេធុល។
 
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញទស្សនាបទសម្ភាសរវាងអ្នកស្រី ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មានថ្មីៗ ជាមួយលោក ហឿ សេធុល អ្នកប្រឹក្សាខាងសុខភាពផ្លូវចិត្ត ដូចតទៅ៖
 
 
ការសង្កេតឃើញពីស្ថានភាពសីលធម៌សង្គមកម្ពុជានាពេលនេះ លោក ហឿ សេធុល បានធៀបនឹងប្រវិត្តសាស្រ្តរបស់កម្ពុជាមុនសម័យសង្រ្គាម ដែលប្រជាជនសម័យនោះភាពរួសរាយរាក់ទាក់ និងជាមនុស្សសន្តិភាពនិយម។ អ្នកចិត្តសាស្រ្តរូបនេះ បន្តដូច្នេះ៖«ប៉ុន្តែក្រោយឆ្លងកាត់សម័យសង្រ្គាមមក ក្នុងសម័យបច្ចុប្បន្ននេះ ប្រព័ន្ធអប់រំរបស់យើង នៅទន់ខ្សោយផង ដែលកត្តាទាំងអស់នោះ រួមចំណែកធ្វើឱ្យយើងមានវិបត្តិសង្គមកើតឡើង»។ 
 
បើតាមលោក ហឿ សេធុល បញ្ហាសីលធម៌សង្គម ក៏ជាផ្នែកមួយនៃវិបត្តិសង្គម ដែលធ្វើឱ្យចំណុចទាំងអស់ធ្លាក់ចុះ។ សីលធម៌សង្គមធ្លាក់ចុះ ពិតជាធ្វើឱ្យមានផលប៉ះពាល់ដល់សង្គម។ ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗលោក ហឿ សេធុល អ្នកប្រឹក្សាខាងសុខភាពផ្លូវចិត្ត ក៏បានលើកពីឧទាហរណ៍មួយចំនួននៅក្នុងសង្គម ដែលមនុស្សមិនចេះគោរពគ្នា មិនចេះស្រឡាញ់គ្នា មិនចេះអត់ឱនឱ្យគ្នា ជាសញ្ញានៃការធ្លាក់ចុះសីលធម៌សង្គម។
 
ជាមួយគ្នានេះ សីលធម៌សង្គមធ្លាក់ចុះ ពាក់ព័ន្ធនឹងផ្លូវចិត្តរបស់ពលរដ្ឋ។ ត្រង់ចំណុចនេះ លោក ហឿ សេធុល ពន្យល់បែបនេះ៖«នៅពេលដែលនិយាយពីកត្តាចិត្តសាស្រ្ត គឺនិយាយទាក់ទងនឹងអាកប្បកិរិយា ការគិត និងអារម្មណ៍។ វិបត្តិអាកប្បកិរិយា យើងមើលឃើញផ្ទាល់នៅក្នុងសង្គមរបស់យើង ដូចជាថ្មីៗនេះ មានវិវាទតិចតួចកើតឡើង ឈានដល់ការបាញ់ប្រហារ ដែលនេះ ស្ដែងចេញពីអាក្បកិរិយា»។ 
 
ចំពោះបញ្ហាទាំងនេះ ជាចំណុចដែលសង្គមជាតិទាំងមូលត្រូវយកចិត្តទុកដាក់។ មនុស្សមួយចំនួន នៅមិនអាចគ្រប់គ្រងចិត្ត ឬអារម្មណ៍របស់ខ្លួនបាននៅឡើយ ដែលជាហេតុបង្កឱ្យមានបញ្ហាផ្សេងៗ។ ជុំវិញការយកចិត្តទុកដាក់លើបញ្ហាគ្រប់គ្រងចិត្ត ឬផ្លូវចិត្តនេះ លោក ហឿ សេធុល បានផ្ដល់យោបល់ថា គួរចាប់តាំងពីក្មេងនៅតូច ក្នុងការអប់រំផ្លូវចិត្ត ជាពិសេសផ្ដើមចេញពីគ្រួសារ សាលារៀន និងមនុស្សនៅក្នុងសង្គម។ 
 
តើអ្នកណាខ្លះ អាចជួយកែខៃសីលធម៌សង្គមឡើងវិញ? លោក ហឿ សេធុល អ្នកប្រឹក្សាខាងសុខភាពផ្លូវចិត្ត លើកឡើងថា ពលរដ្ឋទាំងអស់គ្នា ជាកោសិកាសង្គម មានតួនាទី និងការទទួលខុសត្រូវ ក្នុងការចូលរួមកែលម្អសីលធម៌សង្គមឱ្យមានភាពល្អប្រសើរ។ លើសពីនេះ ការរួមចំណែករបស់ពលរដ្ឋ ត្រូវការការចូលរួមពីរដ្ឋាភិបាលផងដែរ៕ 

Tag:
 សីលធម៌សង្គម
  ផ្លូវចិត្ត
© រក្សាសិទ្ធិដោយ thmeythmey.com